ក្លិប Norwich បណ្តេញ​គ្រូ​បង្វឹក​ចេញ​ពី​តំណែង​

បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​ West Brom 1-0 ក្នុង​ផ្ទះ​ រួម​ផ្សំ​នឹង​លទ្ធ​ផល​មិន​ល្អ​ពី​មុន​មក​ផង​នោះ​ ទី​បំផុត​លោក​ Chris Hughton មិន​អាច​បន្ត​អង្គុយ​តំណែង​កៅ​អី​គ្រូ​បង្វឹក​ក្លិប​ Norwich បាន​ត​ទៅ​ទៀត​ទេ ។លោក​ ដេ​វីដ មា៉ក​ណា​លី​ នាយក​ប្រតិ​បត្តិ​ក្លិប​ Norwich បាន​និយាយ​ឱ្យ​ដឹង​ថា «យើង​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​បណ្តេញ​គ្រូ​បង្វឹក​រូប​នេះ​ចេញ​ពី​តំណែង​ទេ ពី​ព្រោះ​លទ្ធ​ផល​ប្រកួត​នា​ពេល​ថ្មី​នេះ​ធ្វើ​ឱ្យ​យើង​ខក​ចិត្ត​ខ្លាំង​ណាស់​» ។

គិត​រហូត​មក​ដល់​ជុំ​ទី​៣៣​នេះ​ ក្លិប​ Norwich កំពុង​ស្ថិត​នៅ​មាត់​ជ្រោះ​លំដាប់​លេខ​៤​បាត​តារាង​មាន​៣២​ពិន្ទុ​ នាំ​មុខ​ក្រុម​លេខ​៣​បាត​តា​រាង​ Fulham ដែល​ត្រូវ​​កាត់​ចោល​ ត្រឹម​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ​ ។ទាក់​ទង​ទៅ​នឹង​ការ​បណ្តេញ​ចេញ​នេះ​ លោក​ Hughton បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ឆាប់​រហ័ស​របស់​គណៈ​គ្រប់​គ្រងក្លិប​ ដែល​មិន​ទុក​ឱកាស​ឱ្យ​លោក​ស្រោច​ស្រង់​ក្លិប​ឡើង​វិញ​ ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ជំនឿ​ថា​​ក្លិប​ Norwich នឹង​មិន​របូត​ចេញ​ពី​ក្រប​ខណ្ឌ​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ទេសម្រាប់​រដូវ​កាល​ក្រោយ​ បើ​ទោះ​ជា​៥​ប្រកួត​ខាង​មុខ​ទៀត​ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំង​ក៏​ដោយ​ ។ ៥​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ Norwich គឺ​ត្រូវ​ជួប​ជាមួយ​ក្រុម​ Fulham, Liverpool, Man Utd, Chelsea និង​   Arsenal ៕