បុគ្គលិក​​តេ​លា​ ត្រូវក្រុមចោរ​​​យក​ ដែក​វាយ​កញ្ចឹងក​​​ប្លន់​យក​ម៉ូតូ​​

រាជ​ធានីភ្នំពេញ ៖ ​បុរស​​​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ត្រូវ​​ក្រុម​ចោរ​ប្លន់​​៤​នាក់​វាយ​ នឹង​ដែក​សរសៃ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​​ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ​តុលា តាម​បណ្ដោយ​ផ្លូវ​លេខ​​៥៩៨ ​ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​ ។

បុរស​​រង​គ្រោះ​ ​ឈ្មោះ​ ប៊ុ​ន ណា​ថា​រ៉ា ​អាយុ​២៥​ឆ្នាំ ​​ជា​បុគ្គលិក​ចាក់​សាំង​​​​នៅ​ក្រុម​ហ៊ុន​ប្រេង​តេ​លា​ទល់មុខ​ហ្គ្រេ​ន​ ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​២០០ ផ្លូវ​២៥៥ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​បាត​តាង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ​ខេត្តព្រៃវែង ជិះ​ម៉ូតូ​​ម៉ាក​ហុង​ដា ​ស៊េរី​ឆ្នាំ​២០១២​ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-7108 ​។

​បុរស​​រង​គ្រោះ​ បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​ទើបតែ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​​​ទៅ​ធ្វើការ​​លុះ​មក​ដល់​កន្លែង​កើតហេតុ​ មាន​ជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក​​មក​អែប​ជិត ​រួច​យក​ដែក​សរសៃ​វាយ​កញ្ចឹងក​គាត់ពីក្រោយ​ ​តែ​រូបគេ​​​យក​ដៃ​រង​បណ្ដាលឱ្យ​រ​ងរ​បួស​​​កដៃ​ ហើយ​​ក៏ដួល​ម៉ូតូ​ធ្លាក់​​​ចូល​ក្នុងព្រៃ​នៅ​តាម​ចិញ្ចើម​ផ្លូវ ​ក្រុម​ចោរ​​​ចុះ​ពីលើ​ម៉ូតូ​បម្រុង​វាយ​បន្ថែម​ទៀត ​គាត់​​ក៏​រត់គេច​ខ្លួន​ទើប​​ក្រុម​ចោរប្លន់​ទាំងនោះ​​​លើកយក​ម៉ូតូ​ជិះ​ចេញ ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​​កើតហេតុ​ ​​បុរស​​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​​ គីឡូម៉ែត្រ​លេខ​៦​ ​ដើម្បី​វែកមុខ​​ក្រុម​ចោរ​ទាំង​នោះ​​​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់៕

បុគ្គលិក​​តេ​លា​ ត្រូវក្រុមចោរ​​​យក​ ដែក​វាយ​កញ្ចឹងក​​​ប្លន់​យក​ម៉ូតូ​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត