ហៅគេផឹកស្រា គេមិនផឹក ទាញពូថៅ កាប់គេមួយពូថៅ ចំក្បាលរងរបួសធ្ងន់

ក្រចេះ៖ នគរបាលស្រុកចិត្របុរី បានឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននរបាល ខេត្តក្រចេះពីបទហិង្សា ដោយចេតនា។ ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅភូមិល្អក់ ឃុំថ្មអណ្ដែត ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ស្រី ជាលី អធិការងស្រុកចិត្របុរី បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាន យ៉ែម ភេទប្រុស អាយុ៣៨ មុខរបរធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

លោកបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្យ័យឈ្មោះ សាន យ៉ែម បានកាន់ដបស្រា និងក្រូចថ្លុងមួយផ្លែ ទៅបបួលឈ្មោះ ជុំ ស្រាង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅផ្ទះក្បែរគ្នា ដើម្បីផឹកស៊ីជាមួយ ក៏ប៉ុន្តែជនរងគ្រោះមិនព្រមផឹកស៊ីជាមួយទេ ហើយជនសង្ស័យ បានជេរតិះដៀល ដោយពាក្យអសុរោះ ព្រមទាំងដាល់១ដៃ ចំមុខជនរងគ្រោះ។

នគរបាលបានឲ្យដឹងថា ក្រោយពីវាយជនរងគ្រោះ១ដៃហើយ ជនសង្ស័យមិនអស់កំហឹង ក៏ស្ទុះទៅទាញពូថៅ នៅក្រោមផ្ទះ ទៅកាប់លើជនរងគ្រោះចំក្បាល១ពូថៅ បណ្តាលឲ្យរងរបូសជាទម្ងន់ ហើយក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅ មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។

ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពរួច ប៉ូលិសស្រុកចិត្របុរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលថ្មអណ្តែក ធ្វើការឃាត់ខ្លួន ព្រមទាំងធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះ បណ្ដាលរបួសធ្ងន់ពិតប្រាកដមែន។

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿង ទៅសាលាដំបូងខេត្ត ដោយចោទប្រកាន់ ពីបទហិង្សាដោយចេតនា៕

ហៅគេផឹកស្រា គេមិនផឹក ទាញពូថៅ កាប់គេមួយពូថៅ ចំក្បាលរងរបួសធ្ងន់

ហៅគេផឹកស្រា គេមិនផឹក ទាញពូថៅ កាប់គេមួយពូថៅ ចំក្បាលរងរបួសធ្ងន់