សកម្មភាព​ជីក​រ៉ែ​មាស​និង​ផលិត​មាស​ខុស​ច្បាប់​កើត​មាន​ច្រើន​ឡើង​វិញ​នៅ​ខេត្ត​រតនគិរី

កន្លែង​ជីក​រ៉ែ​មាស និង​ផលិត​មាស​ខុស​ច្បាប់​នៅ​តំបន់​ព្រៃមាស ក្នុង​ខេត្ត​រតនគិរី កើត​មាន​ច្រើន​ឡើង​វិញ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ចាត់​វិធានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​កាល​ពី​ដើម​ឆ្នាំ​២០១៥។ មន្ត្រី​ឃ្លាំមើល​បរិស្ថាន​បារម្ភ​ពី​ការ​បំពុល​ទឹក​ដោយសារ​ជាតិ​គីមី​ដែល​អ្នក​ផលិត​មាស​នៅ​តំបន់​នោះ​បង្ហូរ​ចូល​ទៅ​អូរ​ធម្មជាតិ​ដែល​ពលរដ្ឋ​ប្រើប្រាស់។

កន្លែង​ជីក​រ៉ែ​មាស​អម​ដោយ​ឧបករណ៍​ផលិត​មាស​ប្រមាណ ៣០​កន្លែង​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ឡើង​វិញ​នៅ​ឯ​តំបន់​ព្រៃ​មាស ក្នុង​ឃុំ​បរខាំ ស្រុក​អូរយ៉ាដាវ។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី បាន​ទៅ​កាន់​តំបន់​នោះ​ប្រទះ​ឃើញ​កម្មករ​ខ្មែរ និង​វៀតណាម កំពុង​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​មាស ខ្លះ​កិន​រ៉ែ​មាស​ដើម្បី​ផលិត​មាស​ដោយ​ប្រើ​សារធាតុ​បារត​បំពុល​ចូល​ទៅ​ក្នុង​ទឹក​អូរ​ធម្មជាតិ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ពួក​អ្នក​ជីក​មាស​បាន​រត់​គេច​ខ្លួន​ខណៈ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចូល​ទៅ​ដល់​កន្លែង​ជីក​មាស​ដើម្បី​ថតរូប​ពី​សកម្មភាព​រុក​រក​រ៉ែ​ខុស​ច្បាប់​នេះ។ លោក​បន្ត​ថា ទឹក​អូរ​ធម្មជាតិ នៅ​តំបន់​នោះ​ត្រូវ​គេ​ទប់​ដើម្បី​យក​ទឹក​ប្រើប្រាស់​សម្រាប់​ការ​ផលិត​យក​មាស​ពី​រ៉ែ​ដែល​បាន​ជីក​ពី​ក្នុង​ដី​ហើយ​បង្ហូរ​កាក​សំណល់​ចូល​ទឹកអូរ៖ «»។

កាល​ពី​ដើម​ឆ្នាំ​២០១៥ អាជ្ញាធរ​ចម្រុះ​ខេត្ត​រតនគិរី បាន​ចុះ​បង្ក្រាប​កន្លែង​ជីក​រក​មាស​នៅ​តំបន់​ព្រៃ​មាស​នេះ និង​បាន​រក​ឃើញ​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍​ផលិត​មាស​ជាង ៣០​គ្រឿង ដែល​ក្រុម​អ្នក​ជីក​រ៉ែ​​មាស​យក​ទៅ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​មាស​ខុស​ច្បាប់។

ទាក់ទិន​ទៅ​នឹង​ការ​កើត​ឡើង​វិញ​នៃ​សកម្មភាព​ជីក​មាស​នេះ អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ជួប វណ្ណារ៉ាក់ ទទួល​ស្គាល់​ថា លោក​ក៏​បាន​ទទួល​ព័ត៌មាន​ពី​ការ​ក​កើត​ឡើង​វិញ​នៃ​ក្រុម​ជីក​មាស​ខុស​ច្បាប់​នេះ​ដូច​គ្នា។ លោក​ថា ជនជាតិ​វៀតណាម ដែល​ចូល​មក​ជីក​មាស​នេះ​សុទ្ធ​សឹង​ជា​អន្តោប្រវេសន៍​ខុស​ច្បាប់ ហេតុ​នេះ​សមត្ថកិច្ច​គ្រោង​ដាក់​ផែនការ​ចុះ​ទៅ​បង្ក្រាប​កន្លែង​នោះ​ជា​ថ្មី៖ «»។

ក្រសួង​រ៉ែ​និង​ថាមពល​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​សុំ​ច្បាប់​ស្ដីពី​សិប្បកម្ម​ខ្នាត​តូច និង​មធ្យម​ដើម្បី​ធានា​បាន​លក្ខណៈ​ស្រប​ច្បាប់​នៃ​ការ​ជីក​រក​រ៉ែ​មាស​ក្នុង​ដី។ ក៏ប៉ុន្តែ​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​តិចតួច​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​ទាក់ទិន​សិប្បកម្ម​រ៉ែ​មាស​នេះ។

អតីត​មន្ត្រី​បរិស្ថាន​នៃ​អង្គការ​ទន្លេ​បី លោក មៀច មាន អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចាត់​វិធានការ​លុបបំបាត់​កន្លែង​ផលិត​រ៉ែ​មាស​ដែល​មាន​ប្រើ​សារជាតិ​គីមី​ផលិត​មាស​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​នៅ​តំបន់​ខ្សែទឹក​ខាង​ក្រោម​អូរ​ធម្មជាតិ។ លោក​កត់សំគាល់​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​មើលស្រាល​មិន​ចាប់​អារម្មណ៍​ពី​ផល​ប៉ះពាល់​យូរ​អង្វែង​ដល់​ពលរដ្ឋ​ក្រោម​ឥទ្ធិពល​នៃ​ការ​ប្រើ​សារជាតិ​បារត ឬ​អាស៊ីដ​បន្សុទ្ធ​យក​មាស​នោះ​នៅ​ឡើយ៖ «»។

តំបន់​ព្រៃ​មាស​គឺ​ជា​តំបន់​មាន​រ៉ែ​មាស​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​រតនគិរី។ តំបន់​នេះ​ត្រូវ​បាន​គេ​ជីក​យក​មាស​អនាធិបតេយ្យ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​នោះ​ក៏​មាន​ជនជាតិ​វៀតណាម ជា​ក្រុមៗ​ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​ឆ្លងដែន​ខុសច្បាប់​មក​ជីក​យក​រ៉ែ​មាស​នៅ​តំបន់​នោះ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។