អ៊ីស្រា​អែល​និង​ហ្ស៊​កដា​នី​សម្រេចបាន​កិច្ច​ព្រម​ព្រៀង​ស្តីពី​ទីលាន​សាសនា​នៅ​Jérusalem

ប្រមុខ​ការទូត​អាមេរិក ច​ន ឃែ​រ​រី បានប្រកាស​ពី​កិច្ចព្រមព្រៀង​នេះ នៅ​ក្រុង​អា​ម៉ាន់ ប្រទេស​ហ្ស៊​កដា​នី នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។ជា​កិច្ចព្រមព្រៀង​ដើម្បី​ដោះស្រាយ​ហិង្សា​ជម្លោះ​ដែល​ផ្ទុះឡើង តាំងពី​ខែកញ្ញា រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន។ ជា​ជម្លោះ​ទាក់ទង​នឹង​ទីលាន​បន់ស្រន់ នៅ​ក្រុង​ហ្សេ​រុយ​សា​ឡិ​ម។

គួររំលឹកថា ជម្លោះ​នៅ​ទីលាន​សាសនា បាន​ផ្ទុះឡើង នៅ​ក្រុង​ហ្សេ​រុយ​សា​ឡិ​មចាស់ តាំងពី​ថ្ងៃ១៣កញ្ញា ថ្ងៃបុណ្យ​ចូលឆ្នាំ​ជនជាតិ​ជ្វី​ហ្វ។ ថ្ងៃនោះ ប៉ា​ឡេ​ស្ទី​ន​បាន​ចោទ​អ៊ីស្រាអែល​ថា អនុញ្ញាតអោយ​ជនជាតិ​ជ្វី​ហ្វ​មក​បន់ស្រន់ នៅ​ទីលាន​ដែល​ប្រមូលផ្តុំ​ដោយ​វិហារ​សាសនា ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ចែង​តាំងពី​ឆ្នាំ១៩៦។

កិច្ចព្រមព្រៀង​ដាក់ចេញ​ឆ្នាំ១៩៦៧ ដាក់​កម្រិត​អោយ​ជនជាតិ​ជ្វី​ហ្វ​អាចមក​ទីលាន​សាសនា តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ពួកគេ​គ្មាន​សិទ្ធី​បន់ស្រន់​ទេ។ ផ្ទុយទៅវិញ យោងតាម​កិច្ចព្រមព្រៀង ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​មាន​សិទ្ធិ​ចូលទៅ​បន់ស្រន់ គ្រប់ពេលវេលា។ គួរ​បញ្ជាក់ថា សម្រាប់​ជនជាតិ​ជ្វី​ហ្វ ទីលាន​សាសនា​នេះ ក៏​ជាទី​កន្លែង​ដែល​ពួកគេ​ធ្លាប់​បន់ស្រន់ ពីមុនមក​ដែរ។

ដោយសារ​ប៉ា​ឡេ​ស្ទី​ន​បាន​ចោទប្រកាន់​ដូច្នេះ ហិង្សា​បាន​ផ្ទុះឡើង​ប្រឆាំងនឹង​អ៊ីស្រាអែល។ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រើ​កាំបិត បង្ក​ហិង្សា​ធ្វើអោយ​ប្រជាជន​អ៊ីស្រាអែល​បារម្ភ​ខ្លាំង។ ទាហាន​អ៊ីស្រាអែល​បាន​បាញ់​តបត​ទៅវិញ ធ្វើអោយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ស្លាប់​ច្រើន​នាក់។

ក្នុងចំណោម​វិធានការ​នៃ​កិច្ចព្រមព្រៀង​ដែល​ហ្ស៊​កដា​នី​និង​អ៊ីស្រាអែល​សម្រេចបាន នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​ដោះស្រាយ​ហិង្សា គេ​ឃើញ​មាន​វិធាន​ការដាក់​កាមេរ៉ា​វីដេអូ២៤ម៉ោង លើ២៤ម៉ោង ដើម្បី​ថត​មើលថា តើ​ភាគី​អ៊ីស្រាអែល​ពិតជា​បាន​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​ឆ្នាំ១៩៦៧ ដោយបាន​អនុញ្ញាតអោយ​ប្រជាជន​ខ្លួន​មក​បន់ស្រន់​មែនរឺ​យ៉ាងណា។ ជា​វិធាន​ការដែល​ស្នើឡើង​ដោយ​ក្សត្រ​អាប់​ដា​ឡា​II នៃ​ប្រទេស​ហ្ស៊​កដា​នី។

គួរ​បញ្ជាក់ថា ហ្ស៊​កដា​នី​ក៏​ដូច​ប៉ា​ឡេ​ស្ទី​ន​ដែរ បាន​ចោទថា អ៊ីស្រាអែល​ចង់​បែងចែក​ទីលាន​សាសនា នៅ​ហ្សេ​រុយ​សា​ឡិ​ម ជា​ពីរ​ចំណែក​ផ្សេង​ពីគ្នា ដើម្បី​ជា​ប្រយោជន៍​អោយ​ជនជាតិ​ជ្វី​ហ្វ​បាន​ចូលទៅ​បន់ស្រន់។ ប៉ុន្តែ អ៊ីស្រាអែល​បាន​បដិសេធ​ការចោទប្រកាន់​នេះ។

នៅ​ក្រុង​តែ​ល អា​វីវ ថ្ងៃ​សៅរ៍​ម្សិលមិញ​ដែរ ប្រជាជន​អ៊ីស្រាអែល​រាប់ពាន់នាក់​បាន​ចូលរួម​បាតុកម្ម​ជាមួយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ទាមទារ​អោយ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ចូល​តុ​ចរចា​រក​ដំណោះស្រាយ​សន្តិភាព​ឡើងវិញ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​