ម្តាយ និង កូន រស់នៅ​ពនេចរ​ពុំមាន​អ្វី​ទីពឹង​

Sanofi

មនុស្ស​គ្រប់រូប​កើតមក​មិនមាន​យក​អ្វី​មក​តាម​ខ្លួន​ឡើយ ហេតុអ្វី​បានជា​មានការ​បែងចែក​ឲ្យ​មាន​អ្នកមាន អ្នកក្រ​ទៅវិញ តើ​វា​ជា​ព្រហ្ម​លិខិត​ឬ ? តាម ពិត​ការលើកឡើង​នេះ​គ្រាន់តែ​ជាការ​បោកប្រាស់​ចិត្ត ឬ ក៏​គ្រាន់តែ​ជាការ​លួង​ចិត្ត​របស់​មនុស្ស​ប៉ុណ្ណោះ ។ ជាក់ស្តែង​ដូចជា​អ៊ំស្រី​ព្រើ​ង ណាត អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម ដែលមាន​ជីវភាព​ក្រលំបាក​វេទនា ប៉ុន្តែ​គាត់​នៅតែ​ខិតខំ​តស៊ូ​ដើម្បី​រស់ ដោយ​គាត់​បាន​និយាយថា នេះ​ប្រហែលជា​ព្រហ្ម​លិខិត​ដាក់ទណ្ឌកម្ម​មកលើ​រូបគាត់ ហើយ​មើល៍ទៅ​បានជា​ជីវិត​របស់គាត់​រស់​យ៉ាង​វេទនា​ដូច្នេះ !

​ពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​«​ប្រជាប្រិយ​» អ៊ំស្រី ព្រើ​ង ណាត បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​ដ៏​លំបាក​របស់គាត់​ថា គាត់​ជា​ស្ត្រី​មេម៉ាយ មានកូន​ពីរ​នាក់ គ្មានអ្វី​ទីពឹង គ្មាន​ដីធ្លី ផ្ទះសម្បែង​រស់នៅ​ទេ បន្ទាប់ពី​ប្តី​របស់គាត់​បាន​ស្លាប់​កាលពី ៦ ឆ្នាំមុន​នោះ ។ កាលពីមុន​គាត់​មាន​ដីធ្លី​ធ្វើស្រែ​ចម្ការ និង មានផ្ទះ​សម្បែង​ដូច​អ្នកភូមិ​ដទៃទៀត​ដែរ ពេលនោះ​គាត់​បានរស់នៅ​សុខសាន្ត​ដូច​គ្រួសារ​កសិករ​ដទៃទៀត នៅក្នុង​ភូមិ​ជាមួយ​គាត់​ដែរ តែ​ភាពសុខសាន្ត សុភមង្គល​ទាំងនោះ មិនបាន​នៅ​ឋិតថេរ​យូរអង្វែង​ឡើយ វា​បាន​រលាយបាត់​បន្តិច​ម្តងៗ ក្រោយពី​ប្តី​របស់​អ៊ំស្រី​ធ្លាក់ខ្លួន​ឈឺ ។

គាត់​បាន​ព្យាបាល​ជំងឺ​ប្តី​អស់ប្រាក់ លក់​គោក្របី ដីស្រែ​ចម្ការ​អស់​រលើង​ក៏​នៅតែ​មើលជំងឺ​ប្តី​មិនជា​ទៀត ចុងបញ្ចប់​ប្តី​របស់គាត់​ក៏បាន​ស្លាប់ចោល​គាត់ និង កូនៗ ។ ពេល​ប្តី​របស់គាត់​ស្លាប់ទៅ គាត់​មិន​ត្រឹមតែ​អស់​ដីស្រែ​ចម្ការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​បាន​វ័ណ្ឌក ទៅដោយ​បំណុល ដែល​បន្សល់ទុក​កាលពី​ប្តី​គាត់​ឈឺ ដូចនេះ​ដើម្បី​ដោះបំណុល​គេ​ទាំងនោះ គាត់​ក៏​លក់​ដីធ្លី ផ្ទះសម្បែង ដែល​នៅសល់​ចុងក្រោយ​បន្តិចបន្តួច​នេះ ដើម្បី​សងបំណុល​គេ​បង្ហើយ ។​​ក្រោយពី​អស់​ដីធ្លី ផ្ទះសម្បែង អ៊ំស្រី ព្រើ​ង ណាត និង កូនៗ បាន​រស់​របៀប​គោចរ ពេញ​ភូមិ ជួនកាល​គាត់​រស់​តាម​វត្ត​អារាម តាម​សាលារៀន ឬ តាម​សំយាបផ្ទះ​របស់គេ​ប្តូរ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ជួនកាល​គេ​ដេញ​ចេញពី​សំយាបផ្ទះ​គេ​ទាំងយប់​ក៏មានដែរ ។​

អ៊ំស្រី ព្រើ​ង ណាត បាន​រៀប​រាប់ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា អស់​រយៈពេល​ជាង ៦ ឆ្នាំ មកហើយ ដែល​គាត់​រស់នៅ​យ៉ាង​លំបាក​វេទនា​ជាមួយនឹង​កូនប្រុស ២ នាក់​។ ដោយ​ឃើញ​គាត់​មាន​ជីវភាព​លំបាក​វេទនា​ពេក កូនប្រុស​ច្បង​របស់គាត់​ដែលមាន​អាយុ​ទើបតែ ១៧ ឆ្នាំ ក៏បាន​សុំ​គាត់​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​កាលពី​បី​ឆ្នាំមុន ហើយ​រហូតមក​ដល់ពេលនេះ កូនប្រុស​ច្បង​របស់គាត់ ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នោះ បាន​បាត់​ដំណឹង​សូន្យឈឹង​មិនដឹង​ជា​រស់នៅ​ទីណា​នោះទេ មាន​សេចក្តីសុខ​ឬ​អត់ ? ហើយ​ប្រា​ក់មួយ​រៀល​ក៏​គេ​មិនដែល​បាន​ផ្ញើមក​ឲ្យ​គាត់​ជា​ម្តាយ​ដែរ ។

ឯ​កូន​ទី​ពីរ​របស់គាត់​ដែលមាន​អាយុ ១០ ឆ្នាំ​ទៅហើយ ក៏​មិនបាន​ចូលរៀន​ដែរ ព្រោះ​គ្មាន​ប្រាក់​ឲ្យ​កូន​ទៅ​រៀន ។ គាត់​ថា កុំថាឡើយ​មាន​ប្រាក់​ឲ្យ​កូន​ទៅ​រៀន សូម្បីតែ​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង​ក៏​គ្មាន​ដែរ សព្វថ្ងៃ​គាត់​ដើរ​ស៊ីឈ្នួល​តាម​ផ្ទះ​គេ ដូចជា​លាងចាន បោក​ខោអាវ ស្ទូងស្រូវ ធ្វើ​អ្វីៗ​ទាំងអស់​ឲ្យ​តែ​អ្នកភូមិ​ត្រូវការ​គាត់ គឺ​គាត់​ធ្វើ​ទាំងអស់​ឲ្យ​តែ​បាន​ប្រាក់ ទោះ ១ ០០០ រៀល ទៅ ២០០០ រៀល ក៏​គាត់​មិនដែល​ប្រកែក​ដែរ ឲ្យ​តែ​បាន​ប្រាក់​យកមក​ទិញ​អង្ករ​ដាំបាយហូប ។ រៀងរាល់ថ្ងៃ គាត់ និង កូនប្រុស រកប្រាក់​បាន​ប្រមាណ ៥០០០ រៀល ពី​ការដើរ​ធ្វើការ​ងារ​តាម​ផ្ទះ​គេ​នៅក្នុង​ភូមិ ។

សព្វថ្ងៃនេះ គាត់​រស់នៅ​លំបាក​វេទនាណាស់ គឺ​រស់​ដូចជា​សត្វ​គ្មាន​ស្គាល់​សម្លៀកបំពាក់​ថ្មី ឬ ក៏​ហូប​ឆ្ងាញ់​ម្តងណា​ឡើយ ។​ទាក់ទង​នឹង​ស្ត្រី​ទុគ៌ត​នេះ លោក សាន ផុន ក្រុមប្រឹក្សាឃុំ​ទំនប់ ស្រុក​បាធាយ ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា គ្រួសារ​អ៊ំស្រី ព្រើ​ង ណាត នេះ ជា​គ្រួសារ​មួយ​ដែល​ក្រ​ជាងគេ​នៅក្នុង​ឃុំ​របស់គាត់ ។ សព្វថ្ងៃ​គាត់​គ្មាន​មុខរបរ គ្មាន​ផ្ទះសម្បែង​ឡើយ គឺ​គាត់​រស់នៅ​លើដី​យេស៊ូគ្រិស្ត ដែល​គេ​ឲ្យ​គាត់​នៅ​ជា បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ជាមួយគ្នានេះ​លោក​ក៏បាន​សំណូមពរ​ដល់​សប្បុរស​ជន​ទាំងឡាយ ដែលមាន​ចិត្តសប្បុរស​ធម៌ សូមមេត្តា​ជួយ​ដល់​គ្រួសារ​អ៊ំស្រី ព្រើ​ង ណាត នេះ​ផង ព្រោះ​ជីវិត​រស់នៅ​របស់គាត់​លំបាក​វេទនា​ខ្លាំងណាស់ ៕ លី​លី



Related