ចោរ​ម្នាក់​ទៅប្តឹង​ប៉ូលិស​ដោយសារ​ខឹង​ម្ចាស់​ហាង​ដែល​ផ្សាយ​រូបថត​ខ្លួន​ជា​សាធារណៈ

ចោរ​ម្នា​ក់បាន​ដើរ​ចូលទៅ​ប៉ុស្តិ៍​ប៉ូលិស ប្តឹង​ថា ម្ចាស់​ហាង​ដែល​ខ្លួន​បាន​លួច​អីវ៉ាន់ បាន​បិទ​ផ្ទាំង​រូបភាព​ស្វែង​ចាប់​ខ្លួនគេ​នៅក្នុង​ហាង មិនតែប៉ុណ្ណោះ​រូបភាព​នោះ​ថែមទាំង​ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​សង្គម Facebook និង​សារព័ត៌មាន​ថែមទៀត។

ចោរ​វ័យក្មេង​អាយុ ២៣ ឆ្នាំ​ម្នាក់​ដែល​បាន​លួច​មេដែក​ដ៏​មានតម្លៃ​នៅក្នុង​ហាង​លក់​គ្រឿងអគ្គិសនី​មួយ​នៅ​ទីក្រុង Cambridge សហរដ្ឋអាមេរិក ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​សកម្មភាព​របស់ខ្លួន។ ពិតមែនតែ​ម្ចាស់​ហាង​បាន​បិទ​រូបថត​របស់​ចោរ​នេះ​មែន តែ​គេ​បាន​បិទមុខ​របស់​ចោរ ដើម្បី​ការពារ​អត្តសញ្ញាណ។ មានតែ​បុគ្គលិក​ក្នុង​ហាង​ប៉ុណ្ណោះ​ទើប​ស្គាល់​មុខមាត់​ពិតប្រាកដ​របស់​ជនល្មើស ដោយសារ​គេ​បានបង្ហាញ​រូបថត​ដែល​គ្មាន​ស្នាមគំនូស​បិទមុខ​ដល់​បុគ្គលិក​ទាំងអស់។

នៅ​ពីក្រោម​ផ្ទាំង​រូបនោះ មាន​សរសេរថា៖ « ចោរ​ម្នាក់នេះ​ត្រូវ​បុគ្គលិក​របស់​យើង​ចាប់បាន នៅពេលដែល​លួច​មេដែក​ដ៏​មានតម្លៃ​ពី​ក្នុង​ហាង។ សូមអ្នក​ដឹងថា គ្មាន​ចោរលួច​អីវ៉ាន់​ណា​ម្នាក់​គេចផុត​ពី​ក្រសែភ្នែក​បុគ្គលិក​យើង​ទេ »។

ផ្ទាំង​រូបភាព​ស្វែងរក​ចាប់ខ្លួន​នោះ​ត្រូវបាន​បង្ហោះ​លើ Facebook និង​បោះពុម្ពផ្សាយ​លើ​សារព័ត៌មាន​ក្នុងស្រុក។ ក្រោយមក ក្រុមគ្រួសារ​របស់​ជន​ល្មើស មិត្តភក្តិ ព្រមទាំង​ចៅហ្វាយនាយ​ចំណាំ​មុខ​បាន​ថា ជនល្មើស​នៅក្នុង​ការផ្សព្វផ្សាយ​នោះ​គឺជា Nicolas Allegretto ។ ចៅហ្វាយ​របស់ Nicolas ក៏បាន​បណ្តេញ​រូបគេ​ពី​ការងារ។

Nicolas ខឹងសម្បារ​ជាខ្លាំង បាន​ទៅរក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស តែ​ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួនភ្លាមៗទៅវិញ។ មុនពេល​ចាប់ខ្លួន Nicolas បាន​ប្រាប់​ប៉ូលិស​ថា៖ « ខ្ញុំ​ឃើញ​គេ​បង្ហោះ​ស្វែងរក​ចាប់ខ្លួន​ខ្ញុំ​នៅលើ​ទំព័រ​កាសែត និង Facebook ។ ក្រុមគ្រួសារ​ខ្ញុំ​ត្រូវ​រង​ទុក្ខ​ដោយសារតែ​រឿងនេះ។ ថៅកែ​ខ្ញុំ​បាន​និយាយថា គាត់​មិន​ទុកចិត្ត​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏ត្រូវ​បាត់បង់​ការងារ »។ តុលាការ​បាន​រកឃើញ​ថា យុវជន​នេះ​ពិតជា​បាន​លួច​អីវ៉ាន់​មែន ហើយ​បានធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង ៤០០ ដុល្លារ ។

ម្ចាស់​ហាង​បាន​និយាយថា៖ « ខ្ញុំ​គ្រាន់តែ​ផ្សព្វផ្សាយ​រូបនោះ​ដើម្បី​បំភ័យ​ចោរ​ទាំងឡាយ​ដែល​ចង់​លួច​អីវ៉ាន់​ក្នុង​ហាង​យើង​ប៉ុណ្ណោះ។ ខ្ញុំ​មិនមែន​ចង់​ចាប់ខ្លួន​ជន​នោះទេ។ ខ្ញុំ​មិន​ចង់​ជឿ​ទាល់តែសោះ​ថា ចោរ​នោះបាន​ទៅប្តឹង​ប៉ូលិស ហើយក៏​ត្រូវ​បែកការណ៍​អត្តសញ្ញាណ​របស់ខ្លួន។ ពិតជា​គួរ​ឲ្យ​អស់សំណើច​ណាស់ » ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​