នៅ​ឆ្នាំ ២០២០ ពលរដ្ឋ​ចិន​គ្រប់រូប​នឹងមាន​ពិន្ទុ​ឥណទាន​ដែល​ផ្សារភ្ជាប់​នឹង​របៀប​រស់នៅ និង​ជំហរ​នយោបាយ

រដ្ឋាភិបាល​ចិន​ទើបតែ​ដាក់ចេញ​នូវ​ប្រព័ន្ធ​ពិន្ទុ​ឥណទាន​ជាស​កល ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​ពិន្ទុ​ឥណទាន​ទូទៅ។ ពិន្ទុ​ឥណទាន​នេះ​នឹង​ផ្សារភ្ជាប់​ទៅនឹង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​គោលជំហរ​នយោបាយ​រប​ស់​ពលរដ្ឋម្នាក់។ រាល់​សកម្មភាព​រស់នៅ​នឹង​ត្រូវគេ​កត់ត្រា និង​វាយតម្លៃ​ដាក់ពិន្ទុ ហើយ​នៅ​ឆ្នាំ ២០២០ ពិន្ទុ​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​ចាំបាច់​សម្រាប់​ពលរដ្ឋ​ចិន​គ្រប់រូប។

ជាទូទៅ ពិន្ទុ​ឥណទាន​គឺជា​ប្រព័ន្ធ​មួយ​សម្រាប់​កំណត់​ពី​លទ្ធភាព​របស់​បុគ្គលម្នាក់ៗក្នុងការ​ខ្ចីប្រាក់​ពី​ធនាគារ ដោយ​វាយតម្លៃ​លើ​ប្រវត្តិ​នៃ​កម្ចី​ប្រាក់ ប្រាក់ចំណូល អាយុ និង​ស្ថានភាព​គ្រួសារ។

បើតាម​គេហទំព័រ Financial Times ធនាគារកណ្តាល​ចិន​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន ៨ ដំណើរការ និង​ដក​ពិសោធ​ប្រព័ន្ធ​ដាក់ពិន្ទុ​ពលរដ្ឋ​ដ៏​ថ្មី​សន្លាង​នេះ​ជាបណ្តើរៗ ដើម្បី​បង្កើត​នូវ​គំរូ​ថ្នាក់ជាតិ​នៅ​ឆ្នាំ ២០២០ ។ ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ធនាគារ​ទាំងឡាយ​ធ្វើការ​វាយតម្លៃ​ងាយស្រួល​ជាង​មុន ថា​តើ​គេ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ជាមួយ​អតិថិជន​នោះ ឬ​អត់។ គួរ​បញ្ជាក់ថា សំណើសុំ​ពិន្ទុ​ឥណទាន​កាន់​តែមាន​តម្រូវការ​ខ្លាំងឡើងៗ នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ចិន​ដែល​កំពុងតែ​រីកចម្រើន​ខ្លាំង ជាពិសេស​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុងការ​ប្រើប្រាស់​ប័ណ្ណឥណទាន​ផ្ទាល់ខ្លួន និង​ប្រព័ន្ធ​បង់ប្រាក់​តាម​អ៊ី​ន​ធឺ​ណែ​ត។ សម្រាប់​ពេលនេះ ប្រមាណ ១/៣ នៃ​ពលរដ្ឋ​ចិន​មាន​ប័ណ្ណឥណទាន បើ​ធៀប​នឹង​កាលពី ៥ ឆ្នាំមុន មានតែ ១៥% ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពលរដ្ឋ​ចិន​ជាច្រើន​បាន​ផ្សព្វផ្សាយ​ពិន្ទុ​ឥណទាន​របស់ខ្លួន​លើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញថា ពួកគេ​អាច​សុំ​កម្ចី​ពី​ធនាគារ​យ៉ាង​ងាយស្រួល។

ក្រុមហ៊ុន Alibaba និង Tencent ដែលមាន​សកម្មភាព​លើ​គ្រប់​បណ្តាញ​សង្គម​ចិន ត្រូវ​ចូលរួម​យ៉ាងសកម្ម​ក្នុង​គម្រោង​នេះ។ បើ​យោងតាម​គេហទំព័រ Geek.com ក្រោម​ជំនួយ​គាំទ្រ​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​ដាក់ពិន្ទុ​ទាំងនេះ​មិន​ត្រឹមតែ​វាយតម្លៃ​ទៅលើ​ប្រវត្តិ​នៃ​កម្ចី និង​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ គឺ​មើល​ទៅលើ​ការបញ្ចេញ​មតិយោបល់​ផ្នែក​នយោបាយ​ផងដែរ។ បើសិនជា​បុគ្គល​ណា​ម្នា​ក់ប​ញេ្ច​ញ​មតិ​អវិជ្ជមាន ឬ​បញ្ចេញ​ទស្សនៈ​នយោបាយ​ដោយ​គ្មាន​ការអនុញ្ញាត ពិន្ទុ​ឥណទាន​របស់​បុគ្គល​នោះ​នឹង​ធ្លាក់ចុះ។ បើ​លើកឡើង​ពី​ប្រធានបទ​រសើប​ណាមួយ​ក៏​នឹងធ្វើ​ឲ្យ​ពិន្ទុ​ធ្លាក់ចុះ​ផងដែរ។

ម្យ៉ាងទៀត សកម្មភាពផ្សេងៗក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ក៏​នឹង​ជះឥទ្ធិពល​ដល់​ការដាក់​ពិន្ទុ​ឥណទាន​ដែរ ដូចជា​ការទិញ​ទំនិញ​ជាដើម។ ការទិញ​ទំនិញ​មួយចំនួន​នឹងធ្វើ​ឲ្យ​ពិន្ទុ​កើនឡើង តែ​ការទិញ​ហ្គែ​ម​តាម​អ៊ី​ន​ធឺ​ណែ​ត​នឹងធ្វើ​ឲ្យ​ពិន្ទុ​ធ្លាក់ចុះ។ ដោយហេតុថា រដ្ឋាភិបាល​ចិន​បានចាត់ទុក​ការលេង​ហ្គែ​ម​ជា​ឧបសគ្គ​នៃ​ផលិតកម្ម។ ដូច្នេះ អ្នក​ដែល​លេង​ហ្គែ​ម ត្រូវដាក់​ទណ្ឌកម្ម ដោយ​ផ្តល់​ផលវិបាក​ក្នុងការ​ស្នើសុំ​ឥណទាន។

តាមរយៈ​ប្រតិកម្ម​ទាំងនេះ រដ្ឋាភិបាល​ចិន​ធ្វើការ​គាបសង្កត់​ដោយស្ងាត់ៗលើ​ពលរដ្ឋ​របស់ខ្លួន ដោយ​ធ្វើ​ឲ្យ​ពួកគេ​យល់ថា មានតែ​របៀប​រស់នៅ​ដែល​ឆ្លើយតប​នឹង​គោលដៅ​របស់​គណបក្ស​ប៉ុណ្ណោះ ទើប​អាចជួយ​ពួកគេ​ស្នើសុំ​កម្ចី​ឥណទាន​បាន​ងាយស្រួល៕


បុព្វបុរស​ខ្មែរ​ដែល​សាងសង់​ប្រាសាទ​អង្គរ ពិសា«សម្លកកូរ»យក​ជា​កម្លាំង​ថាមពល​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​