គន្លឹះក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ ដើម្បី​កុំ​អោយ​មេរោគ​ជ្រៀត​ចូល បើទោះបី​ជា​អ្នក​គ្មាន​កម្មវិធី​កម្ចាត់​មេរោគ

នាពេលបច្ចុប្បន្ននេះមនុស្ស​គ្រប់គ្នា សឹង​តែ​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន​គ្រប់​គ្នា ព្រោះ​កុំព្យូទ័រ​វា​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន មិន​ថា​ការ​ងារ ឬ ការ​សិក្សា និង មុខរបរ​រកស៊ីផ្ទាល់ខ្លួនឡើយ ហើយវាក៏ជាជំនួយការ​មួយដ៏ល្អផង​ដែរ ជាមួយនឹងការប្រើប្រាស់វា យើងក៏ត្រូវដឹងពីគន្លឹះខ្លះៗ ដើម្បីការពារវាអោយប្រើប្រាស់បានយូរ និង បញ្ចៀសពីបញ្ហាមេរោគផ្សេងៗ ដែលធ្វើអោយយើងបាត់បង់ឯកសារ ឬ តំឡើង Windows សាជាថ្មីម្តង​ទៀត។

គន្លឹះក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ ដើម្បី​កុំ​អោយ​មេរោគ​ជ្រៀត​ចូល បើទោះបី​ជា​អ្នក​គ្មាន​កម្មវិធី​កម្ចាត់​មេរោគ

ខ្ញុំដឹងថាអ្នកគ្រាប់គ្នាភាគច្រើន ជ្រើសរើសវិធីសាស្រ្តការពារកុំព្យូទ័ររបស់ខ្លួន ដោយការប្រើប្រាស់កម្មវិធី​កម្ចាត់​មេរោគផ្សេងៗ តែបើតាមគំនិតរបស់ខ្ញុំនិងបទពិសោធន៍របស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាបើអ្នកមិនចេះប្រុង​ប្រយ័ត្ន បើទោះបីជាមានកម្មវិធីកម្ចាត់មេរោគល្អយ៉ាងណា ក៏វានៅតែអាចជ្រៀតចូលដែរ ហើយមួយវិញ​ទៀត ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគវាក៏មានគុណវិបត្តិផងដែរ ព្រោះវាអាចលុបកម្មវិធីដែលអ្នកត្រូវការ ណាមួយចោលភ្លាមៗ ដោយសារតែបើសិនជាកម្មវិធីណាមួយ មានបង្កប់កូដ ទាក់ទងនឹងមេរោគ​ដែល​កត់​ចំណាំ ក្នុងកម្មវិធីកម្ចាត់មេរោគ វានឹងដំណើរការ Scan ហើយលុបចោល។

គន្លឹះក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ ដើម្បី​កុំ​អោយ​មេរោគ​ជ្រៀត​ចូល បើទោះបី​ជា​អ្នក​គ្មាន​កម្មវិធី​កម្ចាត់​មេរោគ

 

នៅថ្ងៃនេះ ខេមបូរីផត នឹងចែករំលែកបទពិសោធន៍មួយចំនួនដល់ប្រិយមិត្ត អំពីគន្លឹះក្នុងការប្រើប្រាស់​កុំព្យូទ័រ កុំអោយមេរោគជ្រៀតចូល បានដោយងាយ តែជាមុនដំបូងយើងខ្ញុំសូមណែនាំ ប្រិយ​មិត្ត​អោយ​យល់ដឹងពីផ្លូវ ដែលមេរោគអាចជ្រៀតចូល បានជាមុនសិន ប្រៀបដូចជាអ្នកចង់ដោះ​ស្រាយ​បញ្ហា​ណា​មួយ​អញ្ចឹង អ្នកក៏ត្រូវដឹងពីហេតុដែលវាកើតឡើងសិនដែរ ទើបអ្នកអាចដោះ​ស្រាយ​បញ្ហា​នោះបាន។

ចំពោះបញ្ហាមេរោគជ្រៀតចូល ក្នុងកុំព្យូទ័រវាមានច្រើនផ្លូវរបស់វា តាមរយៈការបង្កប់ក្នុងគេហទំព័រណាមួយ​លើអ៊ីនធើណែត, តាមរយៈកម្មវិធីដែលដាក់អោយទាញយក និង តម្លើងលើអ៊ីនធើណែត, តាមរយៈ Flash USB ផ្សេងៗ ដែល ចម្លងតតគ្នា និង តាមរយៈ ខ្សែ​ Network ពីកុំព្យូទ័រដ៏ទៃទៀតផងដែរ តែ​ករណី​​នេះមានតិចបំផុត ដូចចម្លងឯកសារតគ្នា ឬ ការវាយប្រហារពីកុំព្យូទ័រណាមួយ តាមរយៈបណ្តាញ Network ជាដើម។ បើនិយាយពីការប្រើប្រាស់ប្រចាំថ្ងៃ ភាគច្រើនសម្រាប់ប្រិយមិត្ត នាពេលបច្ចុប្បន្នគឺ​ត្រូវឆ្លងមេរោគតាមរយៈ បណ្តាញអ៊ីនធើណែត តាមរយៈគេហទំព័រផ្សេងៗ ឬ តម្លើង កម្មវិធីដោយ​ឥត​គិត​ថ្លៃ និង ជាកម្មវិធីដែលខ្លួនចង់បានបំផុត។

ក្នុងការប្រើប្រាស់កុំព្យូទ័រប្រសិនបើអ្នកចង់ស្វែងរកឯកសារ ឬ តំណរណាមួយ អ្នកគួរតែពិភាក្សាទៅកាន់ អ្នកដែលមានបទពិសោធន៍ច្រើនជាងមុនសិន ព្រោះពួកគេស្គាល់គេហទំព័រល្អៗ និង កម្មវិធីដែលគ្មាន​មេរោគច្រើន តែបើអ្នកស្រាវជ្រាវដោយខ្លួនឯងអ្នកនឹងងាយឆ្លងមេរោគបំផុត ដូចជា ផ្ទាំង​ពាណិជ្ជកម្មលើ Browser ជាដើម ឬ ជាប់ Browser ជាមួយនឹងគេហទំព័រផ្សេងៗជាដើម និង កម្មវិធីផ្សេងៗទៀត​ដែល​ពិបាក​នឹងលុប។ ការប្រើប្រាស់កុំព្យូទ័រ ដោយមានសុវត្ថិភាពបំផុត ហើយមិនចាំបាច់ប្រើកម្មវិធីកម្ចាត់​មេរោគ អ្នកត្រូវប្រុងប្រយ័ត្នប៉ុន្មានចំនុចខាងក្រោមនេះ៖

  • កុំបើកគេហទំព័រផ្តេសផ្តាស់ ប្រសិនបើអ្នកចង់ស្វែងរកឯកសារផ្សេងៗ អ្នកអាចសួរអ្នកមានបទ​ពិសោធន៍ច្រើន និង សូមតំណរគេហទំព័រល្អៗ ដែលអាចទុកចិត្តបានពីពួកគេទើបជាការប្រសើរ
  • កុំចុចផ្តេសផ្តាស់លើកម្មវិធីដែលមិនធ្លាប់ជួប ព្រោះជួនកាល កុំព្យូទ័រដែលអ្នកកំពុងប្រើប្រាស់​សុខៗ ស្រាប់តែវាលោតជាផ្ទាំងផ្សេងៗ ឬ កម្មវិធីមិនស្គាល់អោយអ្នកចុច ទាំងនេះគឺជាមេរោគ ឬ អាចជាការវាយប្រហារពីនរណាម្នាក់ ចង់ចូលខ្លួនមកកាន់កុំព្យូទ័រអ្នកជាដើម ប្រសិនបើអ្នកជួបអ្វី​ដែល​សង្ស័យកុំចង់ស្គាល់អី លុបចោលភ្លាម និង កុំបើកវាអោយសោះ ឬ កុំចេះតែយល់ព្រមតាម
  • កុំយក Flash ផ្សេងៗមកដោតផ្តេសផ្តាស់ ព្រោះនាពេលបច្ចុប្បន្ននេះ មេរោគភាគច្រើនបង្កប់តាម Flash។ ពេលខ្លះ អ្នកត្រូវការឯកសារ ដើម្បីចម្លងពីមិត្តភក្តិរបស់អ្នក ដូច្នេះហើយអ្នកត្រូវខ្ចី Flash ពីមិត្តរបស់អ្នកជាដើម តែ ខេមបូ គិតថាអ្នកគួរតែមាន Flash ផ្ទាល់ខ្លួនមួយ ហើយមុននឹងដោត​ទៅ​កាន់កុំព្យូទ័រផ្សេងៗ មិនមែនជារបស់អ្នក អ្នកគួរតែពិនិត្យមើលជាមុនសិន ប្រសិនបើវាគ្មាន​មេរោគ និង គ្មានបញ្ហាអ្នកអាចដោតបាន
  • ព្យាយាមពិនិត្យមើល Windows Firewall ព្រោះបើ Windows Firewall បិទអ្នកនឹងងាយរង​គ្រោះ​ការវាយប្រហារតាមរយៈ​បណ្តាញ Network ឬ Local អ៊ីនធើណែតណាមួយ តាមរយៈ Wifi ដែលអ្នកកំពុងភ្ជាប់នៅទីសាធារណៈជាដើម។
  • កុំតម្លើង កម្មវិធីដែល Crack ច្រើន និង ហ្គេមដែល Crack ច្រើនព្រោះភាគច្រើន របស់ដែល Crack សុទ្ធតែមិនស្របច្បាប់ហើយវាពោរពេញដោយ ភាពភ័យខ្លាចមេរោគចូលខ្ពស់បំផុត អ្នក​គួរតែ​ប្រើប្រាស់កម្មវិធីណាដែលចាំបាច់បានហើយ។ មួយវិញទៀត ខ្ញុំសូមណែនាំដល់ប្រិយមិត្ត មិន​គួរលេងស្តាយកុំព្យូទ័រច្រើនពេកឡើយ ផ្ទុយទៅវិញវាកាន់តែមានភាពស្មុគស្មាញ និង មេរោគចូលបានឆាប់រហ័សទៅវិញទេ គួរតែប្រើវាជាលក្ខណៈសាមញ្ញៗ បានហើយ។

គន្លឹះក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ ដើម្បី​កុំ​អោយ​មេរោគ​ជ្រៀត​ចូល បើទោះបី​ជា​អ្នក​គ្មាន​កម្មវិធី​កម្ចាត់​មេរោគ

ខ្ញុំគិតថា ចំណុចដែលយើងខ្ញុំលើកយក មកខាងលើនេះ វាគ្រប់គ្រាន់សម្រាប់ប្រិយមិត្ត នៅពេលបច្ចុប្បន្ន ហើយប្រសិនបើអ្នកអនុវត្តន៍វាបានល្អ អ្នកមិនចាំបាច់ទិញកម្មវិធីកម្ចាត់មេរោគផ្សេងៗមកប្រើ ក៏អស់​ក្តី​បារម្ភ​​ដែរ។ ប្រសិនបើប្រិយមិត្ត មានចម្ងល់ ឬ មតិយោបល់ផ្សេងៗ​ អ្នកអាចធ្វើការ Comment នៅ​ខាង​ក្រោមនេះ បាន ក្រុមការងារ ខេមបូ នឹងព្យាយាមឆ្លើយតប អោយបានឆាប់រហ័សតាមអាចធ្វើទៅបាន!!!

  • ដោយ: Meng
  • 11:01 PM, 24 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ