វិធី​សម្អាត​ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ​

Sanofi

១ – វិធី​សម្អាត​ចង្ក្រាន​អាំង​សាច់​អគ្គិសនី​

​បន្ទាប់ពី​អាំង​សាច់មាន់ សាច់​ទា ឬ ឆ្អឹងជំនីរ​ជ្រូក​រួចមក​នៅក្នុង​ចង្ក្រានអគ្គិសនី​ប្រាកដជា មាន​ភាពកខ្វក់ និង មាន​ក្លិន​អាក្រក់​ពី​ស្នាម​ប្រឡាក់​ជាតិ​ខ្លាញ់​មិន​ខាន ។ ដូច្នេះ​នៅពេល​ប្រើប្រាស់ រួច​គួរ​ប្រញាប់​ជូត​លាង​ឲ្យ​ស្អាត ។ ដោយ​ដំបូង​ត្រូវ​រង់ចាំ​ឲ្យ​កម្តៅ​នៅក្នុង​ចង្ក្រាន​ថយចុះ​មក​នៅក្រោម ៥០ អង្សា​សេ​ទើប​អាច​សម្អាត​ទៅ​មិន​រលា​កដៃ ។ មុននឹង​ជូត​លាង​សម្អាត ត្រូវ​ផ្តាច់​ចរន្តអគ្គិសនី​ជាមុនសិន ហើយ​បន្ទាប់មក​ត្រូវ​ដោះ​ឧបករណ៍​ខ្លះៗ​ដែល​អាច​ដោះ​បាន​ពី​ចង្ក្រាន​ដូចជា​ចង្អើរ​អាំង​សាច់ និង ថាស​ទ្រ​ពីក្រោម​ចង្អើរ ។ ជូត​លាង​សម្អាត​តាម​ជញ្ជាំង និង បាត​ចង្ក្រាន ហើយ​ក្រោយពេល​ជូត​លាង​ស្អាតបាត​រួចរាល់​ហើយ រៀបចំ​ដាក់​ឧបករណ៍​ទាំងនោះ​ចូល​វិញ​ជាការ​ស្រេច ។​


២ – វិធី​សម្អាត​ចង្ក្រាន​កម្តៅ​អាហារ ( Microwave )

​ដំបូង​ត្រូវ​ត្រៀម​ទឹកខ្មេះ ១ ពែង​កាហ្វេ រួចហើយ​ចាក់​ចូលក្នុង Microwave និង បើក​កុងតាក់​ភ្លើង​កម្តៅ​រយៈពេល ៣ នាទី រួច​បិទ​កុងតាក់​ភ្លើង​វិញ និង ចាក់ទឹក​ខ្មេះ​ចេញ ។ បន្ទាប់មក​យក​កំណាត់​សើម​ជូត​សម្អាត​ជាការ​ស្រេច ។​


៣ – វិធី​សម្អាត និង សម្លាប់​មេរោគ​ចេញពី​អេ​ប៉ុង​លាងចាន​

​ដំបូង​ត្រូវ​ប្រើ​សាប៊ូ​លាង​អេ​ប៉ុង​ឲ្យ​ស្អាត បន្ទាប់មក​ត្រូវដាក់​ចូលក្នុង Microwave ពី ១ ទៅ ២ នាទី រួច​យកចេញ​វិញ ។ ​វិធី​បែបនេះ​មិន​គ្រាន់តែ​អាច​បំបាត់​ក្លិន​អាក្រក់​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​សម្លាប់​មេរោគ​ទៀតផង ។ វិធី​បែបនេះ​បើ​អាច​អនុវត្តបាន​គួរ​ធ្វើ​រៀងរាល់ ២ ថ្ងៃ ម្តង​ជាការ​ល្អប្រសើរ ។​


៤ – វិធី​សម្អាត​ឧបករណ៍​ក្រឡុក​ផ្លែឈើ ឬ គ្រឿងទេស​

​ឧបករណ៍​ក្រឡុក​ផ្លែឈើ ឬ គ្រឿងទេស ក្រោយពេល​ប្រើប្រាស់​រួច​ត្រូវ​ចាក់ទឹក​ក្តៅ​ឧណ្ហៗ និង ទឹកសាប៊ូ​ពី ៣-៤ តំណក់​ចូល​រួចហើយ​បិទ​គម្រប​ឲ្យ​ជិត និង បើក​កុងតាក់​ភ្លើង​ប្រហែលជា ១០ វិនាទី ហើយ​បិទ​កុងតាក់​ភ្លើង និង ចាក់ទឹក​ពពុះ​សាប៊ូ​ចេញ ហើយ​លាង​ទឹក​ធម្មតា​ឲ្យ​ស្អាត​ជាការ​ស្រេច ។ ​


៥ – វិធី​សម្អាត​ជ្រញ់​

​ជ្រញ់​ធ្វើ​ពី​បន្ទះ​ក្រោយពី​ប្រើប្រាស់​រួច គឺមាន​ភាពកខ្វក់ និង មាន​ក្លិនឆ្អាប ហើយ​បើ​លាង​ទឹក​ធម្មតា គឺ​មិន​ស្អាត និង មិន​អស់​ក្លិនឆ្អាប​ឡើយ ។ ដូច្នេះ​វិធី​ដ៏​ត្រឹមត្រូវ​ក្នុងការ​សម្អាត ដំបូង​ត្រូវយក​កំណាត់​ជ្រលក់​ក្នុង​ទឹកខ្មេះ និង យកមក​ជូត​ពីលើ​បន្ទះ​ជ្រញ់ ។ បន្ទាប់មក​បាច​អំបិល​ក្រួស​ពីលើ និង ចុងក្រោយ​យក​ក្រូចឆ្មារ​មួយ​ចំហៀង​មក​ជូត​ត្រដុស និង យក​កំណាត់​ស្អាត​មួយ​ផ្ទាំង​ផ្សេងទៀត​ជូត​ឲ្យ​ស្ងួត​ទុកជា​ការ​ស្រេច ។​


៦ – វិធី​សម្អាត​ឧបករណ៍​ឆុង​កាហ្វេ​

​ប្រើ​ទឹកខ្មេះ ១ ពែង និង ទឹក​ធម្មតា ១ ពែង ចាក់​ចូលក្នុង​ឧបករណ៍​ឆុង​កាហ្វេ បន្ទាប់មក​ចុច​កុងតាក់​ភ្លើង​ដាំ​ឲ្យ​ពុះ​ដោយ​មិន​រម្ងាស់​យូរ​ទេ រួច​បិទ​កុងតាក់​ភ្លើង ហើយ​ទុក​ឲ្យ​ត្រជាក់​រយៈពេល​ពី​កន្លះ​ម៉ោង​ទៅមួយ​ម៉ោង ទើប​ចាក់ចេញ និង លាង​ទឹក​ឲ្យ​ស្អាត​ជា ការ​ស្រេច ៕​ ​




Related