ខណៈនេះ​សមត្ថកិច្ច​​ខេត្តកំពត​កំពុង​​ឡោមព័ទ្ធ​​ផ្ទះ​លក់​កាហ្វេសង្ស័យ​ជួញដូរគ្រឿង​ញៀន​

​ខេត្ត​កំពត ៖ តាម​សេចក្តី​រាយការណ៍​​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មានកោះសន្តិភាព​ បាន​ឱ្យ​ដឹង​ថា ខណៈនេះ​សមត្ថកិច្ច​ចម្រុះ​​​ខេត្ត​កំពត​​កំពុង​ធ្វើ​ការ​ឡោម​​​ព័ទ្ធ​​និង​ឆែក​ឆេរ​​​ផ្ទះលក់​គ្រឿង​ទេស​និង​កាហ្វេ​មួយ​កន្លែងសង្ស័យ​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ​​ស្ថិតនៅ​​ភូមិ​ដូន​តោក សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ។​

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​​បាន​បន្តថា ​ក្នុង​ប្រតិបត្តិការ​​ចុះឡោម​​​ព័ទ្ធ​និង​​ឆែក​ឆេរ​​ផ្ទះសង្ស័យ​ពាក់​ព័ន្ធ​ជួញ​ដូរ​គ្រឿង​ញៀន​​​នៅ​វេលា​​ជាង​១២​ថ្ងៃត្រង់​ ថ្ងៃទី​២៥ តុលា ខាង​លើ នេះ ​សមត្ថកិច្ច​​​ឃាត់​ខ្លួនស្ត្រី​​ម្ចាស់​ផ្ទះ​​ម្នាក់ ឈ្មោះ ​គឹម សុម៉ាលី ​ហៅ​ស៊ីម អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​​ភូមិ​​​សង្កាត់​ខាង​លើ​ ​​ហើយ​​បាន​ឆែក​រក​រក​ឃើញ​ថ្នាំ​ញៀន​​១​កញ្ចប់ ​និងសម្ភារ​មួយ​ចំនួន ។​ ​

​ស្ត្រី​​សង្ស័យ​​ និង​វត្ថុតាង ត្រូវ​បាន​​​​បញ្ជូន​ទៅ​​​​​ស្នង​ការ​ដ្ឋាន​​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។ ចំណែក​ផ្ទះ​​​​​លក់​​​គ្រឿង​ទេស​និង​កាហ្វេ​​ខាង​លើ ត្រូវ​បាន​សមត្ថកិច្ច​​បិទ​ជា​បណ្តោះ​អាសន្ន​ ៕

ព័ត៌មាន​លម្អិត​​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​