លោក​ ម៉ិ​ល​ ផូ​ ៖​ តំណែង​ខ្ញុំ​បាន​មក​មិនមែន​ផ្លោះ​រំលង​ឋានានុក្រម​ និង​អែបអប​ទេ​ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាម​គុណសម្បត្តិ​

​បន្ទាប់​ពី​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ បាន​ផ្សព្វផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​ធ្លាយ​រឿង​ពុក​រលួយ​ និង​បក្ខពួក​និយម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​"​ កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ ដែល​លើក​ឡើង​អំពី​ការ​តែងតាំង​លោក​ ម៉ិ​ល​ ផូ​ ជា​នាយករង​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ តាម​សេចក្តី​បង្គាប់ការ​លេខ​០៦៨/១៥​ ក​.​ប​/​ល​.​ប​ ចុះ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​ឯកឧត្តម​ បណ្ឌិត​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួច​មក​ លោក​ ម៉ិ​ល​ ផូ​ បាន​ប្រើប្រាស់​សិទ្ធិ​របស់​លោក​ធ្វើការ​បកស្រាយ​បំភ្លឺ​មក​ការិយាល័យ​និពន្ធ​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ វិញ​ នា​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ដែល​មាន​ខ្លឹមសារ​បញ្ជាក់​ថា​ មុខ​តំណែង​របស់​លោក​បាន​មក​មិនមែន​ផ្លោះ​រំលង​ឋានានុក្រម​ និង​ចេះ​ក្បាច់គុន​អែបអប​ទេ​ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាម​គុណសម្បត្តិ​ ។​

​លិខិត​បំភ្លឺ​របស់​លោក​ ម៉ិ​ល​ ផូ​ បាន​បញ្ជាក់​ថា​ ការ​តែងតាំង​រូប​លោក​ជា​នាយករង​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សាវិន័យ​របស់​វិទ្យាស្ថាន​ ដោយ​ឈរ​លើ​លក្ខណៈសម្បត្តិ​ចំនួន​៣​ចំណុច​សម្រាប់​ជ្រើសរើស​ រួម​មាន​ ៖​ ១-​ចំណេះដឹង​ផ្នែក​គ្រប់គ្រង​,​ ២-​ប្រជាប្រិយភាព​នៅ​ក្នុង​វិទ្យាស្ថាន​ និង​៣-​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​ ។​ ជា​លទ្ធផល​ លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​០៧​សំឡេង​ ក្នុង​ចំណោម​១១​សំឡេង​ ។​

​លោក​ ម៉ិ​ល​ ផូ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ (​អតីត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិន​កម្ពុជា​-​ឥណ្ឌា​)​ អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយៗ​ពេល​លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ និង​ពិគ្រោះ​យោបល់​ផ្នែក​សហគ្រិន​ តាម​ប្រកាស​លេខ​១៣២​ ក​.​ប​/​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នោះ​ គឺ​មាន​តែ​ចំនួន​២​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឆ្លងកាត់​តំណែង​ជា​អនុប្រធាន​ការិយាល័យ​ ក្នុង​ចំណោម​ប្រធាន​ការិយាល័យ​ និង​ដេ​ប៉ា​តឺ​ម៉​ង់​ទាំង​៨​ ។​ លើស​ពី​នេះ​ ជា​គោលការណ៍​ លោក​ត្រូវ​បាន​តែងតាំង​ផ្ទៃក្នុង​ជា​ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​អង់គ្លេស​ តាំងពី​៨​ឆ្នាំ​មុន​មក​ម្ល៉េះ​ មុន​នឹង​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ការិយាល័យ​ ៕​

លោក​ ម៉ិ​ល​ ផូ​ ៖​ តំណែង​ខ្ញុំ​បាន​មក​មិនមែន​ផ្លោះ​រំលង​ឋានានុក្រម​ និង​អែបអប​ទេ​ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាម​គុណសម្បត្តិ​ លោក​ ម៉ិ​ល​ ផូ​ ៖​ តំណែង​ខ្ញុំ​បាន​មក​មិនមែន​ផ្លោះ​រំលង​ឋានានុក្រម​ និង​អែបអប​ទេ​ គឺ​កើត​ចេញពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាម​គុណសម្បត្តិ​