ប្រាសាទប្រែរូប​កសាង​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​

Sanofi

ប្រាសាទប្រែរូប មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២ ៣០០ ម៉ែត្រ ពី​ផ្លូវខ្វែង​វង់​ធំ និង វង់​តូច​នៃ​តំបន់​អង្គរ​ក្នុង​ខេត្តសៀមរាប ត្រង់​ជ្រុង​ស្រះស្រង់​នៃ​ផ្លូវកែង​កាច់​ទៅ​ទិស​ខាងជើង និង មាន​ចម្ងាយ​ប្រមាណ ៥០០ ម៉ែត្រ ពី​តំបន់​ខាងត្បូង​ទក្សិណ​នៃ​បារាយណ៍​ទិស​បូព៌ា​គឺ​ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ ១៦ ។​

​តាម​ឯកសារ​កំណើត​អង្គរ ដែល​ចងក្រង​ដោយ​លោក មារ បូ មន្ត្រី​អភិរក្ស​តំបន់​អង្គរ នា​ខេត្ត សៀមរាប បោះពុម្ព​នៅ​ឆ្នាំ ១៩៦៩ បានបង្ហាញ​ឲ្យ​ដឹងថា ប្រាសាទប្រែរូប​នេះ​ត្រូវបាន​កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី ១០ ក្នុង​គ្រិស្តសករាជ ៩៦១ ដោយ​ស្នា​ព្រះហស្ត​ព្រះបាទ រាជេន្ទ្រ​វ​រ័​ន្ម ប​ច្ឆា​មរណៈ​ព្រះនាម សិវ​លោក ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​លទ្ធិ​ព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូប​នេះ​គឺ​បាន​សាងសង់ឡើង​ក្រោយ​ប្រាសាទ​មេបុណ្យ ក៏ប៉ុន្តែ​ប្រាសាទ​នេះ​មាន​ទ្រង់ទ្រាយ​ស្រដៀង​គ្នា​នឹង​ប្រាសាទ​មេបុណ្យ​ដែរ ពោលគឺ​ប្រាសាទ​ដែល​កសាង​ឡើងជា​ប្រាសាទភ្នំ ព្រមទាំង​មាន​ថែវ​លេច​លយ​ចេញ​តាំងពី​ពេល​កសាង​មក​ម្លេះ ហើយ​មាន​រៀប​ជា​បន្ទប់​វែងៗ​សំយុង​ចុះមក​ក្រោម ។​

ប្រជាជន​នៅ​តំបន់​អង្គរ​ច្រើនតែ​និ​យា​យា​ថា ប្រាសាទប្រែរូប​គឺជា​កន្លែង​បូជាសព​ស្តេច​នា​សម័យ​នោះ ដោយ​សំអាង​លើ​ប្រាសាទ​នេះ​មាន​កន្លែង​មួយ​រាង​បួន​ជ្រុង​ទ្រវែង​នៅ​ទល់មុខ​កាំជណ្តើរ​ឡើង​ទៅលើ​កំពូល​ប្រាសាទ​ទាំង​ប្រាំ គឺជា​កន្លែង​បូជាសព និង មួយកន្លែង​ទៀត​នៅ​ជ្រុង​ផ្នែក​ឦសាន​មាន​តួ​ប៉ម​តូច​មួយ ដែល​គេ​គិតថា ជា​កន្លែង​សម្រាប់​លាង​ធាតុ​បន្ទាប់ពី​បូជាសព​រួចហើយ កន្លែង​ដែលមាន​រាង​បួន​ជ្រុង​នេះ​គឺ​សម្រាប់​ដាក់​រូប​គោ​បែរមុខ​ទៅរក​ប្រាសាទ តែ​សព្វថ្ងៃ​បាត់​រូបរាង​ទៅហើយ និង កន្លែង​ដែល​នៅ​ទិសឦសាន​គឺជា​កន្លែង​សម្រាប់​ដាក់​សិលាចារឹក ព្រមទាំង​មាន​កន្លែង​អាថ៌កំបាំង​ជាច្រើន​ទៀត​។​

តាម​សិលាចារឹក​របស់​ប្រាសាទប្រែរូប​បានបញ្ជាក់​នូវ​កាល​វេលា​នៃ​ការកសាង​យ៉ាងច្បាស់ ព្រមទាំង​បានបញ្ជាក់​អំពី​ព្រះរាជ​វង្ស​នៃ​ព្រះបាទ រាជេន្ទ្រ​វ​រ័​ន្ម ដែល​ព្រះអង្គ​បាន​សាងសង់​លិង្គ​ឈ្មោះ​រាជេន្ទ្រ​ភ​ទ្រេ​ស្វរៈ​ដាក់​នៅ​នឹង​តួ​ប្រាសាទ​កណ្តាល ហើយ​ក៏មាន​បង្ហាញ​ដោយ​រូបសំណាក​ព្រះអង្គ​តម្កល់​នៅ​នឹង​ប្រាសាទ​តាម​ជ្រុង​ផងដែរ ដែល​សុទ្ធសឹងតែ​ទាក់ទង​នឹង​លទ្ធិ​ព្រហ្មញ្ញសាសនា ។​ ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ប្រាសាទប្រែរូប​គឺជា​មត៌ក​វប្បធម៌​ខ្មែរ ដែល​បានទទួល​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​មក​លម្ហែ​កម្សាន្ត និង ទស្សនា​មិនដែល​ដាច់​ឡើយ​ព្រោះតែ​ប្រាសាទបុរាណ​នេះ​មាន​ភាព​អស្ចារ្យ និង បង្អួត​សម្រស់​យ៉ាង​ឆើតឆាយ ។

ប្រសិនបើ​លោកអ្នក​បានមក​ដល់ទី​បរិវេណ​ប្រាសាទប្រែរូប​ហើយ​នោះ​គឺ​ប្រាកដជា​មិន​ចង់​វិល​ទៅវិញ​ភ្លាមៗ​ឡើយ ដោយ​ម្នាក់ៗ​ហាក់ដូចជា​ជក់ចិត្ត​យ៉ាងខ្លាំង​ជាមួយនឹង​ការដើរ​ទស្សនា​សំណង់​ប្រាសាទ​ដែលមាន​រំលេច​ដោយ​ក្បូរក្បាច់​រចនា​យ៉ាង​ប្រណីត និង ថត​ផ្តិត​យក​រូបភាព​ប្រាសាទប្រែរូប​ស្ទើរតែ​គ្រប់​ប្លង់ ដោយ​ភាព​ផ្ចិតផ្ចង់​បំផុត​ជាពិសេស​ភ្ញៀវទេសចរ​ក៏​អាច​ឡើងទៅ​តួ​ប៉ម​ប្រាសាទ​នីមួយៗ ដើម្បី​រង់ចាំ​ទស្សនា​ផ្ទាំងទស្សនីយភាព​ព្រះ​សុរិយា​ហៀ​ប​អស្តង្គត​បាន​យ៉ាង​សប្បាយរីករាយ​ផងដែរ ៕​នឿន​

  

 

 

 

Related