តើ​តារា​ណាខ្លះ ដែល​ប្រសប់​សម្តែង​តួ​ឡប់ៗ ?

Sanofi

​គ្រប់​រសជាតិ​សម្តែង សើច យំ កើតទុក្ខ សប្បាយ ស្លូត កាច​ឆ្នាសឆ្នើម សុទ្ធតែជា​ទេពកោសល្យ​សម្តែង​ប្លែកៗ​របស់​តារា ដែល​នេះ​គឺជា​សិល្បៈ​សម្តែង​មួយ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន មិនតែប៉ុណ្ណោះ​ការសម្តែង​តួ​ឡប់ៗ ឆ្កួតៗ ដែលជា​ការសម្តែង​មួយ​អាច​ថា​ពិបាក​នោះ​ក៏មាន​តារា​ខ្លះ​អាច​សម្តែង​បាន​យ៉ាង​ប៉ិនប្រសប់ រហូតដល់​មានការ​កោតសរសើរ​ពី​មហាជន​ទៀតផង ។​ ​ចង់ដឹង​ទេ​ថា​តារា​សម្តែង​ល្បី​ណាខ្លះ​ដែល​ពូកែ​សម្តែង​តួ​ឡប់ៗ​…

១-​ប៉ែន ចំរុង​
​ ​លោក ប៉ែន ចំរុង គឺជា​តារា​សម្តែង​ដែលមាន​ទេពកោសល្យ​ម្នាក់ មិន​ថា​ជា​តួអង្គ​ប្រភេទ​ណា​ទេ​គឺ​លោក​សម្តែង​បាន​គ្រប់​រូបភាព​ហើយ​ថែមទាំង​ស័ក្តិសម​ទៀតផង ។ តួយ៉ាង​ដូចជា​ក្នុង​រឿង​«​នាយ​ឡប់​ជំពប់​ស្នេហ៍​»​ដែល​ចា​ក់ប​ញ្ជាំ​ង​កន្លងមក ប៉ែន ចំរុង សម្តែង​ជា​តួ​ឡប់ៗ ទស្សនិកជន​បាន​លាន់មាត់​ថា លោក​សម្តែង​បានល្អ រហូត​ត្រូវបាន​គេ​ដាក់​ងារ ចំរុង ថា​ជា​នាយ ឡប់ ទៀតផង មិនតែប៉ុណ្ណោះ​នៅមាន​រឿង​ជាច្រើន​ទៀត​ដែល ប៉ែន ចំរុង បាន​សម្តែង​ធ្វើជា​តួ​មិនសូវ​គ្រប់ទឹក​ដូចជា​រឿង​«​អាមោក​លក់​ម៉ាំ​» រឿង​«​អា​ព្រឿង​ងាប់​ហើយ​»​ជាដើម ។ ប៉ែន ចំរុង ត្រូវបាន​ចំអន់​ពី​មិត្តភក្តិ​ក្នុង​សិល្បៈ​ថា​ជា​តារា​សម្តែង​ស៊ី​នឹង​តួ​ឡប់ៗ ។​

២-​នី មុ​ល្លីកា​
​ ​ទោះបីជា​នាង​ស្ងប់ស្ងាត់​ក្នុង​អាជីព​សិល្បៈ​ក្រោយ​ការ​ប្តី និង បាន​ទៅ​រស់នៅ​ឯនាយសមុទ្រ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ទស្សនិកជន​នៅតែ​មិនអាច​បំភ្លេច​ពី​ទេពកោសល្យ​សម្តែង​របស់​នាង​បាន​នៅឡើយ ។ នាង កណ្តូប គឺជា​ឈ្មោះ​តួអង្គ​ដែល​នាង​សម្តែង​ក្នុង​រឿង​«​កុមារី ២៥ ឆ្នាំ​» ហើយ​រឿងនេះ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ទស្សនិកជន​ទៅលើ​ការសម្តែង​យ៉ាង​ក្រមិចក្រមើម ម្ញ៉ិកម្ញ៉ក់ ក្និកក្នក់​គួរឱ្យ​ក្នាញ់ របស់​នាង រហូត​ធ្វើ​ឱ្យគេ​សើច​មិនដឹង​ខ្លួន​ទៅនឹង​ពាក្យសម្តី​ម្ញ៉ែម្ញ៉​ដែល​នាង​និយាយ​ដូចជា​ថា «​ពូៗ កណ្តូប​ចង់​ញ៉ាំ​ហត់​ដក​ពូ​»​ជាដើម ហើយ​មកដល់ពេលនេះ ការធ្វើ​ត្រាប់​តាម​សំឡេង​នាង កណ្តូប ក៏​នៅតែ​ជា​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និក​ជន​នៅឡើយ ។​

៣-​សារាយ ស​ក្ខ​ណា​
​ ​កន្លងមក សារាយ ស​ក្ខ​ណា ក៏​មិនធម្មតា​ដែរ តួ​ស្លូត កាច​ឆ្នាស ខ្មោច ឈ្នានីស សុទ្ធតែ​នាង​សម្តែង​បាន​យ៉ាង​ងាយ រឿង​អី​ត្រឹម​តួ​ឡប់ៗ​នាង​សម្តែង​មិនបាន​នោះ​។​តាមរយៈ​រឿង​«​កុមារី ២៥ វគ្គ ២» ស្រី​ស្អាត សារាយ ស​ក្ខ​ណា សម្តែង​គ្មាន​ទាស់​ត្រង់ណា​ឡើយ ភាព​ក្រមិចក្រមើម ការនិយាយ​ជា​សំឡេង​រំ​អែរ​រំអួយ​មាន​លក្ខណៈ​ជា​ក្មេងស្រី និង ចរិត​ឫកពា គឺ​ធ្វើឱ្យ​ទស្សនិកជន​សើច​មិន​ស្ទើរ​ទេ ។ រីឯ​រឿង​«​ក្រឡ​អីហ្នឹង​!»​ទាំង​វគ្គ ១ និង វគ្គ ២ ឃើញថា​នាង​បញ្ចូល​តួ​បានល្អ​ណាស់ដែរ ទាំង​ការធ្វើ​មុខ​ធ្វើ​មាត់ និង ស្ទីល​លង​គឺ​គួរឱ្យ​ចង់​សើច​មែនទែន ។​

៤-​ដា​ញ់ មូល្លី​កា​
​ដា​ញ់ មូល្លី​កា គឺជា​តួ​សម្តែង​ស្រី​ម្នាក់​ល្បីល្បាញ​ខ្លាំង​ក្នុង​រឿង​«​ទុំ​ទាវ​»​កន្លងមក​គេ​ស្គាល់​តារា​សម្តែង​រូបនេះ​ក្នុង​តួ​បែប​ស្រគត់ស្រគំ កំសត់ ទឹកភ្នែក​ប៉ុណ្ណោះ ពេល​តម្រូវឱ្យ​នាង​សម្តែង​ជា​តួអង្គ​កាច​ឆ្នាសឆ្នើម ក៏​នាង​នៅតែ​សម្តែង​បានល្អ សូម្បីតែ​តួ​ឡប់ៗ​ក៏​នាង​អាចធ្វើ​បាន​យ៉ាង​ឥតខ្ចោះ​ផងដែរ ។ នាង កែវ ណា​ម៉ា ធីតា​មុខសេះ ជា​ឈ្មោះ​តួអង្គ​ដែល ដា​ញ់ មូល្លី​កា សម្តែង​ក្នុង​រឿង​ភាគនិទាន​បុរាណ​ខ្មែរ ។ ចំពោះ​ទេពកោសល្យ​សម្តែង​មាន​ឫកពា​ជា​សេះ​របស់​នាង​ពិតជា​ដូច និង ស័ក្តិសម​ខ្លាំងណាស់ រីឯ​ភាព​ក្រមិចក្រមើម ក្រឡា​លេង​បែប​ឡប់ៗ​របស់​នាង​ទៀតសោត​គឺ​កម្រ​មាន​អ្នកសិល្បៈ​ណា​ធ្វើ​បានដែរ ។


៥-​កែវ នីសា​
​តារា​សម្តែង​មាន​សម្រស់​ស្រស់ស្អាត កែវ នីសា ឯណេះ​ក៏​កូរ​មិន​អន់​ដែរ​តាមរយៈ​រឿង​ភាគ​មួយ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ដែល​នាង​សម្តែង​ជា​តួអង្គ​មាន​ចរិតលក្ខណៈ​ពីរបែប​គឺ​សុភាពជា​កូនអ្នកមាន និង មួយទៀត​ជា​ក្លែង​ធ្វើជា​អ្នកបម្រើ​ដែលមាន​ស្បែក​ខ្មៅ សក់ក្រញាញ់ ធ្មេញ​ស​ស្ញេញ ។ មើលទៅ​ការសម្តែង​របស់​នាង​ជា​តួ​ឡប់ៗ​ក្នុង​សាច់រឿង​គឺ រលៀម​ខ្លាំងណាស់ ទាំង​ទឹកមុខ កាយវិការ កូរ​គ្មាន​លស់​ពេល​ឡើយ​ដោយសារ​ចរិត​ឡប់ៗ​និយាយ​រដឺនៗ និង ការតុបតែង​ខ្លួន​បែប​អ្នក​ជនបទ​ទៀត​នោះ​រឹតតែ​ធ្វើឱ្យ​ការសម្តែង​របស់​នាង​ស័ក្តិសម​ទ្វេ ៕ អា​ទីល​

Related