អាជ្ញាធរ​នឹង​រុះរើ​លំនៅ​និង​សំណង់​ផ្សេងៗ​ចេញ​ពី​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រៀម​រុះរើ​សំណង់ ឬ​លំនៅឋាន និង​របង​បន្លា​លួស​ដែល​ប្រជាពលរដ្ឋ​បាន​សង់​នៅ​លើ​ដី​តំបន់​អនុក្រឹត្យ​លេខ ៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​ទុក​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ដែល​កន្លង​មក​ត្រូវ​បាន​កាប់​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ​ពី​ជន​ខិលខូច​មួយ​ចំនួន។

មន្ត្រី​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​សង់​លំនៅឋាន​ពិត​ប្រាកដ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​តុលា ថា អាជ្ញាធរ​នឹង​មាន​វិធានការ​រុះរើ​លំនៅឋាន និង​សំណង់​ផ្សេងៗ ដែល​សង់​នៅ​លើ​តំបន់​ដី​អនុក្រឹត្យ​លេខ ៧៦ រដ្ឋ​ហាមឃាត់​នៅ​ខែ​វិច្ឆិកា ខាង​មុខ ដើម្បី​រក្សា​តំបន់​នេះ​ទុក​សម្រាប់​រក្សា​ប្រភព​ទឹកសាប​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។

លោក​បន្ត​ថា ដី​តំបន់​អនុក្រឹត្យ​នេះ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​មាន​កម្មសិទ្ធិ​នោះ​ទេ។ ដូច្នេះ​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ដែល​មាន​មហិច្ឆតា​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​នេះ ត្រូវ​លះបង់​គំនិត​នេះ​ចោល ហើយ​ប្រគល់​ដី​តំបន់​នេះ​ជូន​រដ្ឋ​គ្រប់គ្រង​វិញ៖ «បើ​បង​ប្អូន​គ្មាន​ដី​សង់​ផ្ទះ​ពិតប្រាកដ​មែន ត្រូវ​ធ្វើ​លិខិត​តាម​រយៈ​ភូមិ​ឃុំ ឬ​សង្កាត់ ដាក់​ជូន​ខ្ញុំ​ពិនិត្យ និង​ដោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ ដោយ​អាជ្ញាធរ​នឹង​មាន​ចែក​ជូន​ស័ង្កសី​ជូន​គ្រួសារ​នីមួយៗ​ថែម​ទៀត។ ដី​ចែក​ជូន​នៅ​ស្រុក​ស្ទឹងហាវ ដែល​រដ្ឋ​ផ្ដល់​ដី​ជូន​ពលរដ្ឋ​នោះ គឺ​អាជ្ញាធរ​កំពុង​អភិវឌ្ឍន៍​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ភ្លើង ឬ​មន្ទីរពេទ្យ​បង្អែក​ជាដើម»

​បន្ថែម​លើ​នេះ លោក យន្ត មីន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​សង់​លំនៅឋាន​ពិតប្រាកដ ហើយ​បាន​ទៅ​ទន្ទ្រាន​កាប់​ព្រៃ​ដី​តំបន់​ក្បាលឆាយ ត្រូវ​ទៅ​ចុះ​ឈ្មោះ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ឬ​សង្កាត់ ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​កន្លះ​ហិកតារ​ក្នុង​មួយ​គ្រួសារៗ ដែល​អាជ្ញាធរ​ត្រៀម​ផ្តល់​ជូន​នៅ​ស្រុក​ស្ទឹងហាវ សម្រាប់​សង់​លំនៅឋាន​ជំនួស​វិញ។

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ មាន​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​រក្សា​ដី​អនុក្រឹត្យ​លេខ ៧៦ ដែល​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​ថែរក្សា​ប្រភព​ទឹក​ស្អាត​ឲ្យ​បាន​គងវង់៖ «សូម​ឲ្យ​បងប្អូន​រុះរើ​ចេញ​ពី​ដំ​តំបន់​អនុក្រឹត្យ​រដ្ឋ​ហាមឃាត់​លេខ ៧៦ ទៅ ព្រោះ​អនាគត​ដី​តំបន់​នេះ រដ្ឋ​មិន​អនុញ្ញាត​ឲ្យ​មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ​នៅ​ថ្ងៃ​អនាគត។ សូម​ស្នើ​ដល់​គ្រប់​ភាគី​ទាំង​មន្ត្រី​រាជការ ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ត្រូវ​ចូលរួម និង​គាំទ្រ​លើ​បញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​ក្នុង​សកម្មភាព​រុះរើ​នេះ»

​ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ថ្លែង​សាទរ​ចំពោះ​ចំណាត់​ការ​រឹប​អូស​ដី​អនុក្រឹត្យ​ពី​ឈ្មួញ ឬ​មន្ត្រី​មាន​អំណាច​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​អនុក្រឹត្យ​លេខ ៧៦ តំបន់​ក្បាលឆាយ​​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ត្រូវ​បែងចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី​សង់​លំនៅឋាន​ពិតប្រាកដ មុន​នឹង​សម្រេច​ឲ្យ​ពួកគេ​រុះរើ​ផ្ទះ​ចេញពី​ទីតាំង​ដី​អនុក្រឹត្យ​តំបន់​ក្បាលឆាយ។

លោក ប៊ួន ណារិទ្ធិ៖ «អាជ្ញាធរ​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បញ្ហា​រុះរើ​ផ្ទះ​ចេញ​ពី​ទីតាំង​ដី​អនុក្រឹត្យ​លេខ​៧៦ ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ដែល​ទៅ​តាំងទី​លំនៅ​ក្នុង​តំបន់​ក្បាលឆាយ​រដ្ឋ​ហាមឃាត់​ជាមុន។ យើង​ជា​សង្គម​ស៊ីវិល​គាំទ្រ​អាជ្ញាធរ​ខេត្ត ដែល​រៀបចំ​ចែក​ជូន​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ​ទៅ​តាំងទី​លំនៅ​អចិន្ត្រៃយ៍​នៅ​តំបន់​ក្បាលឆាយ​ជា​យូរ​មក​ហើយ ដែល​គ្មាន​ដី​សង់​លំនៅឋាន​ពិតប្រាកដ។ ប៉ុន្តែ​បើ​ឈ្មួញ និង​មន្ត្រី​មានអំណាច​ដែល​មាន​ដី​​ទំហំ​ធំធេង​នៅ​តំបន់​នោះ គឺ​គប្បី​រដ្ឋ​ដក​ហូត​មក​ទុកជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ គឺ​ជា​រឿង​ល្អ​បំផុត»

​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ បាន​ចេញ​អនុក្រឹត្យ​លេខ​៧៦ ដោយ​កំណត់​ហ៊ុមព័ទ្ធ​ដី​នៅ​តំបន់​នេះ​មាន​ទំហំ​ផ្ទៃដី​សរុប ៦.២០២​ហិកតារ ដោយ​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម​ឲ្យ​ថែរក្សា​ការពារ​ព្រៃ​ធម្មជាតិ និង​ដាំ​ឈើ​នៅ​តំបន់​នេះ​ឡើង​វិញ។

​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ក្នុង​ពិធី​ប្ដូរ​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី លោក យន្ត មីន ដាក់​ជំនួស​លោក ឈិត សុខុន ដែល​គ្រប់​អាយុ​ចូល​និវត្តន៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​រំលោភ​យក​ដី​ឆ្នេរ​សមុទ្រ រំលោភ​បឹង​ព្រែកទប់ និង​ដី​អនុក្រឹត្យ​លេខ​៧៦ ជាដើម ត្រូវ​ដក​ខ្លួន​ជាបន្ទាន់។ ជាង​នេះ លោក ស ខេង ក៏​បាន​ដាក់​បទបញ្ជា​ដល់​លោក យន្ត មីន ត្រូវ​បង្កើន​សកម្មភាព​ការពារ​ដី​អនុក្រឹត្យ​លេខ ៧៦ ឲ្យ​បាន​គងវង់ និង​ត្រូវ​ដក​ហូត​ដី​ទន្ទ្រាន​កាន់កាប់​នៅ​ពេល​កន្លងមក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។