តម្លៃ និង​ការ​ជួល​អចលនទ្រព្យ​ឧស្សាហកម្ម​នៅ​សិង្ហ​បុរី​ធ្លាក់​ចុះ​2​ត្រីមាស​ជាប់​គ្នា

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​របាយការណ៍​ប្រចាំត្រីមាស​ទី​៣ របស់​ក្រុមហ៊ុន​សាជីវកម្ម JTC Corporation ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ តុលា បង្ហាញ​ថា ការ​ជួល​អចលនទ្រព្យ​ដែល​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ពីរ​ត្រីមាស​ជាប់​ៗ​គ្នា ។

ការ​ជួល​កន្លែង​ទំនេរ​ដែល​បម្រើ​ឲ្យ​ផ្នែក​ឧស្សាហកម្ម​ទាំងឡាយ​នៅ​ក្នុង​ត្រីមាស​ទី​៣ បាន​ធ្លាក់​ចុះ​០,៨% និង​១,៦% បើ​ធៀប​នឹង​ឆ្នាំទៅ​។ ចំណែក​ការ​ជួល​កន្លែង​ទំនេរ​ជា​រោងចក្រ​ដែល​ប្រើ​មនុស្ស​ច្រើន ក៏​បាន​ថយ​ចុះ​១,១%​ដែរ បើ​ធៀប​នឹង​ត្រីមាស​ទី​២ និង​ធ្លាក់​១,៩% ធៀប​នឹង​ឆ្នាំ​២០១៤ ។

ក្រុមហ៊ុន JTC បង្ហាញ​ថា ការ​ថយ​ចុះ​ក្នុង​ស​ន្ទ​ស្សន៍​នៃ​ការ​ជួល​អចលនទ្រព្យ​ប្រភេទ​នេះ គឺ​មាន​ភាព​ផ្ទុយ​ពី​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៣% កាលពី​៤​ឆ្នាំ​មុន ហើយ​តម្លៃ​មានការ​ធ្លាក់​ចុះ​០,៣% បើ​ធៀប​នឹង​អំឡុង​ពេល​ត្រីមាស​ទី​២ និង​ឆ្នាំ​២០១៤ ។

តម្លៃ​កន្លែង​ទំនេរ​សម្រាប់​រោងចក្រ​ប្រើប្រាស់​មនុស្ស​ច្រើន​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ពីរ​ត្រីមាស​ជាប់​ៗ​គ្នា គឺ​ធ្លាក់​០,៤% ធៀប​នឹង​ត្រីមាស​ទី​២ និង​០,៨% ធៀប​នឹង​ឆ្នាំទៅ ។
ក្រុមហ៊ុន JTC លើក​ឡើង​ថា ភាព​ផ្ទុយ​គ្នា និង​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ចាប់ពី​៨% ទៅ​៩% ធៀប​នឹង​៤​ឆ្នាំ​មុន ។ ចំណែក​អត្រា​មធ្យម​នៃ​អ្នក​ចូល​កាន់កាប់ ឬ​ស្នាក់​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម សរុប​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​០,២​ពិន្ទុ​ពី​អត្រា​៩០,៨% កាលពី​ត្រីមាស​ទី​២ ។

រីឯ​ការ​កើនឡើង​១%​ក្នុង​ការ​ផ្គត់ផ្គង់ គឺ​ប្រសើរ​ជាង​អត្រា​០,៨% នៃ​ការ​កើនឡើង​នៃ​តម្រូវការ​នេះ ។ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លង​មក អត្រា​មធ្យម​នៃ​អ្នក​ស្នាក់​នៅ ឬ​ចូល​កាន់កាប់​កន្លែង​ទំនេរ​ប្រភេទ​នោះ​នៅ​មាន​កម្រិត​ទាប​ជាង​មុន​០,១​ពិន្ទុ​។ ចំណែក​កន្លែង​ទំនេរ​ឧស្សាហកម្ម​៣,៨​លាន​ម៉ែត្រក្រឡា​ទៀត​នឹង​ត្រូវ​បាន​បំពេញ​បញ្ចប់​នៅ​ក្នុង​ត្រីមាស​ទី​៤ និង​ឆ្នាំ​ក្រោយ រាប់​បញ្ចូល​កន្លែង​ទំនេរ​សម្រាប់​រោងចក្រ​ដោយ​ប្រើ​មនុស្ស​ច្រើន​ប្រមាណ​ជា​៨១០.០០០​ម៉ែត្រក្រឡា ។

នេះ​ជា​កម្រិត​ខ្ពស់ នៃ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ប្រចាំឆ្នាំ​ក្នុង​រង្វង់​១,៦​លាន​ម៉ែត្រក្រឡា និង​១,២​លានម៉ែត្រក្រឡា​ក្នុងអំឡុងពេល​៣​ឆ្នាំ​មុន ហើយនឹង​ដាក់​សម្ពាធ​បន្ថែម​លើ​និន្នាការ​ថយ​ចុះ​នូវ​អត្រា​ជា​មធ្យម​នៃ​អ្នក​ចូល​កាន់កាប់​ទីកន្លែង​ទាំងនោះ​ដែរ ។

ក្រុមហ៊ុន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ និង​ការ​ជួល​បាន​ចុះ​ខ្សោយ​ដោយសារ​ការ​កើនឡើង​នូវ​តម្រូវការ​ទីធ្លា​ទំនេរ និង​ដី​ឧស្សាហកម្ម​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។
JTC បញ្ជាក់​ថា ការ​ផ្គត់ផ្គង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិតកម្ម​ក្នុង​រយៈពេល​២-៣​ឆ្នាំ​ក្រោយ ហើយ​មាន​ជម្រើស​ដ៏​ទូលំទូលាយ​សម្រាប់​រៀបចំ​គម្រោងការ​របស់​ឧស្សាហករ​ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់​ពួក​គេ ៕