សម្តេចតេជោ ហ៊ុន សែន ប្រដូចការរិះគន់ របស់មន្រ្តីបក្សប្រឆាំង លើកម្មវិធី «Cambodian Idol» ដូចការរិះគន់ លទ្ធផលបោះឆ្នោត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រដូចការរិះគន់ របស់លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទៅលើកម្មវិធីប្រលងចម្រៀង «Cambodian Idol» ថាដូចជា ការរិះគន់ និងប្រឆាំង ទៅលើលទ្ធផលបោះឆ្នោតនៅកម្ពុជាដូច្នោះដែរ។ សម្តេចតេជោ បានហៅការរិះគន់នេះថា គ្មានមូលដ្ឋាន និងស្នើឲ្យអ្នកនយោបាយ ឈប់ធ្វើការរិះគន់ និងលូកដៃលើលទ្ធផលកម្មវិធីប្រលងចម្រៀង ដែល កើតចេញពីការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរតាមប្រព័ន្ធទូរស័ព្ទ។

លោក អេង ឆៃអ៊ាង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ បានធ្វើការរិះគន់ទៅលើកម្មវិធីប្រឡង ចម្រៀងលំដាប់ពិភពលោក «Cambodian Idol» ថា មានភាពមិនប្រក្រតីក្នុងការជម្រុះបេក្ខជន។

ការរិះគន់របស់លោក អេង ឆៃអ៊ាង ដែលជាអ្នកតំណារាស្រ្តមណ្ឌលខេត្តបាត់ដំបូង បានធ្វើឡើង បន្ទាប់ពីបេក្ខជន អ៊ាម វន្នី មកពីខេត្តបាត់ដំបង បានជ្រុះចេញពីកម្មវិធីក្នុងវគ្គផ្សាយផ្ទាល់ «Live Show» សប្តាហ៍ទី៧ ។ លោក អេង ឆៃអ៊ាង រិះគន់ ដោយសារតែការបោះឆ្នោតរបស់អ្នកគាំទ្រមិនត្រូវបានបង្ហាញ។

ក្នុងវីដេឃ្លីបរយៈពេល ១០នាទីបង្ហោះនៅលើទំព័រ Facebook នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ មុនអញ្ជើញទៅ បំពេញទស្សនកិច្ចនៅប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន បានហៅការរិះគន់ថា គ្មានមូលដ្ឋាន និងមិនយល់ពី នីតិវិធី នៃការជ្រើសរើសរបស់កម្មវិធី។

សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា បើសូម្បីតែលទ្ធផល នៃកម្មវិធីប្រលងសិល្បៈមួយកើតចេញពីការសម្រេច របស់ប្រជាពលរដ្ឋ គណបក្សប្រឆាំង មិនទាំងទទួលស្គាល់ផង តើមានហេតុផលណា ដែលបក្សប្រឆាំងទទួល ស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ «តាមរបៀបនេះ យើងអាចមើលឃើញថា  គណៈកម្មការបោះឆ្នោត និងបាតុកម្ម ប្រឆាំងលទ្ធបោះឆ្នោត បានកើតជារឿយៗ គឺយ៉ាងដូច្នេះឯង។ សូម្បីតែក្នុងរឿងសិល្បៈ ដែលប្រជាពលរដ្ឋបោះ ឆ្នោត ក៏គេមិនទទួលស្គាល់ផង តើមានហេតុផលអ្វី ដែលនឹងត្រូវទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះយើងអាចប្រៀបធៀបបានទៅហើយ លើករណីនេះ ហើយសង្ឃឹមថា អ្នកនយោបាយនានា មិនលូកលាន់ជាមួយបញ្ហានេះ ដោយការធ្វើអត្ថាធិប្បាយបំពានលើសិទ្ធិសម្រេច របស់ប្រជា ពលរដ្ឋនោះទេ»។

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បេក្ខជន បេក្ខនារី ដែលមិនទាន់ធ្លាក់ចេញពីកម្មវិធី កុំបាក់ទឹកចិត្ត ចំពោះ ការអត្ថាធិប្បាយ តាមរបៀបការប្រមាថពីអ្នកនយោបាយ។ សម្តេចសង្ឃឹមថា អ្នកនយោបាយមិនលូកដៃ ទៅក្នុង បញ្ហាសិល្បៈ នៃកម្មវិធីរបស់ទូរទស្សន៍មួយ៕

Posted by Vann Saray on Saturday, October 24, 2015