ប៉ះ​ទង្គិច​គ្នា​នៅ​ប៉ាគីស្ថាន​​ស្លាប់​ពួក​សកម្ម​ប្រយុទ្ធ​30​នាក់​

​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​រាយ​ការណ៍​ថា ជន​ប្រដាប់​អាវុធ​យ៉ាង​តិច​៣០​នាក់​ បាន​ត្រូវ​ស្លាប់​ ហើយ​ភ្នាក់​ងារ​​សន្តិសុខ​១០​នាក់ ត្រូវ​របួស​ កាល​ពី​ថ្ងៃ​ទី​​​៧ មេសា​ ក្នុង​ការ​ប៉ះ​​ទង្គិច​គ្នា​នានា​រវាង​កង​កម្លាំង​សន្តិ​សុខ​ និង​ពួក​សកម្ម​ប្រយុទ្ធ​ក្នុង​ស្រុក​​កាឡាត​ និង​ស្រុក​ឃូស​​ស្តារ​ ភាគ​និរតី​ប៉ាគីស្ថាន។​

អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​​កង​កម្លាំង​​​មូល​ដ្ឋាន​លោក ខាន់ វ៉ាសី​ ដក​ស្រង់​សម្តី​ដោយ​ទូរ​ទស្សន៍​ Dawn TV បញ្ជាក់​ថា កង​កម្លាំង​សន្តិ​សុខ​បាន​បើក​ធ្វើ​ប្រតិ​បត្តិ​ការ​បោស​សម្អាត​មួយ​ប្រឆាំង​​បណ្តា​ជំរំ​លាក់​ខ្លួន​​របស់​ពួក​សកម្ម​ប្រយុទ្ធ​ក្នុង​ស្រុក​ទាំង​២​នោះ នៃ​ខេត្ត​បាលូជីស្ថាន ។ អាវុធ​និង​គ្រាប់​រំសេវ​​ជា​ច្រើន​​ត្រូវ​រឹប​អូស​ ​ហើយ​ជំរំ​លាក់​ខ្លួន​​​ជា​ច្រើន​កន្លែង​​​ និងរថយន្ត​​៦​គ្រឿង​​របស់​ពួក​សកម្ម​ប្រយុទ្ធ​ត្រូវ​បំផ្លាញ​ក្នុង​ឱកាស​​នៃ​ប្រតិ​បត្តិ​​ការ​នោះ ។

អ្នក​នាំ​ពាក្យ​រូប​​នេះ​បន្ត​ថា ពួក​សកម្ម​ប្រយុទ្ធ​ដែល​ត្រូវ​សម្លាប់​​ធ្លាប់​ចូល​រួម​ក្នុង​​ការ​វាយ​ប្រហារ​នានា​​​ប្រឆាំង​រថ​ភ្លើង​​ដឹក​អ្នក​ដំណើរ​ បណ្តា​សំណង់​ផ្លូវ​ដែក​ កង​កម្លាំង​សន្តិ​សុខ​ និង​បណ្តា​ទី​តាំង​គន្លឹះ​ទាំង​ឡាយ​​របស់​រដ្ឋា​ភិបាល​​ ក្នុង​ខេត្ត​បាលូជីស្ថាន ៕