(UPDATE) យុវជនគំរាមសម្លាប់ សម្តេច ស ខេង នៅលើ Facebook នឹងត្រូវដោះលែង នៅសប្តាហ៍ក្រោយ

សៀមរាប៖ តុលាការខេត្តសៀមរាប បានសម្រេចផ្តន្ទាទោស សម្តេចក្រឡាហោម ស ខេង នៅលើបណ្តាញសង្គម Facebook ឱ្យជាប់ពន្ធានគាររយៈពេល ១៥ខែ តែអនុវត្តទោសត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ គិតចាប់តាំងពីថ្ងៃចាប់ខ្លួន កាលពីខែកញ្ញា។

យុវជន តៅ សាវឿន អតីតនិស្សិតរៀននៅសកលវិទ្យាល័យ South-East Asia ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីសរសេរគំរាមសម្លាប់សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គម Facebook ដោយគំរាមថានឹងបោកគ្រាប់បែកឱ្យស្លាប់ ពេលសម្តេចក្រឡាហោម ស ខេង ទៅដល់ខេត្តសៀមរាប ដើម្បីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ South-East Asia។

លោក ឈុន ចន្ទ័សីហា ចៅក្រមជំនុំជម្រះរឿងក្តីយុវជនខាងលើ បានឱ្យដឹងថា សវនាការរបស់លោក តៅ សាវឿន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ហើយក្រោយពិនិត្យ និងថ្លឹងថ្លែងរួច តុលាការបានសម្រេច កាត់ទោស យុវជន តៅ សាវឿន ឱ្យជាប់ទោសចំនួន១៥ខែ ប៉ុន្តែអនុវត្តទោសត្រឹមតែ១ខែ ដោយសារតែយុវជន ខាងលើបានសារភាព និងពុំមានចេតនាធ្វើដូចអ្វីដែលគេសរសេរ។

លោក ឈុន ចន្ទ័សីហា ថា «ក្រោយពីយើងបានដេញដោយគ្នា ក្នុងសវនាការនាព្រឹកថ្ងៃទី២២ (តុលា) គាត់បាន ទទួលទោសកំហុស ហើយសារភាពគ្រប់ទង្វើរបស់គាត់ គ្រាន់តែគាត់ថាពុំមានចេតនាធ្វើនូវអ្វី ដែលគាត់សរសេរ នោះទេ ប៉ុន្តែនៅពេលដែលយើងសិក្សាទៅធាតុផ្សំអីវាមានហើយ គាត់ត្រូវគេចោទប្រកាន់ តាមមាត្រា (២៣៣) ហ្នឹង ប៉ុន្តែដោយសារគាត់បានធ្វើលិខិតសុំទោសដល់ សម្តេចក្រឡាហោម ហើយសម្តេចក៏បានឆ្លើយតបមកវិញ ដោយអាធ្យាស្រ័យ ហើយណាមួយ ព្យាសនកម្មមិនទាន់កើតមានធ្ងន់ធ្ងរ គ្រាន់តែជាការសរសេរ អីចឹងយើងពិចារ ណាលើលក្ខណៈសម្បត្តិផ្សេងៗទៅ ទើបយើងសម្រេចផ្តន្ទាទោស១៥ខែ ប៉ុន្តែអនុវត្តក្នុងពន្ធនាគារ ១ខែ»។

ចំណែក កញ្ញា ថា រ័ត្នថុន មេធាវីការពារក្តីឱ្យជនជាប់ចោទ បានឱ្យដឹងថា តុលាការពិតជាបានសម្រេចឱ្យកូនក្តី របស់កញ្ញា អនុវត្តទោសត្រឹមតែ១ខែប្រាកដមែន ទោះបីជាសាលក្រមមិនទាន់ចេញក៏ដោយ។ កញ្ញាថា ជាទូទៅ ការអនុវត្តទោសត្រូវធ្វើឡើង ដោយគិតចាប់តាំងពីពេលការចាប់ខ្លួនមក។

សូមជំរាបថា នាពេលកន្លងទៅ ក្រុមគ្រួសារ និងយុវជន តៅ សាវឿន បានធ្វើលិខិតសុំទោសចំពោះសម្តេចក្រឡា ហោម ស ខេង ជាបន្តបន្តាប់ ហើយក្រោមមកសម្តេច ស ខេង ក៏បានសម្តែងការសោកស្តាយចំពោះសកម្មភាព ល្មើសរបស់យុវជន តៅ សាវឿន ផងដែរ ដោយសម្តេចបានបញ្ជាក់ម្តងហើយម្តងទៀតថា សម្តេច មិនបានប្តឹងទៅ យុវជនខាងលើទេ៕

(UPDATE) យុវជនគំរាមសម្លាប់ សម្តេច ស ខេង នៅលើ Facebook នឹងត្រូវដោះលែង នៅសប្តាហ៍ក្រោយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត