ប៉ូលិស​សេដ្ឋកិច្ច​បង្ក្រាប​រោង​សិប្បកម្ម​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់ ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​ដោះ​លែង​ម្ចាស់​ទីតាំង និង​ជាងឈើ

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​មានការ​ចូលរួម​ពី​ស្ថាប័ន​តុលាការ​ផង​នោះ បាន​ធ្វើការ​ចុះ​បង្ក្រាប​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​មួយ​កន្លែង ដែល​ម្ចាស់​ទីតាំង​បាន​លួច​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​នៅ​កណ្តាល​ក្រុង​សៀមរាប​ជា​យូរ​ឆ្នាំ​មក​ហើយ តែ​ម្ចាស់​សិប្បកម្ម និង​ជាងឈើ​ត្រូវ​បាន​ដោះ​លែង​តាម​បញ្ជា​របស់​លោក កើត វណ្ណ​រ៉េ​ត ព្រះ​រាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត ។

ហេតុការណ៍​ចុះ​បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​នេះ​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃត្រង់​រហូត​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៤ តុលា ២០១៥ នៅ​ចំណុច​ខាងក្រោយ​ផ្សា​រលើ​ធំ​ថ្មី ស្ថិត​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែល​ជា​អ្នកដឹកនាំ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នេះ​បានឱ្យ​ដឹង​ថា ដោយ​មានការ​សហការ​ជាមួយ​អ្នក​សារព័ត៌មាន ទើប​កម្លាំង​ជំនាញ​ធ្វើការ​ឡោម​​ព័ទ្ធ​រួច​ចូល​ឆែកឆេរ​តែ​ម្តង រក​ឃើញ​ឈើ​ប្រណីត​ជា​ច្រើន​ម៉ែត្រគូប​ផង​ដែរ ។ ក្រោយ​ពី​ឆែកឆេរ​រក​ឃើញ​ឈើ​ប្រណីត​ហើយ លោក​ក៏​បាន​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​ព្រះ​រាជអាជ្ញា ដើម្បី​រង់ចាំ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចូលរួម ប៉ុន្តែ​ក្រោយ​ពី​ទូរស័ព្ទ​រហូត​ដល់​ទៅ​៣​ម៉ោង ទើប​ឃើញ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​មក ។

លោក​អនុសេនីយ៍ឯក សឿ​ន សេន ឱ្យ​ដឹង​ទៀត​ថា ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​ឈើ​ជា​ជនជាតិ​វៀតណាម​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​​ទីតាំង​រោង​សិប្ប​កម្ម​នោះ​មាន​៤​នាក់​គឺ ១-​ឈ្មោះ TRAN VAN CUONG ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម ​ជា​ម្ចាស់​ទីតាំង​ កាន់​លិខិតឆ្លងដែន​លេខ B.6283653 ចុះ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១២ ផុតកំណត់​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២ មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​, ២-​ឈ្មោះ CHU VAN HANH ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ កាន់​លិខិតឆ្លងដែន​លេខ B.9776859 ចុះ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៥ ផុតកំណត់​ថ្ងៃ​ទី​២ ខែមីនា​ ឆ្នាំ​២០២៥, ៣-​ឈ្មោះ ដាំង ថាំង​យី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ មាន​បង្កាន់ដៃ​ត្រួតពិនិត្យ​ចេញ​ដោយ​ក្រុមការងារ​អន្តោប្រវេសន៍ ។ អ្នក​ទាំង​៣​នាក់​រស់នៅ​ក្នុង​រោង​សិប្បកម្ម​ខាងលើ និង ៤-​ឈ្មោះ បួ​យ វ៉ា​ន់​គី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាន​ជាតិ​វៀតណាម មុខរបរ​ជាងឈើ មាន​តែ​បង្កាន់ដៃ​សម្រាប់​ទៅ​ប្តូរ​យក​វី​សា ស្នាក់​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។

លោក​បន្ថែម​ថា ឈើ​ប្រណីត​ព្រមទាំង​របស់​កែ​ច្នៃ​មិន​ទាន់​សម្រេច​ដែល​គេ​យក​មក​ជួល​ឱ្យធ្វើ​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​លោក​ប្រគល់​ឱ្យទៅ​មេព្រៃ​ចាត់ការ​បន្ត ចំណែក​ម្ចាស់​ទីតាំង និង​ជាងឈើ​ទាំង​៤​នាក់​ត្រូវ​បាន​ដោះ​លែង​តាម​បញ្ជា​របស់​លោក កើត វណ្ណ​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​«​កោះសន្តិភាព​»​ដឹង​នៅ​កន្លែង​កើតហេតុ​នា​ល្ងាច​ថ្ងៃ​ទី​២៤​តុលា​ថា ឈើ​ប្រណីត និង​គ្រឿង​សង្ហា​រឹម​ដែល​ដកហូត​បាន​ក្នុង​សិប្បកម្ម​ទាំងអស់​មាន ឈើ​ប្រណីត​ប្រភេទ​ធ្នង់​១៨១​សន្លឹក ស្មើនឹង​១,៥២៤​ម៉ែត្រគូប​, ឈើ​ប្រណីត​ប្រភេទ​កកោះ​៣៤​សន្លឹក ស្មើនឹង​០,១៣៨​ម៉ែត្រគូប និង​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​ទៀត ។ ឈើ​ដែល​បង្ក្រាប​បាន​ទាំងអស់​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ បន្ទាយស្រី​(​ក្នុង​ស្នាក់​ការ​ព្រះ​ដាក់​) ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់រដ្ឋបាល​ព្រៃឈើ ។

គួរ​រំលឹក​ផង​ដែរ​ថា កន្លង​មក​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​បទល្មើស​តែងតែ​ត្អូញត្អែរ​ថា ក្នុង​ការ​បង្ក្រាប​បទល្មើស​ម្តង​ៗ​ហៅ​ទៅ​ខាង​ជំនាញ​តែងតែ​ឆ្លើយ​មក​វិញ​ថា ជាប់រវល់​ទៅ​នេះ​ទៅ​នោះ ឬ​ឆ្លើយ​ថា​មិន​ស្គាល់​ទីតាំង លុះដល់​ខាង​ស្ថាប័ន​តុលាការ​ទូរស័ព្ទ​ហៅ ទើប​ចុះ​មក​ដល់ទី​តាំងធ្វើ​ជា​ស្គាល់ ហាក់បីដូចជា​មិន​ចង់​សហការ​ជាមួយ​សមត្ថកិច្ច ឬ​សារព័ត៌មាន​ឡើយ ប្រហែលជា​មាន​អ្វី​លាក់បាំង​ហើយ ទើប​ពេល​ធ្វើ​សកម្មភាព​បង្ក្រាប​ម្តង​ៗ​ដូច​អូស​ឬ​ស្សី​បញ្ច្រាស់​ចុង​បែប​នេះ ៕