ប្រទេស​លោកខាងលិចមើលឃើញការគំរាមកំហែងនៃភាពចលាចលនៅក្នុងដំណើរផ្សងព្រេងរបស់រុស្ស៊ី

ប្រទេស​លោកខាងលិចមើលឃើញការគំរាមកំហែងនៃភាពចលាចលនៅក្នុងដំណើរផ្សងព្រេងរបស់រុស្ស៊ី

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជួប​ជាមួយ​ប្រធានាធិបតី​ស៊ីរី Bashar Assad នៅ​វិមាន​ក្រឹមឡាំង ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា ឆ្នាំ​២០១៥។​

ក្រុម​មន្រ្តី​ប្រទេស​លោក​ខាង​លិច មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ថា ​សកម្ម​ភាព​ដ៏​គឃ្លើន​របស់​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin នៅ​ជុំវិញ​ពិភពលោក​នឹង​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​នៅ​ទូទាំង​ពិភពលោក​ ហើយ​អាច​បណ្តាល​ឲ្យ​មាន​លទ្ធផល​មិន​ល្អក្នុងប្រទេស​របស់​លោក។ ​

ក្រុម​មន្រ្តី​ទាំង​នោះ​ជឿ​ជាក់​ថា​ គោល​ដៅ​ពិត​ប្រាកដ​របស់​លោក Putin នៅ​ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ពួក​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាម គឺដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​ត្រឡប់​ទៅកាន់​ឆាក​ពិភពលោក​វិញ។​ ក៏​ប៉ុន្តែ​ពួកគេភ័យ​ខ្លាច​ថា​លោក​ Putin ធ្វើដោយ​គ្មាន​ដោយ​គ្មាន​ផែនការ​ជាក់លាក់​ និង​មាន​ឆន្ទៈ​ក្នុង​ការភ្នាល់​ដើម្បី​ប្រយោជន៍​ណា​មួយ​ដែល​លោក​មើល​ឃើញ​ថា​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក។

មន្រ្តី​ម្នាក់​របស់​អង្គការ​អូតង់​ដែល​បាន​ប្រាប់​ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ៖ «​រុស្ស៊ី​កំពុងបង្កើន​ការការពារ ​ហើយ​មិន​អាច​ទស្សន៍​ទាយ​បាន‍»។

ការ​ព្រួយ​កង្វល់​បែប​នេះ​បាន​រីក​កាន់​តែ​ធំ​ឡើង ​ចាប់​តាំង​ពី​លោក Putin ​បាន​ស្នើ​ថា ​រុស្ស៊ីអាច​ពង្រីក​ការប្រយុទ្ធ​ប្រឆាំង​ក្រុម​នានា​ដូចជា ​រដ្ឋ​អ៊ីស្លាម​ហួស​ពី​ប្រទេស​ស៊ីរីទៀត។ លោក​បាន​កត់​សម្គាល់​ថា ស្ថាន​ភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​សារៈ​សំខាន់​បំផុត។​

​មន្រ្តី​សហរដ្ឋ​អាមេរិកម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ពី​ព្រោះ​គេ​មិន​អនុញ្ញាតិ​ឲ្យនិយាយ​បញ្ហា​នេះ​ជាសាធារណៈ។ ​លោក​និយាយ​ថា ៖ «​ប្រសិន​បើ​រុស្ស៊ី​ យល់​ឃើញ​ថា ​ការ​ផ្លាស់​ប្តូរ​សន្តិសុខ​ក្នុង​ប្រទេស​អាហ្វហ្គានី​ស្ថាន​កាន់​តែ​យ៉ាប់​យ៉ឺនឡើង ​ការ​ណ៍​នេះ​អាច​បង្កើន​ផល​ប្រយោជន៍​របស់គេ​ក្នុង​តំបន់​នោះ‍»។

​អតីត​មន្រ្តី​បាន​ជំរុ​ញ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន។ ​លោក John Herbstអតីត​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​គិតថា ការណ៍​នេះ​មិន​ទំនង​ថា​ លោក Putin ​នឹង​បញ្ជូន​កងទ័ព​រុស្ស៊ី​ត្រឡប់​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​វិញ ​ក៏​ប៉ុន្តែ លោក​អ្នក​មិន​អាច​បដិសេធ​បញ្ហា​នេះ​បាន​ទេ៕