ខ្ញុំត្រូវ​តែ​ចាកចេញ ព្រោះ​ទ្រាំ​មិនបាន​នឹង​ការប្រមាថ​របស់​បងថ្លៃ​

Sanofi

​ចូលខ្លួន​មក​រស់នៅ​ជាមួយ​គ្រួសារ​ខាង​ភរិយា ខ្ញុំបាទ​មាន​អារម្មណ៍​ថា ខ្លួនឯង​កំពុងតែ​ធ្លាក់​នរក​ទាំង​រស់ ព្រោះ​អ្វីដែល​ខ្ញុំបាទ​បាន និង កំពុងតែជួបប្រទះ​គឺ​ពិតជា​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំងណាស់ រហូត​ពិបាក​នឹង​ទ្រាំ​បាន​នោះ គឺ​បញ្ហា​វណ្ណៈ​គ្រួសារ​នេះ​តែម្តង ។ ខ្ញុំបាទ​គឺជា​កូន​អ្នកចម្ការ​រស់នៅក្នុង​ជីវភាព​មធ្យម ចំណែកឯ​ភរិយា​របស់ខ្ញុំ​បាទ​ជា​កូនស្រី​អ្នកជំនួញ​មានទ្រព្យ​ស្តុក​ម្នាក់​រស់នៅ​ទីក្រុង​ភ្នំពេញ ។ អាពាហ៍ពិពាហ៍​ខុស​វណ្ណៈ​នេះ​ផ្តើមឡើង​ពី​និស្ស័យ​រួម​នឹង​ក្តី​ស្រឡាញ់​ស្មោះ​ដែល​ពួកយើង​មាន​ចំពោះ​គ្នា​ទៅវិញទៅមក ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ។

ភាពចាស់ទុំ​នៃ​ចិត្តគំនិត​មុន​វ័យ​ក្នុង​រយៈពេល​បួន​ឆ្នាំ​នៃ​ការសិក្សា​នៅ​មហាវិទ្យាល័យ​ជាមួយគ្នា គឺជា​ពេលវេលា​សមស្រប​ក្នុងការ​បណ្តុះ​មនោសញ្ចេតនា​រវាង​យើង​ទាំងពីរ​ឱ្យ​សម្រេចចិត្ត​យក​ផ្លូវ​ដើរ​រួមមួយ​ដែល​គ្មាន​នរណាម្នាក់​អាច​ផ្លាស់ប្តូរ​បាន​នោះ គឺ​ពួកយើង​មិនអាច​រស់​ខ្វះ​គ្នា​បានឡើយ បើ​មិនបាន​ជួបគ្នា​ជា​គូ​ទេ សេចក្តីស្លាប់​គឺជា​ជម្រើស​ចុងក្រោយ ។ ការប្រកាន់​ខ្ជាប់​នៅលើ​គោលជំហរ​ដូចនេះហើយ​ទើប​ធ្វើឱ្យ​ខ្ញុំបាទ និង នាង​មានឱកាស​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​តាម​ទំនៀមទម្លាប់​ប្រពៃណី ។​ ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ខុស​វណ្ណៈ​នេះ ខ្ញុំបាទ​ត្រៀម​ចិត្ត​រួចជាស្រេច​ថា​នឹង​ទទួលយក​ផលវិបាក​គ្រប់បែបយ៉ាង​ដែល​នឹង​កើតមាន​ចំពោះមុខ ព្រោះ​គ្រួសារ​ខាង​ភរិយា​របស់ខ្ញុំ​សុទ្ធតែជា​មនុស្ស​ប្រកាន់វណ្ណៈ និង ពុំ​ពេញ​ចិត្តនឹង​ខ្ញុំ​ឡើយ ។

មែន ! រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ស្តាប់​ពាក្យ​ជេរ​ដៀមដាម​ពី​បងថ្លៃ​ស្រី​នូវ​ពាក្យ​អសុរោះ​ជា ច្រើន​ដូចជា «​អា​សត្វ​ប្រឡាំងកាស​» «​អា​គីង្គក់​ចង់ស៊ី​សាច់​ក្ងាន​» «​អា​ហុត​ទឹក សម្លឹង​កាក​» «​អា​រស់​ព្រោះ​តោង​ស្រី​» «​អា​គ្មាន​កំណើត​» «​អា​ញី​» ជាដើម ថែមទាំង​ជេរប្រមាថ​ភរិយា​ខ្ញុំ​ផងដែរ ដូចជា «​មី​ឈាមថោក​» «​មី​កំពូជ​ទា​» «​មី​អត់​កំណើត​» «​មី​ខ្វះ​ប្តី​» ដែល​សុទ្ធតែ​ពាក្យ​អសីលធម៌​ពិបាក​នឹង​ទទួលយក ។​ ​មួយឆ្នាំ​ហើយ​ដែល​ខ្ញុំបាទ​ទ្រាំ​រស់នៅក្នុង​ទ្រនំ​អពមង្គល​មួយ​នេះ ។ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ភរិយា​ពី​រឿង​សុំ​បែក​ផ្ទះ តែ​ម្តាយ និង បងស្រី​នាង​ជំទាស់​ដាច់អហង្ការ​មិនឱ្យ​ភរិយា​ខ្ញុំ​ទៅណា​ឡើយ ខ្លាច​ខ្ញុំបាទ​ធ្វើបាប​នាង​ដោយ​ប្រការ​ណាមួយ តែបើ​ខ្ញុំ​ទៅ​តែឯង ពួកគាត់​បើកទ្វារ ២៤ ម៉ោង ។

ចំពោះ​ឪពុកក្មេក​របស់ខ្ញុំ​វិញ គាត់​ជា​មនុស្ស​មានគុណ​ធម៌​ម្នាក់​ដែរ គាត់​តែងតែ​ផ្សះផ្សា​ទាំងសងខាង តែ​ពុំបាន​ផល​ឡើយ ។ មាន​ថ្ងៃមួយ​ខ្ញុំបាទ​បាន​ឡើង​ឋានៈ​នៅ​ក្រុមហ៊ុន​ជា​ប្រធាន​ទីផ្សារ ខ្ញុំ​ក៏បាន​យក​ដំណឹង​នេះ​មក​ប្រាប់​ភរិយា​ដែល​គ្រានោះ​អ្នកផ្ទះ​ទាំងអស់​នៅ​ជុំគ្នា ។ ពេលនោះ​បងថ្លៃ​របស់ខ្ញុំ​ពេបមាត់​មួយ​ច​ង្អា​ម ហើយ​បោះពាក្យ​មាក់ងាយ​ខ្ញុំ​ថា «​អា​អ្នកស្រែ​ឈាមថោក ម៉ែឪ​អត់​ចេះ​ប្រដៅ​ឱ្យ​ស្គាល់​ទាប​ខ្ពស់ បង្រៀន​កូន​ឱ្យ​តោង​ស្រី​រស់​កោតតែ​អាណា​លើក​ឱ្យធ្វើ​ធំ​កើត ប្រហែលជា​ខ្វាក់ភ្នែក​ហើយ សាច់ឈាម​នេះ​ណា​បើ​ទៅធ្វើ​ស្រែ​ទើប​វា​សម​ជាង !» ។ ខ្ញុំបាទ​ចាប់ផ្តើម​ក្តៅស្លឹកត្រចៀក​ង៉ឺ​ង ដែល​កន្លងមក​ពុំ​ធ្លាប់ ព្រោះនេះ​គឺជា​ការ​មាក់ងាយ​ហួសពេក គឺ​មាក់ងាយ​ដល់​អ្នកមានគុណ​របស់​ខ្ញុំ​ក៏ដូចជា​អ្នកស្រែ​ទាំងឡាយ​ផងដែរ ដូច្នេះ​ខ្ញុំបាទ​ត្រូវតែ​សង​ទៅវិញ​ដើម្បី​រក​យុត្តិធម៌​សម្រាប់​ខ្លួនឯង​ខ្លះ ។

ខ្ញុំបាទ​លើកដៃ​ចង្អុល​ទៅ​បងថ្លៃ​ដោយ​បោះសម្តី​មុត​ដូច​កាំបិត​ជាច្រើន​ឃ្លា តែ​អ្វីដែល​ខ្ញុំបាទ​សង្កត់ធ្ងន់​នោះ​គឺ «​ខ្ញុំ​ជា​កូន​អ្នកស្រែ​រស់នៅ​ដោយ​មោទកភាព​ពឹង​លើ​សមត្ថភាព​ខ្លួនឯង​កសាង​ចំណេះដឹង​ពង្រឹង​សីលធម៌​រស់នៅ​ឱ្យ​សមជា​មនុស្ស​ខុសពី​មនុស្ស​មួយចំនួន​ដែល​កើត​មកលើ​គំនរ​ទ្រព្យសម្បត្តិ ដែល​ឪពុកម្តាយ​មាន​ស្រាប់ ខ្វះ​ការតស៊ូ យក​ទ្រព្យសម្បត្តិ​របស់​ឪពុកម្តាយ​ធ្វើជា​ឈ្នាន់​សម្រាប់​ជាន់​គេឯង ។ តើ​នាង​មាន​អ្វី​អស្ចារ្យ ? បើ​នាង​គ្មាន​អ្នកស្រែ​ទេ តើ​នាង​មាន​បាយ​ស៊ី​ដើម្បី​បាន​រស់​បើក​មាត់​ជេរ​គេឯង​ទេ ? បើ​គ្មាន​ទ្រព្យ​ឪពុកម្តាយ​ទេ មនុស្ស​ដូចជា​ពួកនាង​នេះ​គឺ​អន់​ជាង​សំរាម និង ថោក​ជាង​ជន បាត​ផ្សារ បាត​សង្គម​ទៅទៀត !» ។ បងថ្លៃ​ខ្ញុំ​ស្ទុះ​មក​ទះកំផ្លៀង​ខ្ញុំ​មួយ​ដៃ ភរិយា​ខ្ញុំបាទ​ក៏​ប្រញាប់​ធ្វើ​អន្តរា​គម៍​ដោយ​អូស​ចូល​បន្ទប់ ។

ល្ងាច​ឡើង​ខ្ញុំ​រៀបចំ​ខោអាវ​ចាក​ចេញពីផ្ទះ​នេះ ទោះជា​ប្រពន្ធ​ខ្ញុំ​យំ​អង្វរ​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំបាទ​មិនអាច​ទ្រាំ​រស់ក្នុង​ផ្ទះ​នេះ​បាន​ទៀត​ដែរ លុះត្រាតែ​ភរិយា​របស់ខ្ញុំ​ព្រម​ទៅតាម​ខ្ញុំ ទើប​ពួកយើង​អាច​បន្ត​សម្ព័ន្ធ​ប្តី​ប្រពន្ធ​ទៅទៀត បើ​មិន​ដូច្នេះ​ទេញ​ក្យ​ថា «​ចែកផ្លូវ​គ្នា​» នៅតែ​ជា​ជម្រើស​ចុងក្រោយ​របស់ខ្ញុំ​ដដែល ។ ​តើ​ការសម្រេចចិត្ត​របស់ខ្ញុំ​បាទ​ខុស​ដែរ​ទេ ? តើ​ខ្ញុំបាទ​គួរ​ធ្វើយ៉ាងណា ?

ជូន​ចំ​ញេះ​បុរស​មាន​វិបត្តិ​

​ការសម្រេចចិត្ត​របស់​លោក​ក្នុង​រឿងនេះ «​ប្រជាប្រិយ​»​មើលឃើញថា ជា​ជម្រើស​មួយ​សមស្រប​ក្នុងនាម​ជា​បុរស​ម្នាក់​ដែលមាន​ជីវិតរ​ស់ត្រូវ​ពឹង​លើ​សមត្ថភាព​ផ្ទាល់ខ្លួន​ល្អប្រសើរ​ជាង​ការរស់នៅ​លើ​ទ្រនំ​មួយ​ដែល​ត្រូវ​ទទួលរង​នូវ​ការ​មាក់ងាយ​មើលថោក​ដល់​ពូជ​គ្រប់ពេលវេលា​ដូច្នេះ ។ នេះ​គឺជា​រឿង​មួយ​ដែល​មនុស្ស​គ្រប់រូប​ចង់​ចៀស​ឱ្យ​ឆ្ងាយ ព្រោះ​មនុស្ស​ម្នាក់ៗ​ស្រឡាញ់​កិត្តិយស ពូជពង្សវង្សត្រកូល​មិនអាច​ឱ្យ​នរណាម្នាក់​យកមក​ប្រមាថ​លេង​ដូច្នេះ​ឡើយ ។ ការសម្រេចចិត្ត​របស់​លោក​ក៏​ពុំមែន​ជាការ​ធ្វើ​ដោយ​ខ្វះ​ការ​ពិរ​ចា​ណា​ការអត់ធ្មត់​នោះដែរ គឺ​លោក​បាន​ទ្រាំ​រហូត​បាន​ជាង​មួយឆ្នាំ​មិន​តបត​ចំពោះ​ពាក្យ​ប្រមាថ​ទាំងនោះ រាប់​ចាត់ទុកថា​លោក​ជាម​នុស្ស​ដែលមាន​ចិត្តធ្ងន់​ម្នាក់ ។

ម្យ៉ាងទៀត​មុននឹង​ឈានដល់​ការចុះ​ចេញពីផ្ទះ​ដូចនេះ លោក​ក៏បាន​ពី​គ្រោះ​ជាមួយ​ភរិយា​ពី​រឿង​សុំ​បែក​ផ្ទះ​ដែរ តែ​លទ្ធផល​គឺ​មិន​សម​ដូច​បំណង ដោយសារតែ​គ្រួសារ​ខាង​ភរិយា​របស់លោក​សម្លឹង​មើល​លោក​ក្នុង​ផ្លូវ​អវិជ្ជមាន ដោយ​បង្ហាញ​នូវ​ចេតនា​យ៉ាងច្បាស់ គឺ​ចង់ឱ្យ​លោក និង ភរិយា ដាច់ដោច​គ្នា​នោះ​ទើប​ជា​ក្តី​ប៉ងប្រាថ្នា​របស់​ពួកគេ ។​ ​ចំ​ញេះ​រឿងនេះ​«​ប្រជាប្រិយ​»​សូម​ជូន​យោបល់​ថា ការដោះស្រាយ​បញ្ហា​នេះ​គឺ​វា​ស្ថិតនៅលើ​គោលជំហរ​របស់លោក និង ភរិយា ថា​ត្រូវ​ដើរ​លើផ្លូវ​ណា​ប៉ុណ្ណោះ ។ លោក និង ភរិយា​ត្រូវតែ​ជម្នះ​បែក​ផ្ទះ​ឱ្យបាន ហើយ​កុំ​យក​កេរអាករ​ខាង​ប្រពន្ធ​លោក​មកជា​មួយ​ឱ្យសោះ ។

ទោះជា​លោក​ជួល​ផ្ទះ​គេ​នៅ ក៏​«​ប្រជាប្រិយ​»​សម្លឹង​ឃើញថា សមត្ថភាព​របស់លោក និង ភរិយា ពិតជា​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​គួរសម​ដែល​អាច​ទិញ​ផ្ទះមួយ​ដោយ​បង់​រំលស់​តាម​លទ្ធភាព​លោក និង ភរិយា​ក៏​ក្លាយជា​មនុស្ស​ឯករាជ្យ ចៀស​ផុតពី​ការ​និន្ទា​មួយចំនួន​ដែល​លោក​ធ្លាប់​ជួបប្រទះ ។ ថ្ងៃ​អនាគត បើ​ជីវភាព​របស់លោក​រឹតតែ​ប្រសើរ​នោះ គ្រួសារ​ខាង​ភរិយា​របស់លោក ក៏​អាច​នឹង​ភ្លឺភ្នែក​ខ្លះ​ជាមិនខាន ថា​ពួកលោក​ជា​មនុស្ស​មានកំណើត​ឬ​គ្មាន​នោះ នៅពេលនោះ​ហើយ​តម្លៃ​របស់លោក និង ភរិយា​បាន​រំលេច​ចេញ​ដោយ​ឯកឯង ដែល​គុណសម្បត្តិ​ទាំងនោះ​ក៏​អាចធ្វើឱ្យ​ម្តាយក្មេក​របស់លោក​ត្រឡប់​ជា​មើលឃើញ​លោក​ក្នុង​ផ្លូវ​វិជ្ជមាន​ទៀតផង បើទោះជា​គាត់​មិន​និយាយ​ក៏​នឹង​លួច​គិតក្នុងចិត្ត​ដែរ ជាពិសេស​បងស្រី​ថ្លៃ​របស់លោក​ក៏​នឹង​រអា​ចំពោះ​លោក​ខ្លះ​ដែរ ។​ «​ប្រជាប្រិយ​»​សូម​ជូនពរ​លោក​ដោះស្រាយ​រឿងនេះ​បានសម្រេច​ដោយ​សន្តិវិធី ៕


Related