លោកនាយករដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​កម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសបាំង – វាសនា

រាជធានីភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​២៤​តុលា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចាក​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ប្រទេស​បារាំង ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ៣ថ្ងៃ​ ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥​តបតាមការអញ្ជើញរបស់លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​២០​តុលា បានអោយដឺងថា គណៈប្រតិភូ​អមដំណើរ​លោកនាយក​រដ្ឋមន្ត្រី ទៅ​បារាំង រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​អង្គ​វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សមាជិក​ដទៃទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើងថា ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក ​ហ៊ុន សែន នឹង​ជួបចរចា​ជា​ផ្លូវការ​ជាមួយ​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ និង​ជួប​ជាមួយ​លោក ឡូ​រ៉ង់ ហ្វា​ប៊ី​យូ​ស រដ្ឋមន្ត្រីការបរទេស និង​ការ​អ​ភ​វិ​ឌ្ឍ​ន៍​អន្តរជាតិ​បារាំង និង​ធ្វើជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ដូចខាងក្រោម​៖
១-​អនុសញ្ញា ស្តីពី បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​
២-​កិច្ចព្រមព្រៀង ស្តីពី​ការអនុវត្ត​គំរោង​ផ្គត់ផ្គង់​ទឹកស្អាត នៅ​ខេត្តសៀមរាប​
៣-​កិច្ចព្រមព្រៀង ស្តីពី ការសាងសង់​សាលា​បណ្តុះ​បណ្តាល​ជាតិ​ជំនាញ​ទេសចរណ៍ និង​ឧស្សាហកម្ម​សណ្ឋាគារ​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​
៤-​កិច្ចព្រមព្រៀង ស្តីពី ការតភ្ជាប់ និង​ចែកចាយ​បណ្តាញ​អគ្គិសនី​ថ្មី នៅ​ខេត្តកំពង់ចាម ក្រចេះ និង​កោះកុង​
៥-​កិច្ចព្រមព្រៀង ស្តីពី ការប្តូរ​ហិរញ្ញវត្ថុ​សិ​ល្បះ​
៦-​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

សេចក្តី​ជូន​ព័ត៌មាន ក៏បាន​បញ្ជាក់ថា ក្រៅពីនេះលោក ​ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ជនរួមជាតិ​កម្ពុជា​ពី​គ្រប់​ទីកន្លែង ក្នុងប្រទេស​បារាំង នៅ​ទីក្រុង​ប៉ារីស៕HS To Paries.0jpgHS To Paries