ពន្យារកំណើត​ដោយ​ប្រើ​គម្រប​ក​ស្បូន​

Sanofi

​វិធី​ពន្យារកំណើត​ដោយ​ការប្រើ​គម្រប ដាក់​ក្នុង​ក​ស្បូន (Cervical Cap) ក៏​ជា​វិធីសាស្ត្រ​មួយ​ដែរ ក្នុងចំណោម​វិធីសាស្ត្រ​នៃ​ការ​ពន្យារកំណើត​តាម​វិធី​ផ្សេងៗ​ជាច្រើន​ដូចជា​ការប្រើ​កង​ដាក់​ក្នុង​ស្បូន កង​ដា​ក់ដៃ ថ្នាំ​ចាក់ ស្រោមអនាម័យ និង ថ្នាំលេប​ជាដើម ដែល​ស្ត្រី​ភាគច្រើន​តែង​និយម​ប្រើ ។

​វិធី​ប្រើ​គម្រប​គ្របក​មាត់ស្បូន​នេះ​ជា​វិធី​មួយ ដែល​អាច​បិទ​មាត់ក​ស្បូន និង រារាំង​មេជី​វិត​ឈ្មោល​មិន​ឱ្យទៅ​ជួប​ស៊ុត​ជីវិត​ញី​បាន​ដើម្បី​បង្ក កំណើត ។ ​ស្ត្រី​អាច​ប្រើ​វា​ឱ្យមាន​ប្រសិទ្ធ​ភាពល្អ​បំផុត​លុះណាតែ​គម្រប​នេះ​ត្រូវបាន​ដាក់ចូល​ទៅក្នុង​ទីតាំង​បាន​ត្រឹមត្រូវ និង គ្របក​ស្បូន​បាន​សមស្រប នៅ​មុនពេល​រួមភេទ​ដោយបាន​ប្រើ​ក្រែ​ម ឬ ចាហួយ​ប្រភេទ Spermicide បាន​ត្រឹមត្រូវ​ផងដែរ ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថាការប្រើ​វិធី​នេះ​ដើម្បី​ពន្យារ កំណើត​មិនអាច​ការពារ​អ្នក​ពី​ការឆ្លង​ជំងឺ​កាមរោគ និងជំងឺ​ឆ្លងតាម​ការរួម​ភេទ​ផ្សេងៗ​បានទេ។​


តើ​ការប្រើ​គម្រប​បែបនេះ​មាន​សុវត្ថិភាព​ប៉ុណ្ណា​ដែរ ?

ស្ត្រី​មួយចំនួន​យល់ថា​វា​មាន​ភាពងាយស្រួល ក៏ប៉ុន្តែ​ចំពោះ​ស្ត្រី​ខ្លះ​ក៏​យល់ថា​វា​លំបាក​ខ្លះៗ​ដែរ ហើយ​ការជ្រើសរើស​ប្រើ​វិធី​នេះ​មិន​សមស្រប ចំពោះ​ស្ត្រី​មួយចំនួន​ដែលមាន​បញ្ហា​អាល់​ឡែក​ហ្ស៊ី​នឹង​សារធាតុ​ស៊ី​លី​កូន​(​គម្រប​នេះ​) និង សារធាតុ Spermicide ទើប​សម្រាលកូន​រួច​កាលពី ១០ សបា្តហ៍​មុន មាន​ស្នាម​ដាច់ ឬ រលាត់​ត្រង់​បរិវេណ​ផ្លូវភេទ មាន​ជំងឺមហារីក​មាត់ស្បូន និង ដៃ​ស្បូន​មាន​ទ្រង់ទ្រាយ​សាច់ដុំ​ប្រដាប់ភេទ​ខុស​ប្រក្រតី​ដែល​ពិបាក​ក្នុងការ​ស៊ក​មាន​ជំងឺឆ្លង​ផ្សេងៗ នៅ​ប្រដាប់ភេទ ទើប​រម្លូតកូន​រួច​ថ្មីៗ និង ទើប​ធ្វើការ​វះកាត់​រួច​ជាដើម ។​


តើ​វា​មាន​ភាពងាយស្រួល​ដូចម្តេចខ្លះ​ពេល​ប្រើ​គម្រប​នេះ ?

– ងាយស្រួល​ដាក់​តាម​ខ្លួន ។​
– មិនមាន​ការ​ប៉ះ ឬ ទើសទាល់​ពី​ដៃគូ​ក្នុង ពេល​រួមភេទ ។​
– មិនមាន​ការអាក់ខាន​ដល់​ដំណើរការ​រួមភេទ ដោយ​អាចដាក់ ៦ ម៉ោង មុនពេល​រួមភេទ ។​
– មាន​ប្រសិទ្ធភាព​ការពារ​បាន​ភ្លាមៗ ។​
– មិន​ប៉ះពាល់​ដល់​លំនឹង​អ័រម៉ូន​របស់​ស្ត្រី​តាម​ធម្មជាតិ និង អាច​ប្រើ​បាន​ចំពោះ​ស្ត្រី​ដែល​ស្ថិតក្នុង​កំលុងពេល​បំបៅកូន​ដោយ​ទឹកដោះ ៕ សុផល​



Related