ហេតុអ្វី​តួឯក​ស្រី «​វ​ណ្ណី​ដា​» មិន​បន្ត​ថត​រឿង​ថ្មី​

Sanofi

​តារា​ស្រី​សុភាពរាបសា និង មិន​ធ្លាប់​ប្រឡូក​ជាមួយ​ភាព​សិច​ស៊ី គឺ​ប្រាកដជា​មិនអាច​រំលង​ពី​អ្នកនាង អែ​ហ្វ តាក​សៈ​អន (Aff Taksaorn) ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​វ​ណ្ណី​ដា​ស្នេហ៍​បង​» (Wanida 2010) បានឡើយ​។ គួរបញ្ជាក់​ផងដែរ​ថា អ្នកនាង អែ​ហ្វ បាន​ប្រឡូក​ក្នុង​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ឆ្នាំ ២០០១ ដោយ​ចាប់ផ្តើម​សម្តែង​ភ្លាម​គឺ​អ្នកនាង​មានឱកាស​បាន​ចាប់​តំណែង​ជា​តួឯក​ស្រី​ភ្លាម តែ​នៅ​ឆ្នាំ ២០០៨ ទើប​អ្នកនាង​ចាប់ផ្តើម​ល្បី​ដោយសារ​រឿង «​អ្នកទោស​ស្នេហា​» (Jam Leuy Ruk) ដែល​សម្តែង​ជា​គូ​ជាមួយ​លោក លោក អាំ អា​ធិ​ឆាត (Aum Atichart)​។​



​បន្ទាប់ពី​ឃើញថា ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក អាំ អា​ធិ​ឆាត អាច​ទាក់ទាញ​ទស្សនិកជន​បាន​ច្រើន រឿង​បន្តបន្ទាប់​របស់​អ្នកនាង អែ​ហ្វ ច្រើនតែ​ថត​ជា​គូ​ជាមួយ​លោក អាំ អា​ធិ​ឆាត រហូត​ត្រូវបាន​ទស្សនិកជន​ចាប់​ផ្គូផ្គង​ពួកគេ​ទាំងពីរ​ឱ្យក្លាយ​ជាតា​រា​គូស្នេហ៍​។


​អ្វីដែល​ទស្សនិកជន​ស្មាន​មិន​ដល់ គឺ​បន្ទាប់ពី​អ្នកនាង អែ​ហ្វ បាន​រៀបការ​ជាមួយ​លោក សុង​ង្ក្រា​ន​( Songkran) ទាយាទ​មហាសេដ្ឋី និង ម្ចាស់​ទីកន្លែង​កម្សាន្ត Bonanza ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ថៃ អ្នកនាង​មិនបាន​បន្ត​ថត​ខ្សែភាពយន្ត​ទៀតឡើយ បើ​គិត​ទៅ រឿង​ចុងក្រោយ​របស់​អ្នកនាង​គឺ​នៅ​ឆ្នាំ ២០១២ មកដល់ពេលនេះ​គឺ​រយៈពេល ៣ ឆ្នាំ​ហើយ ដែល​អ្នកនាង​មិន​នាំ​អ្វី​ថ្មីៗ​ជូន​អ្នកគាំទ្រ​។



​អ្នកនាង អែ​ហ្វ បាន​បញ្ជាក់ថា អ្នកនាង​មិនមាន​បំណង​ចាក់​ចេញពី​សិល្បៈ​ទេ គ្រាន់តែ​ចង់​រៀបចំ​ជីវិត​គ្រួសារ​ឱ្យមាន​ភាពរលូន និង មើលថែ​កូន​ឱ្យ​រឹងមាំ​សិន​។ មាន​ប្រភពព័ត៌មាន​ខ្លះ​បានឱ្យដឹងថា ការដែល​អ្នកនាង អែ​ហ្វ មិន​វិល​មក​បន្ត​ការសម្តែង​ព្រោះ​ខ្លាចចិត្ត​គ្រួសារ​ខាង​ស្វាមី ព្រោះ​គ្រួសារ​ខាង​ប្រុស​ជា​ត្រកូល​អ្នក​ខ្ពង់ខ្ពស់​មាន​ទាំង​កេរ្តិ៍ឈ្មោះ និង ទាំង​ទ្រព្យសម្បត្តិ​។ សម្រាប់​ចំណុច​នេះ អ្នកនាង អែ​ហ្វ បាន​អះអាងថា ស្វាមី​អ្នកនាង​បាន​បើក​សិទ្ធិ​ឱ្យ​ភរិយា​ពេញទំហឹង តែ​បញ្ហា​គឺ​អ្នកនាង​ខ្លួនឯង​ចង់​មើលថែ​គ្រួសារ​ឱ្យ​រស់នៅ​ប្រកបដោយ​សុភមង្គល ហើយ​ម្យ៉ាងទៀត​ពេលនេះ អ្នកនាង​មានបំណង​ចង់បាន​កូន​ទី ២ ក្នុង​ឆ្នាំ ២០១៦​។​



អ្នកនាង អែ​ហ្វ បាន​សន្យាថា អ្នកនាង​នឹង​ព្យាយាម​វិល​មក​សម្តែង​វិញ​ដើម្បី​ផ្តល់​ភាព​រីករាយ​ដល់​អ្នកគាំទ្រ ប៉ុន្តែ​សម្រាប់​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ភាគ​គឺ​ប្រហែលជា​ត្រូវ​ផ្អាក​រយៈពេល​យូរ​ទៀត​ទម្រាំ​តែ​គម្រោង​មានគភ៌​ទី ២ បានសម្រេច​។ បច្ចុប្បន្ន សម្រាប់​ការងារ​ផ្សាយពាណិជ្ជកម្ម ចូលរួម​កម្មវិធី​បើកសម្ពោធ និង ថត​ខ្សែភាពយន្ត​ខ្នាត​ធំ គឺអាច​ឆ្លៀតពេល​មក​រួម​ការងារ​បាន​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)








Related