សម្តេចតេជោ ហ៊ុន សែន ប្រកាសបោះឆ្នោត គាំទ្របេក្ខជន បេក្ខនារី «Cambodian Idol» ពីប្រទេសបារាំង (មានវីដេអូ)

ភ្នំពេញ៖ បើទោះបីត្រូវជាប់រវល់ជាមួយដំណើរបំពេញទស្សនកិច្ច នៅក្នុងប្រទេសបារាំងយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច នឹងព្យាយាមរកលទ្ធភាព ដើម្បីបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារី ក្នុងកម្មវិធីប្រ លងចម្រៀងលំដាប់ពិភពលោក «Cambodian Idol» ពីប្រទេសបារាំង។

តាមរយៈវីដេអូឃ្លីបរយៈពេលប្រមាណ ១០នាទី ដែលបង្ហោះនៅទំព័រ Facebook ផ្ទាល់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា សម្តេចនឹងខកខានទស្សនាកម្មវិធី «Cambodian Idol» ក្នុងវគ្គ ផ្សាយផ្ទាល់ «Live Show» សប្តាហ៍ទី៨ តាមកញ្ចក់ទូរទស្សន៍ទៀតហើយ ដោយសារតែជាប់រវល់ជាមួយដំណើរ ទស្សនកិច្ចនៅប្រទេសបារាំង។ សម្តេច បានបញ្ជាក់ថា នេះ គឺជាការខកខានជាលើកទី៣ហើយ សម្រាប់សម្តេច ដោយលើកទី១ ពេលសម្តេចបំពេញទស្សនកិច្ច នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក លើកទី២ នៅប្រទេសចិន។

តែទោះបីជាយ៉ាងណា សម្តេច បានបញ្ជាក់ថា សម្តេចនឹងព្យាយាមរកលទ្ធភាព ដើម្បីបោះឆ្នោតតាមប្រព័ន្ធទូរស័ព្ទ គាំទ្រដល់បេក្ខជន បេក្ខនារី ដែលសម្តេចពេញចិត្ត។

តាមរយៈវីដេអូឃ្លីបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរ ដល់គណៈកម្មការទាំង ៤រូប គឺលោក ព្រាប សុវត្ថិ លោក ណុប បញ្ញារិទ្ធ លោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា ព្រមទាំងពិធីករ លោក ជា វិបុល និងពិធីការិនី កញ្ញា និមល ដែលរួមគ្នាធ្វើឲ្យកម្មវិធី «Cambodian Idol» បានប្រព្រឹត្តទៅដោយល្អប្រសើរ។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរដល់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលបាននាំយកកម្មវិធីប្រលង ចម្រៀងលំដាប់ពិភពលោកមួយនេះ ចូលមកកម្ពុជា ដែលជាការជួយធ្វើទំនើបកម្ម លើវិស័យសិល្បៈចម្រៀងនៅ កម្ពុជា។

សម្តេចតេជោ ក៏បានស្នើឲ្យស្ថានីយ៍ទូរទស្សន៍ហង្សមាស ផ្តល់ឱកាសឲ្យបេក្ខជន ដែលបានធ្លាក់ក្នុងវគ្គជម្រុះ ដំណាក់កាលចុងក្រោយទាំង ១២រូប បានឡើងបង្ហើសំនៀងនៅក្នុងកម្មវិធីប្រគុំតន្រ្តីរបស់ស្ថានីយ៍ទូរទស្សន៍ ដូចជា បេក្ខជន The Voice ផងដែរ ដោយសម្តេច បានបញ្ជាក់ បេក្ខជនទាំង ១២នាក់ចុងក្រោយនេះ សុទ្ធតែមាន សំនៀងពីរោះទាំងអស់៕

Posted by Vann Saray on Saturday, October 24, 2015

សម្តេចតេជោ ហ៊ុន សែន ប្រកាសបោះឆ្នោត គាំទ្របេក្ខជន បេក្ខនារី «Cambodian Idol» ពីប្រទេសបារាំង (មានវីដេអូ)