ប៉ាឡេស្ទីន​សុំ​ឲ្យ​អាមេរិក​ជួយ​ស្ថាបនា​លក្ខន្តិកដើម​នៅ​ទីលាន​វិហារអ៊ីស្លាម​អាល់ អាក្សា

២ថ្ងៃ ក្រោយ​ពី​បាន​ទទួល​ជួប​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​មក លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​ទទួល​ជួប​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ្សកដានី​នា​ថ្ងៃ​សៅរ៍ ទី២៤ តុលា។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ឃ៊ែរី លោក​អាបាស់​បាន​ស្នើ​លោក​ឃ៊ែរី​ឲ្យ​ជួយ​អន្តរាគមន៍​ដើម្បី​រក្សា​ស្ថានភាពដើម​នៅ​ទីលាន​វិហារ​សាសនា​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរុយសាឡិម​ខាង​កើត។ បន្ទាប់​ពី​ជួប​លោក​អាបាស់ លោក​ឃ៊ែរី​ក៏​បាន​ជួប​សន្ទនា​ជា​មួយ​ស្តេច​ហ្សកដានី​អាប់ដាឡា​ទី២ ដែរ។