«កុំ​ឲ្យ​នរណា​ផ្សេង ថើប​មាត់​ទារក​របស់​អ្នក!»

សូមពិចារណា... មុននឹងអ្វីៗ ត្រូវហួសពេល។ នេះជាសារព្រមាន ហើយក៏ជាការចែករំលែក នូវបទ​ពិសោធន៍ របស់​ស្ត្រី​ជា​ម្ដាយ​ម្នាក់ ដែលកូនខ្ចីរបស់ខ្លួន ត្រូវបានរងគ្រោះ ព្រោះការប៉ះពាល់​អោបថើប ពី​សំណាក់​មនុស្ស​ខាង​ក្រៅ​គ្រួសារ។
«កុំ​ឲ្យ​នរណា​ផ្សេង ថើប​មាត់​ទារក​របស់​អ្នក!»
ទារិកា ប្រូគី ដែលរងនូវជំងឺគ្រុនពងបែក។ (រូបថតហ្វេសប៊ុក)

អ្នកស្រី ក្លែរ អេនដឺសុន (Claire Henderson) អ្នកម្ដាយវ័យក្មេងមួយរូប ដែលកំពុងនឹកស្ដាយក្រោយ បាន​បង្ហោះ​សារ«ព្រមាន»មួយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីប្រាប់ដល់ម្ដាយឪពុក របស់ទារកដទៃទៀត ឲ្យ​ធ្វើការ​ហាមប្រាម កុំឲ្យនរណាម្នាក់ផ្សេង ក្រៅពីមនុស្សនៅក្នុងគ្រួសារ អោបថើបកូនខ្ចីរបស់ខ្លួន។

កូនរបស់នាង ទារិកា ប្រូគី (Brooke) បានចូលទៅសម្រាកពេទ្យ តាំងពី៥ថ្ងៃមកហើយ (បើគិតទៅនឹងថ្ងៃ ដែល​នាងបានបង្ហោះសារ នៅលើហ្វេសប៊ុក) ដោយសារអាការៈពងបែក រោលរាលនៅលើផ្ទៃមុខ បំពង់ករ និងនៅ​លើ​បបូរមាត់។ នាងតូចបានរងគ្រោះ ដោយសារមេរោគ អ៊ែរប៉េស (herpès simplex ឬគ្រុនពងបែក)  ដែលអាចធ្វើ​ឲ្យ​កុមារី ប្រូគី មានគ្រោះថ្នាក់ធ្ងន់ធ្ងរ (ដល់ជីវិត) បើព្យាបាលមិនទាន់។

រស់នៅក្នុងក្រុង «Doncaster» នៃចក្រភពអង់គ្លេស អ្នកស្រីបានពន្យល់ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា គ្រប់​មនុស្ស ដែលបានចាប់កូនរបស់នាង យកទៅ​អោប​ថើបនោះ សុទ្ធតែមនុស្សស្អាតល្អ មិនមែនមើលពី​ខាង​ក្រៅ ជាអ្នកស្មោគរោគនោះឡើយ។ អ្នកស្រីបាន​សរសេរ​ថា៖ «វាហាក់ដូចជាចង់មានការភ្ញាក់ផ្អើល នៅ​ចំពោះ​សារ​របស់​ខ្ញុំ។ ប៉ុន្តែ ប្រូគី បានស្ថិតក្នុងការសង្គ្រោះ ដោយការ​បន្តោងសេរ៉ូម អស់រយៈ​ពេល៥ថ្ងៃ។ កូនស្រី​ខ្ញុំ ពិត​ជា​មាន​សំណាង​ណាស់។»

«សូមកុំទុកឲ្យនរណាម្នាក់ អោបថើបកូនខ្ចីរបស់អ្នក ពីលើមាត់ឲ្យសោះ បើទោះជាមនុស្សនោះ គ្មានរោគ​សញ្ញា​អ្វីក៏ដោយ។ មនុស្សប្រមាណជា ៨៥% មានផ្ទុកមេរោគប្រភេទនេះ។» នេះជាបទពិសោធន៍ ដែលអ្នកស្រី ក្លែរ ថ្លែង​ទៅកាន់ឪពុកម្ដាយទាំងឡាយ ក្នុងលោក។

សូមរំលឹកជូនថា ជំងឺគ្រុនពងបែក ចម្លងតាមការរស់នៅកខ្វក់ និងការប៉ះពាល់តាមមាត់។ ទារកទើបនឹងកើត ដែលមានអង្គការពារប្រាណ នៅខ្សោយនោះ ងាយនឹងរងគ្រោះ ព្រោះមេរោគគ្រុនពងបែក ជាទីបំផុត។ មេរោគ​​នេះ អាច​សំងំ​នៅស្ងៀម មិនមានចេញអាការៈអ្វី នៅក្នុងខ្លួនមនុស្ស ក្នុងរយៈពេលរាប់សិបឆ្នាំ មុន​នឹង​ផ្ទុះ​រោគ​សញ្ញា នៅថ្ងៃ​ណា​មួយ។ នៅពេលដែលមនុស្សណាម្នាក់ បានធ្លាក់ខ្លួនឈឺជំងឺនេះ នៅពេលនោះ គេពិបាក​ក្នុង​ការ​ព្យាបាលវា ឲ្យជាសះណាស់ ឬអ្នកជំងឺអាចស្លាប់តែម្ដង៕