អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​បារាំង​ជំរុញ​លោក ហ៊ុន សែន ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ចំនួន​៤ រួម​មាន សហព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ (FIDH) សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​បារាំង (LDH) សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) បាន​ចេញ​លិខិត​ចំហ ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​បារាំង ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះ​លែង​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ យុវជន សកម្មជន​ការពារ​បរិស្ថាន និង​ព្រះសង្ឃ​ចេញ​ពី​ពន្ធនាគារ។

សំណើ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ការ​ចាក​ចេញ​របស់ លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​ទីនោះ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ លើក​ឡើង​ថា ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ មក រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ខ្លួន​មនុស្ស​សរុប ២១​នាក់ ក្នុង​នោះ​រួម​មាន មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ១៤​រូប សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៤​រូប ព្រះសង្ឃ ២​អង្គ និង​និស្សិត ១​រូប។ ក្នុង​ចំណោម​ពួក​គេ​ទាំងអស់​នេះ ក៏​មាន​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រឆាំង លោក ហុង សុខហួរ ដែល​មាន​សញ្ជាតិ​បារាំង ផង​ដែរ។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​នេះ ចាត់​ទុក​ការ​ចាប់​ខ្លួន​ពួក​គេ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ពួក​គេ​ជំរុញ​ឲ្យ លោក ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះ​លែង​មន្ត្រី និង​សកម្មជន​ទាំង​នោះ​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ ពួក​គេ​ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​បារាំង ថ្កោលទោស​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ពេល​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។