សារ៉ា​ប៉ូ​វ៉ា​ ឈរ​លំ​ដាប់​ទី​2 ពិភព​លោក​លើ​តារាង​ប្រាក់​ចំណូល​​​ប្រ​ចាំ​ឆ្នាំ​

នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ កីឡាការិនី​វាយ​កូន​បាល់​លេខ៩ ពិភព​​លោក​នៅ​តែ​រក្សា​បាន​ភាព​ល្បី​ល្បាញ​របស់​ខ្លួន​ មិន​ថា​នៅ​លើ​ទី​លាន​ប្រ​កួត​នោះ​ទេ​ ប៉ុន្តែ​នៅ​លើ​តារាង​ប្រាក់​ចំណូល​ប្រ​ចាំ​ឆ្នាំ​ផង​ដែរ ។​​ ​យោង​តាម​បញ្ជី​ចំ​ណូល​ដែល​រៀប​ចំ​ដោយ​ទស្ស​នា​វដ្តី​អា​មេរិក Forbes ចេញ​ផ្សាយកាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា កីឡាការិនី​វ័យ​២៦​ឆ្នាំ​ ជាតិ​រុស្ស៊ី​រូប​នេះ​ ជាប់​លំ​ដាប់​ទី​២ ​ក្នុង​នាម​ជា​អ្នក​រក​ប្រាក់​ចំ​ណូល​បាន​ច្រើន​បំ​ផុត​ក្នុង​វិ​ស័យ​កីឡា​វាយ​កូនបាល់​ផ្នែក​ស្ត្រីប្រ​ចាំ​ឆ្នាំ​២០១៣​ ។​   

ចំណូល​ដែល​នាង​រក​បាន​សរុប​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​​នេះគឺ​មាន​៩០​លាន​ដុល្លារ​អា​មេរិក​ ខណៈ ទ្រព្យ​​សម្បត្តិ​សរុប​របស់​នាង​បាន​មក​ពី​ការ​ប្រ​កួត​មាន​ប្រ​ហែល​ជា ២៦,៨៧​លាន​ដុល្លារ​ ។​ ចំណូល​ជា​សំ​ខាន់​របស់​នាង​បាន​មក​ពី​ការ​ដើរ​ម៉ូដ និង​កុង​ត្រា​ដៃ​គូ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន ។ កុង​ត្រា​ដែល​មាន​ទឹក​ប្រាក់​ដ៏​ច្រើន​គឺ​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំ​ពាក់​កីឡា Nike ។

ទោះ​ជា​យ៉ាង​ណា​ នាង​នៅ​ចាញ់​កីឡាករ​​រ៉ូ​ជើ ហ្វេដឺរ័រ​ ។ ឆ្នាំ​២០១៣​ កន្លង​ទៅ កីឡាករ​ស្វ៊ីស​រូប​នេះ​រក​ចំណូល​បាន​ ១៤០​​លាន​ដុល្លារ​អា​មេរិក ។​ ចំណែក​កីឡាការិនី​២រូប​ផ្សេង​ទៀត​នោះ​ គឺ​ បងប្អូន​ត្រ​កូល​វី​លៀម​នាង​ស៊េរី​ណា​ និង​នាង​វេនីស ស្ថិត​លំ​ដាប់​ទី​៣​ និង​ទី​៤​ ។ បើ​ទោះ​ជា​បង​ប្អូន​គេ​ទាំង​២នេះ​ពុំ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ស្មើ​នឹង​សារ៉ា​ប៉ូ​វ៉ា​ក្តី ប៉ុន្តែ​ភាព​ល្បី​ល្បាញ​របស់​ពួក​គេ​នៅ​លើ​ទី​លាន​ប្រ​កួត​ពិត​ជា​ធំ​ធេង​ខ្លាំង​ណាស់។ ស៊េរី​ណា​ ដែល​គេ​ស្គាល់​ថា ជា​អធិ​រាជ​ស្ទើរ​គ្រប់​ទី​លាន​ប្រ​កួត​នោះ​រក​​ចំណូល​សរុប​បាន​ប្រ​មាណ​ជា​៨៥​លាន​ដុល្លារ​ ខណៈ​អតី​ត​កីឡាការិនី​លំ​ដាប់​ទី​១​ ពិភព​លោក​ វេនីស​ វី​លៀម​​​ រក​បាន​​ ៨១​លាន​ដុល្លារ ៕  ​