មនុស្ស​ជាង​៤​ពាន់​នាក់​ចូលរួម​កម្មវិធី​បាខេម​​​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន

បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល បុគ្គលិក​ក្រុមហ៊ុន និង​យុវជន​ស្ម័គ្រ​ចិត្ត បាន​រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​មួយ​ឈ្មោះ​ថា បាខេម (Barcamp) ដែល​គេ​ទទួល​ស្គាល់​ថា ជា​ព្រឹត្តិការណ៍​ពិភពលោក ដោយ​ផ្ដោត​លើ​ប្រធានបទ​ធំ គឺ​ការ​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​រយៈ​ពេល ២​ថ្ងៃ ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​ហៅ​ថា សាលា​តិចណូ។

មនុស្ស​ជាង ៤​ពាន់​នាក់ ភាគ​ច្រើន​ជា​យុវជន​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន បាន​ចាប់​អារម្មណ៍ និង​ចូលរួម​ក្នុង​កម្មវិធី​បាខេម ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​បាខេម លោក ជី សុផាត ថ្លែង​នៅ​ថ្ងៃ​ទី​២៤ តុលា ថា គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ ចង់​ឲ្យ​សាស្ត្រាចារ្យ​បុគ្គលិក​អង្គការ​ក្រុមហ៊ុន​ឯកជន យុវជន សិស្ស​និស្សិត​ទាំង​អស់​ដែល​ធ្វើការ និង​សិក្សា​ក្នុង​វិស័យ​ផ្សេងៗ​គ្នា បាន​មក​ជួបជុំ​គ្នា ហើយ​ចែក​រំលែក​នូវ​ជំនាញ និង​បទពិសោធន៍​រៀងៗ​ខ្លួន។

លោក​ថា សម្រាប់​កម្មវិធី​នៅ​ឆ្នាំ​នេះ បញ្ហា​បច្ចេកវិទ្យា​អាជីព​ការងារ រចនា​ច្នៃ​ប្រឌិត និង​សហគ្រិនភាព គឺ​ជា​ប្រធានបទ​តូចៗ ក្រោម​ប្រធានបទ​ធំ គឺ​ការ​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​អាស៊ាន៖ «ការ​ពិត​ទៅ​យើង​ព្យាយាម​យក​ជំនាញ​ផ្សេង​ទៀត ដែល​យើង​បាន​ដាក់​មាន​ប្រហែល​ជា​៤ ក្នុង​នោះ ៥​ទាំង​វប្បធម៌ មាន​ន័យ​ថា យើង​យក​បច្ចេកវិទ្យា សហគ្រិនភាព អាជីព​ការងារ​និង​ការ​ច្នៃ​ប្រឌិត។ យើង​អញ្ជើញ​វាគ្មិន​ទាំង​៤ ដែល​មាន​ជំនាញ​ទាំង​អស់​នេះ ដើម្បី​ឲ្យ​អ្នក​ចូលរួម​បាន​ទទួល​នូវ​ចំណេះ​ជំនាញ​ទាំង ៤ ឬ​បទពិសោធន៍​ទាំង​៤ ដើម្បី​ពង្រឹង​គាត់​ឲ្យ​ជំនាញ​គាត់​កាន់​តែ​ល្អ​ឡើង ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​សមាហរណកម្ម​អាស៊ាន​ខាង​មុខ​ហ្នឹង»

និស្សិត​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​យុវជន លោក លី ម៉េងគីម អាយុ ១៩​ឆ្នាំ ជា​និស្សិត​ផ្នែក​ព័ត៌មាន​វិទ្យា​នៃ​វិទ្យាស្ថាន​ស៊ីតិច បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​នេះ។ យុវជន​ដដែល​ថ្លែង​ថា បន្ទាប់​ពី​គាត់​បាន​ស្ដាប់​បទ​បង្ហាញ​របស់​អ្នក​ជំនាញ​គាត់​បាន​អភិវឌ្ឍ​ខ្លួន​ឯង​ច្រើន​ក្នុង​មុខវិជ្ជា​ដែល​ខ្លួន​កំពុង​រៀន៖ «ខ្ញុំ​ស្ដាប់​បាន​ត្រង់​ចំណុច​មួយ​ដែល​គាត់​លើក​ឡើង​ថា យើង​អ្នក I.T (អាយ.អី) ហ្នឹង ប៉ុន្តែ​នៅ​ពេល​យើង​ចេញ​ធ្វើ​ការ​មិនមែន​យើង​ចេញ​ធ្វើ​ការ​តែ អាយ.ធី មួយ​មុខ​ទេ យើង​ត្រូវ​ចេះ​ធ្វើការ​នៅ​ច្រើន​មុខវិជ្ជា​ទៀត។ ឧទាហរណ៍ ទំនាក់ទំនង​សាធារណៈ យើង​ត្រូវ​ចេះ​ទំនាក់ទំនង​គ្នា​ជា​ដើម។ ខាង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ផ្គួប​គ្នា​ជាមួយ​មុខ​វិជ្ជា​យើង»

ព្រឹត្តិការណ៍ បាខេម បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៨។ ព្រឹត្តិការណ៍​នេះ​គេ​តែង​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ក្រោម​ការ​ឧបត្ថម្ភ និង​សហការ​រួមគ្នា​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា យូ.អេស.អេ.អាយ.ឌី (USAID) ក្រសួង​អប់រំ អង្គការ​សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។