បាតុកម្ម​នៅ​ប៉ារីស៖ CPP ចោទ​បក្សប្រឆាំង​ថា​នៅ​ពីក្រោយ តែ​លោក យឹម សុវណ្ណ បដិសេធ​

បាតុករ​ប្រឆាំង​ប្រតិភូ​កម្ពុជានៅ​ប្រទេសបារាំង ដែល CPP ចោទ CNRP ថានៅពីក្រោយ ប៉ុន្តែ CNRP បដិសេធ។ រូបថតហ្វេសប៊ុកលោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្សកាន់អំណាច បានចាត់ទុក​បាតុកម្ម​ប្រឆាំង​គណៈប្រតិភូ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​បារាំង ថា​ជាការ​រៀបចំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ ទោះបីជា​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្សប្រឆាំង បាន​បដិសេធ​នឹង​ការចោទប្រកាន់​នេះ ដោយ​រូបលោក​អះអាងថា ទង្វើ​បែបនេះ​មិនមែនជា​គោលការណ៍​រប​ស់ប​ក្ស ដែល​ត្រូវធ្វើ​នោះទេ។

ថ្លែងប្រាប់​សារ​ព៌​ត៌មានថ្មីៗនាពេល​ព្រឹក​នេះ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ការប្រមូលផ្តុំ​របស់​ព​ល​រដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ធ្វើបាតុកម្ម​ប្រឆាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺជា​ការរៀបចំ និង​ការ​ញុះញង់​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «បាតុកម្ម​នេះ ច្បាស់​ណាស់​ថា​បក្សប្រឆាំង​នៅ​ពីក្រោយ»។

អ្នក​ពាក្យ​រូបនេះ​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង មិនបាន​យល់​ពី​សភាពការណ៍​ស្រុក​ខ្មែរ​ពិត​ប្រាកដថា ប្រទេសជាតិ​មានការ​រីកចម្រើន​ប៉ុណ្ណា​នោះឡើយ ដូច្នេះហើយ​បានជា​ពួកគេ​ឆាប់​ជឿ​តាម​ពាក្យ​ញុះញង់​របស់​ក្រុម​អ្នកប្រឆាំង។

កាលពី​ថ្ងៃទី២៤ ខែតុលា​ម្សិលមិញ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ជុំវិញ​រឿងនេះ។ ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​លើកឡើងថា បាតុកម្ម​ដែល​បានរៀបចំ​ឡើង​នៅ​ទីក្រុង​ប៉ារីស គឺ​មិនមែនជា​បាតុកម្ម​របស់​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​ជាការ​រៀបចំឡើង​ដោយ​អ្នកគាំទ្រ​បក្សប្រឆាំង​មួយក្រុម​តូច និង​មេដឹកនាំ​របស់ខ្លួន ក្នុង​គោលបំណង​បម្រើ​កម្មវត្ថុ​នយោបាយ និង​មហិច្ឆតា​របស់​គណបក្ស​នយោបាយ។

លោក យឹម សុវណ្ណ បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​របស់​ប​ក្ស​កាន់អំណាច ដែលថា​ការធ្វើ​បាតុកម្ម​គឹជា​ការ​ញុះញង់ និង​ការរៀបចំ​របស់​បក្ស​ស​ង្គ្រោះ​ជាតិ។ អ្នកនាំពាក្យ​គណបក្សប្រឆាំង បានបញ្ជាក់​យ៉ាងនេះ​ថា៖ «បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​បារាំង​ដាច់ខាត មិនមែនជា​ការរៀបចំ​របស់​បក្ស​សង្គ្រោះ​ជាតិ​ឡើយ។ បក្ស​សង្គ្រោះ​ជាតិ គ្មាន​គោលការណ៍​ណាមួយ ដែល​ត្រូវ​ដើរ​ញុះញង់​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស ឲ្យ​មក​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នោះទេ»។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមទៀតថា វា​មិនមែនជា​រឿង​ចម្លែក​ឡើយ ដែល​បក្ស​ប្រជាជន​កម្ពុជា ចោទ​បក្ស​សង្គ្រោះ​ជាតិ​ថា​នៅ​ពី​ក្រោយខ្នង​រឿងនេះ ព្រោះ​កន្លងមក​ឲ្យ​តែមាន​ក្រុម​ណា​ប្រឆាំងនឹង​រដ្ឋាភិបាល នោះ​បក្ស​សង្គ្រោះ​ជាតិ តែងតែ​រង​ការចោទប្រកាន់​ដូច្នេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី២៤ ខែតុលា ម្សិលមិញ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រស់នៅ​ប្រទេស​បារាំង បាន​ប្រមូល​ផ្តុំគ្នា ធ្វើបាតុកម្ម​ប្រឆាំងនឹង​លោក ហ៊ុន សែន ខណៈពេល​រូបលោក រួមទាំង​គណៈប្រតិភូ ទៅ​ទស្សនកិច្ច​នៅ​ទៅនោះ។ បាតុករ​ទាំងនោះ​បា​នស​រ​សេរ​អក្សរ​លើ​បដា និង​ស្រែកថា «ហ៊ុន សែន អើយ​ចុះ​ចេញទៅ! ហ៊ុន សែន អើយ​ចុះ​ចេញទៅ! »។  លោក ហ៊ុន សែន បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​បារាំង កាលពី​ម្សិលមិញ​នេះ ដើម្បី​ជួបចរចា​ជាមួយ​លោក  ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រធានាធិបតី​បារាំង និង​លោក ឡូ​រ៉ង់ ហ្វា​ប៊ី​យូ​ស រដ្ឋមន្ត្រីការបរទេស​បារាំង។
អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​ស្រប​នឹង​លោក សម រង្ស៊ី ប្រធាន​បក្សប្រឆាំង ដែល​កំពុងតែ​បំពេញ​បេស​សកម្ម​នៃ​ការជួប​សកម្មជន​រប​ស់​ខ្លួន​នៅ​ទីនោះ​ដែរ។ លោក សម រង្ស៊ី បាន​ចាក​ចេញពី​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​បារាំង កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​