លោក Kerry៖ អ៊ីស្រាអែល​និង​ហ្ស៊កដានី​យល់​ព្រម​កាត់​បន្ថយ​ភាព​តានតឹង​នៅ​កន្លែង​ពិសិដ្ឋ

លោក Kerry៖ អ៊ីស្រាអែល​និង​ហ្ស៊កដានី​យល់​ព្រម​កាត់​បន្ថយ​ភាព​តានតឹង​នៅ​កន្លែង​ពិសិដ្ឋ

ព្រះ​ចៅ Abdullah II របស់​ប្រទេស​ហ្ស៊កដានី (រូប​ស្តាំ) ជួប​ជាមួយ​លោក​ John Kerry រដ្ឋ​មន្រ្តី​ការបរទេស​នៅ​រាជវាំង​ក្នុង​ក្រុង​អាម៉ាន់ ប្រទេស​ហ្ស៊កដានី។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. ​John Kerry ​បាន​មាន​ប្រសាសន៍​ថា​ ប្រទេសអ៊ីស្រាអែល និង​ប្រទេស​ហ្ស៊កដានី (Jordan) បាន​យល់​ស្រប​គ្នា​អំពី​វិធានការ​ជាក់លាក់​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ដាក់​វីដេអូ​ឃ្លាំ​មើល​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ដែល​បាន​នាំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ប្រកប​ដោយ​ហិង្សា​នៅ​ក្នុង​កន្លែង​ពិសិដ្ឋ​នៃ​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem) ដែល​ជា​ទីសក្ការបូជា​សម្រាប់​ជន​អំបូរ​ជីហ្វ និង​អ្នក​កាន់​សាសនា​ឥស្លាម។

លោក Kerry បាន​មាន​ប្រសាសន៍​ថា «អំពើហិង្សា​ទាំង​អស់​ និង​ការ​ញុះញង់​ឱ្យ​មាន​អំពើហិង្សា​ត្រូវ​តែ​បញ្ឈប់។​ ក្រុម​មេដឹកនាំ​ត្រូវ​តែ​នាំ​មុខ​គេ»។ លោក​បាន​និយាយ​ដូច្នេះ​នៅ​ក្នុង​ក្រុង​អាម៉ាន់ (Amman) ដែល​នៅ​ទី​នោះ​លោក​បាន​ជួប ជាមួយ​ព្រះ​ចៅ​ Abdullah នៃ​ប្រទេស​ហ្ស៊កដានី និង​លោក​ Mahmoud Abbas មេដឹកនាំ​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃសៅរ៍។

អំពើ​ហិង្សា​ដែល​កើន​ខ្លាំង​ឡើងៗ​កាល​ពី​ពីរ​បី​សបា្តហ៍​មុន​នេះ​បាន​បណ្តាល​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​តិច​ណាស់​១០នាក់​ និង​ជនជាតិ​ប៉ាឡេស្ទីន​ប្រមាណ​៥០នាក់​បាត់បង់​ជីវិត។ កាល​ពី​ថ្ងៃ​សៅរ៍​ ក្រុម​ប៉ូលិស​អ៊ីស្រាអែល​បាន​សម្លាប់​បុរស​ប៉ាឡេស្ទីន​ម្នាក់​ដែល​បាន​ប៉ុនប៉ង​ចាក់​មន្ត្រី​សន្តិសុខ​ម្នាក់​នៅ​ត្រង់​កន្លែង​ឆ្លង​កាត់​មួយ​នៅ​ចន្លោះ​ប្រទេស​អ៊ីស្រាអែល និង​តំបន់​ត្រើយ​ខាង​លិច​នៃ​ទន្លេ​ហ្ស៊កដានី​ដែល​គ្រប់គ្រង​ដោយ​ប៉ាឡេស្ទីន។​

កាល​ពី​បី​ថ្ងៃ​មុន​នេះ​ លោក Kerry បាន​ជួប​ជាមួយ​ភាគី​ទាំង​អស់​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដោយ​រួម​មាន​ទាំង​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ផង​ដែរ៕