គ.ជ.ប​បើក​វគ្គ​បណ្ដុះបណ្ដាល​ពី​នីតិវិធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ពី​ថ្ងៃ​២៦-២៧ តុលា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​នីតិវិធី​ចុះ​ឈ្មោះ​លើ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ដល់​បណ្ដា​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ទាំង​គ្រូ​បង្គោល គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល។

វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ២​ថ្ងៃ ចាប់​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​តុលា ខាង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ តុលា ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ផ្ដោត​សំខាន់​លើ​នីតិវិធី​ចុះ​ឈ្មោះ របៀប​ប្រើប្រាស់​កុំព្យូទ័រ និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី។ លោក​រំពឹង​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នឹង​ទទួល​បាន​ប្រសិទ្ធភាព ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​បាន​បញ្ចប់។

លោក ហង្ស ពុទ្ធា៖ «ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ជា​កំណែទម្រង់​មួយ ដូច្នេះ​ទាំង​នីតិវិធី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី វា​មិន​ដូច​អា​ចាស់​នោះ​ទេ យើង​រំពឹង​ថា អ្នក​ចូល​រួម​នឹង​យក​ទៅ​ប្រើប្រាស់ និង​បណ្ដុះបណ្ដាល​ឲ្យ​បាន​ត្រឹមត្រូវ»

​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី បាន​រៀបចំ​រួច​រាល់​ហើយ។ លោក​បញ្ជាក់​ដែរ​ថា ក្រោយ​វគ្គ​បណ្ដុះបណ្ដាល​នេះ គ.ជ.ប នឹង​រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ទូទាំង​ប្រទេស​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។