សម្តេចតេជោ ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​នឹងជួបគ្នា​នៅ​ប្រទេស​បារាំង​ឬ?

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើដំណើរទៅកាន់ប្រទេសបារាំង កាលពីដើមសប្តាហ៍មុន ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសបារាំងនៅយប់ ថ្ងៃទី២៤ ខែតុលានេះ ។ តើមេដឹកនាំទាំងពីរ អាចនឹងជួបគ្នានៅប្រទេសបារាំងដែរឬទេ?

រហូតមកដល់ពេលនេះ មិនទាន់មាននរណាហ៊ានអះអាងថា នឹងមានជំនួបរបស់មេដឹកនាំកំពូលទាំងពីរ នៅប្រទេសបារាំងនៅឡើយ ឬយ៉ាងណានោះទេ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា រហូតដល់ពេលនេះ លោកមិនទាន់ទទួលបានដំណឹងណាមួយ ដែលថា លោក សម រង្ស៊ី ដែលកំពុងមាន វត្តមានស្រាប់នៅប្រទេសបារាំងនោះ គ្រោងជួបជាមួយសម្តេច ហ៊ុន សែន នៅឡើយទេ ប៉ុន្តែលោកជឿថា វប្បធម៌សន្ទនារបស់ថ្នាក់ដឹកនាំទាំងពីរ គឺអាចទាក់ទង គ្នាបានគ្រប់ពេលវេលាតាមសារទូរស័ព្ទ។

លោក យ៉ែម បុញ្ញប្ញទ្ធិ បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល យ៉ាងដូច្នេះថា រហូតដល់ពេលនេះ ខ្ញុំមិនទាន់ទទួលព័ត៌មានពីឯកឧត្តម សម រង្ស៊ី ថាមានជំនួបជាមួយគ្នា គឺអត់មានទេ ក៏ប៉ុន្តែដូចខ្ញុំបានជំរាបជូន ជាហូរហែរមកហើយថា វប្បធម៌សន្ទនា គឺថ្នាក់ដឹកនាំកំពូលបក្សទាំងពីរអាច ទាក់ទងគ្នាតាមរយៈទូរស័ព្ទ តាមរយៈ Facebook និងតាមរយៈប្រព័ន្ធផ្សេងៗទៀត ដូច្នេះខ្ញុំអត់បានដឹងទេ រឿងទាំងអស់នេះ។

សូមជំរាបថា លោកប្រធាន សម រង្ស៊ី បានអញ្ជើញចាកចេញពីកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ដើម្បីជួបជាមួយសកម្មជន និងពលរដ្ឋខ្មែរ នៅប្រទេសបារាំងរយៈពេលប្រមាណ ៣-៤សប្តាហ៍។ ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីទៅបំពេញទស្សនកិច្ច ៣ថ្ងៃ នៅប្រទេសបារាំង ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥៕