ស្រ្តី ឯម រ៉ានី ដែលត្រូវប្តីចោទថា លួចមានសាហាយ ជាមួយមេធាវី ជា ហៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

- រឿងរ៉ាវលំអិត នៃជម្លោះ ត្រូវបានលោកស្រី ឯម រ៉ានី លាតត្រដាង

ព្រះសីហនុ៖ អ្នកស្រី ឯម រ៉ានី ដែលត្រូវប្តីចោទប្រកាន់ថា លួចមានសាហាយស្មន់ជាមួយលោកមេធាវី ជា ហៃ ត្រូវ បានស្នងការខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជាកម្លាំងឲ្យចាប់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។ លោក ជួន ណារិន្ទ បានអះអាងថា ការចាប់ខ្លួនធ្វើឡើងដោយទៅលើបទល្មើសជាក់ ស្តែង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះ អ្នកស្រី ឯម រ៉ានី ត្រូវកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយមាន ការសម្របសម្រួល ពីលោកស្រីព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ចាតសូ រស្មី។

ឧត្តមសេនីយ៍ស្នងការ បានថ្លែងបញ្ជាក់ថា ការចាប់ឃាត់ខ្លួនស្រ្តីខាងលើនេះ ដោយសារមានបទល្មើសជាក់ស្តែង។ ក្រោយពីសាកសួរនៅតុលាការខេត្តព្រះសីហនុរួចហើយ លោកនឹងបញ្ជូនទៅកាន់តុលាការ។ តែរហូតដល់យប់ថ្ងៃ នេះ ការសាកសួរមិនទាន់ចប់នៅឡើយទេ ត្រូវរង់ចាំសាកសួរនៅថ្ងៃស្អែកបន្តទៀត ហើយនៅយប់នេះអ្នកស្រី ឯម រ៉ានី ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅចំណុចផ្ទះបើកហាងបញ្ចាំមួយកន្លែង ស្ថិតនៅក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើត ឡើង បន្ទាប់ពីបុរសជាស្វាមីរបស់អ្នកស្រី ឯម រ៉ានី គឺលោក គន្ធ ប៊ុនថា ជាមន្រ្តីសាលាខេត្តព្រះសីហនុ បាននាំ លោកយាយឡូឡា (រហស្សនាម) ត្រូវជាម្តាយរបស់អ្នកស្រី ឯម រ៉ានី និង ប្អូនស្រីមានឪពុកទីទៃ រួមនិងកម្លាំង សមត្ថកិច្ចផង ទៅចាប់អ្នកស្រី ឯម រ៉ានី និងលោកមេធាវី ជា ហៃ ដោយបានចោទប្រកាន់ថា ពួកគេលួចមាន សហាយស្មន់នឹងគ្នា។

បន្ទាប់ពីការផ្ទុះនូវរឿងរ៉ាវនេះឡើងគ្រប់ភាគី នៃទំនាស់សុទ្ធតែបានអះអាង និង លើកហេតុផលយកត្រូវរៀងៗខ្លួន ខណៈដែលរឿងពិតយ៉ាងណានោះមិនទាន់មាននរណាដឹងច្បាស់នៅឡើយ។

លោក គុណ ប៊ុនថា ជាបុរសពោះម៉ាយមានកូន ៤នាក់ បានស្រឡាញ់ប្រតិពទ្ធជាមួយភរិយាអ្នកស្រី ឯម រ៉ានី ជា ស្រ្តីមេម៉ាយ ក៏មានកូនរួចទៅហើយដែរ កាលពីអំឡុង ឆ្នាំ២០០៨។ បច្ចុប្បន្នចំណងស្នេហ៍របស់បុរសពោះម៉ាយ និងស្រ្តីមេម៉ាយរូបនេះមានកូនស្រីម្នាក់អាយុប្រមាណជា ៦ឆ្នាំ។

លោក គុណ ប៊ុនថា បានអះអាងថា ភរិយារបស់ខ្លួន បានផ្តើមមានទំនាក់ទំនងជាមួយលោក ជា ហៃ កាលពីឆ្នាំ ២០១៤ តាមរយៈការធ្វើជំនួញជាមួយគ្នា។ លោក គុណ ប៊ុនថា បន្តិចម្តងៗទំនាក់ទំនងរបស់ពួកគេ កាន់ស្និទ្ធ ស្នាលលើសពីភាពជាដៃគូជំនួញ ដោយលោកអះអាងថា មានរូបភាពស្និទ្ធស្នាលជាច្រើនរវាងភរិយាខ្លួន និងលោក មេធាវី ជា ហៃ។

លោក គុណ ប៊ុនថា បានអះអាងទៀតថា នៅពេលលោក ជា ហៃ ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុម្តងៗ អ្នកស្រី ឯម រ៉ានី បានរៀបចំទំនុកបម្រុងម្ហូបអាហារជូនលោកមេធាវី ជា ហៃ ដោយមិនគិតដល់ក្រុមគ្រួសារនោះឡើយ។ បើតាមលោក គុណ ប៊ុនថា បានអះអាងថា សូម្បីតែខោអាវ ក៏អ្នកស្រី ឯម រ៉ានី រៀបចំទុកដាក់ឲ្យ ជា ហៃ ផងដែរ។

លោក គុណ ប៊ុនថា នៅបានអះអាងថា ក្នុងទំនាក់ទំនងរកស៊ី គឺលោក ជា ហៃ បានមានល្បិចកិច្ចកលដើរខ្សែលើ អ្នកស្រី ឯម រ៉ានី ជានិច្ច ហើយបោកអស់ទ្រព្យសម្បត្តិជាច្រើន។

ឆ្លើយតបការការចោទប្រកាន់នេះ ទាំងលោក ជា ហៃ បានចេញមកអះអាងថា ទំនាក់ទំនងរបស់លោក និង អ្នកស្រី ឯម រ៉ានី គ្មានអ្វីលើសពីការរកស៊ីនោះឡើយ។ ការឈានដល់ការចោទប្រកាន់ថា មានសហាយស្មន់នេះ ត្រូវលោក ជា ហៃ អះអាងថា គឺផ្តើមចេញពីជម្លោះក្នុងក្រុមគ្រួសារ លោក គុណ ប៊ុនថា និងអ្នកស្រី ឯម រ៉ានី។

មិនត្រឹមតែលោក ជា ហៃ ដែលអះអាងពីភាពស្អាតស្អំរបស់ខ្លួន សូម្បីតែភរិយារបស់លោក ជា ហៃ គឺអ្នកស្រី ដែល ជាកូនស្រីអនុប្រធានតុលាការកំពូល ក៏បានចេញមកបញ្ជាក់ភាពស្អាតស្អំរបស់ស្វាមីផងដែរ។ អ្នកស្រី បានអះអាង ថា ទំនាក់ទំនងស្វាមី របស់អ្នកស្រី ជាមួយអ្នកស្រី ឯម រ៉ានី គ្មានអ្វីលើសពីដៃគូរកស៊ី និងជាអ្នកការពារក្តីនោះ ឡើយ។

អ្នកស្រី នៅបានអះអាងទៀត បើសិនជាប្តីរបស់អ្នកស្រី ពិតជាខិលខូច មានសហាយស្មន់ជាមួយអ្នកស្រី ឯម រ៉ានី មែននោះ អ្នកស្រីមិនអាចទ្រាំបៀបទុក្ខ ចេញមកការពារ និងលាក់បាំង ទង្វើផិតក្បត់របស់ប្តីបានឡើយ។ អ្នកស្រី បានសង្កត់ធ្ងន់ថា ទង្វើផិតក្បត់នេះ គ្មានស្រ្តីណាម្នាក់អាចទ្រាំបានឡើយ បើទោះបីមានចិត្តដូចព្រះក៏ដោយនោះ។

ដោយឡែក អ្នកស្រី ឯម រ៉ានី ក៏បានចេញមកលាតត្រដាងរឿងនេះផងដែរ ដោយបានវាយបកទៅស្វាមីរបស់ខ្លួន យ៉ាងចាស់ដៃ។ អ្នកស្រី ឯម រ៉ានី បានអះអាងថា ជម្លោះរបស់អ្នកស្រី និងស្វាមី បានកើតមានឡើងបន្ទាប់ពីស្វាមី របស់អ្នកស្រីទាមទារឲ្យអ្នកស្រី ដកហ៊ុនរកស៊ីពីលោក ជា ហៃ គ្រាដែលឃើញជំនួញបានធ្លាក់ចុះ។

អ្នកស្រី បានព្យាយាមពន្យល់ទៅវិញថា អ្នកស្រីមិនអាចដកចេញវិញបានភ្លាមៗ ព្រោះលោក ជា ហៃ ធ្លាប់បានជួយ ឲ្យអ្នកស្រីទទួលបានជោគជ័យនៅក្នុងជំនួញរកស៊ីបញ្ចាំ។ អ្នកស្រី បានបញ្ជាក់ទៀតថា បើឲ្យដកហ៊ុន ចេញភ្លាមៗ វារឿងអាក្រក់ គ្មានគុណធម៌ ក៏ដូជាសច្ចធម៌យ៉ាងដូច្នោះដែរ។

អ្នកស្រី ឯម រ៉ានី បានបន្តថា ព្រោះតែរឿងបែបនេះ បានធ្វើឲ្យចំណងស្វាមី-ភរិយា រវាងអ្នកស្រី និងលោក គុណ ប៊ុនថា បានឈានដល់ផ្លូវបំបែក ដោយបានប្តឹងផ្តល់លែងលះគ្នាទៅកាន់តុលាការ។ បើតាមការបញ្ជាក់របស់អ្នក ស្រី ឯម រ៉ានី ការប្តឹងលែងលះគ្នានេះ នៅសល់តែការទៅជួបតុលាការមួយដំណាក់ទៀតប៉ុណ្ណោះ នឹងត្រូវចប់សព្វ គ្រប់។

អ្នកស្រី ឯម រ៉ានី បានហៅការទៅអុកឡុក និងនាំម្តាយរបស់អ្នកស្រី ទៅជាមួយផងនោះ គឺជាចេតនា និងការរៀបចំ ទុកជាមុន របស់លោក គុណ ប៊ុនថា ក្នុងបំណងបង្ខូច និងសំអុយកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ជាមួយលោកមេធាវី ជា ហៃ ហើយក៏ជាចេតនាឈ្នះលើផ្លូវច្បាប់ ដើម្បីលេបយកទ្រព្យសម្បត្តិ ដែលបានមានក្នុងចំណងអាពាហ៍ពិពាហ៍។

អ្នកស្រី ឯម រ៉ានី បានអះអាងថា ចំណងទំនាក់របស់អ្នកស្រី និងមេធាវី ជា ហៃ គ្មានអ្វីលើសពីទំនាក់ទំនងរកស៊ី នោះឡើយ។

អ្នកស្រី នៅបានពន្យល់ហេតុផលជាច្រើនទៀត ពាក់ព័ន្ធរឿងអាស្រូវ ដ៏ល្បីល្បាញក្នុងក្រុងព្រះសីហនុមួយនេះ។ សូមស្តាប់ការបកស្រាយ និងបំភ្លឺ របស់អ្នកស្រី ឯម រ៉ានី ដូចខាងក្រោម៖

អ្នកស្រី #ឯម រ៉ានី ដែលវាយគ្នាជាមួយម្តាយ និងរងការចោទប្រកាន់ថា មានសហាយស្មន់ ជាមួយមេធាវី ជា ហៃ នៅក្នុងខេត្តកំពង់សោម បង្ហាញវីដេអូបកស្រាយរឿងរ៉ាវរបស់ខ្លួន។

Posted by Vann Saray on Thursday, October 22, 2015

ស្រ្តី ឯម រ៉ានី ដែលត្រូវប្តីចោទថា លួចមានសាហាយ ជាមួយមេធាវី ជា ហៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ស្រ្តី ឯម រ៉ានី ដែលត្រូវប្តីចោទថា លួចមានសាហាយ ជាមួយមេធាវី ជា ហៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន