ការ​ប្តេ​ជ្ញា​​ចិត្ត​របស់​គ្រូ​បង្វឹក​​មុខ​មាំ​ ចូ​សេ​ ម៉ូ​រី​ញ៉ូ​ ជួយ​ឱ្យ​តោ​ខៀវ​ Chelsea រក​​បាន​កៅ​អី​1​ឡើង​​ទៅ​វគ្គ​1/2

ទី​បំផុត​ការ​ប្តេ​ជ្ញា​ចិត្ត​របស់​គ្រូ​បង្វឹក​មុខ​មាំ​ ចូ​សេ​ ម៉ូ​រី​ញ៉ូ បាន​ជួយ​ឱ្យ​កូន​សិស្ស​របស់​លោក​ គឺ​ក្លិប​តោ​ខៀវ​ Chelsea រក​បាន​កៅ​អី​១​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​លំដាប់​កំពូល​របស់​បារាំង​ឡឺ​សំ​ផ្ចូ​ណា Paris SG ដោយ​​លទ្ធ​ផល​ 2-0 ក្នុង​ពហុ​កីឡ​ដ្ឋាន​Stamford Bridge ។

លទ្ធ​ផល​សរុប​ទាំង​ពីរ​ជើង​គឺ​ស្មើ​ 3-3 ក៏​ប៉ុន្តែ​គិត​តាម​រូប​មន្ត​គ្រាប់​បាល់​ក្រៅ​ផ្ទះ​ ក្រុម​តោ​ខៀវ​ Chelsea រក​បាន​កៅ​អី​១​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ។នៅ​ក្នុង​​ដំណើរ​ការ​ប្រកួត​ ការ​គ្រប់​គ្រង​បាល់​របស់​ក្រុម​ទាំង​ពីរ​គឺ​ប្រហាក់​ប្រហែល​គ្នា​ ។ ក្រុម​ម្ចាស់​ផ្ទះ​ Chelsea គ្រប់​គ្រង​បាល់​បាន​៥៥​ភាគ​រយ​ និង​ Paris SG មាន​៤៥​ភាគ​រយ​ ។ ចំណែក​ឯ​ឱកាស​សុ៊ត​បាល់​បញ្ចូល​ទី​វិញ​គឺ​ក្រុម​ Chelsea មាន​ចំនួន​១១​លើក​ (៦​លើក​ចំ​គោល​ដៅ​) ខណៈ​ Paris SG មាន​១៣​លើក​ (៥​លើក​ចំ​គោល​ដៅ​)។

ក្នុង​តង់​ទី​មួយ​ ក្រុម​ Chelsea ដែល​ព្យាយាម​ចិញ្ចឹម​ចិត្ត​ទម្លាក់​ក្រុម​ Paris SG បាន​ធ្វើ​ការ​វាយ​សម្រុក​​យា៉ង​ខ្លាំង​ ហើយ​ជា​លទ្ធ​ផល​នៅ​នាទី​៣២​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​អាល្លឺ​ម៉ង់ Andre Schurrle ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​នាំ​មុខ​Paris SG  ហើយ​បាន​រក្សា​លទ្ធ​ផល​នេះ​​រហូត​ដល់​ចប់​ការ​ប្រកួត​តង់​ទី​១​ ។

ចូល​មក​ដល់​តង់​ទី​២​ ក្រុម​ទាំង​ពីរ​បាន​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ពុំ​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​រហូត​ដល់​​នាទី​៨៧​មុន​បញ្ចប់​ការ​ប្រកួត​៣​នាទី​ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ Denba Ba របស់​ក្រុម​ Chelsea ស៊ុត​បាល់​បញ្ចូល​ទី​បំប៉ោង​សំណាញ់​បាន​១​គ្រាប់​បន្ថែម​ទៀត​ ហើយ​បាន​រក្សា​លទ្ធ​ផល​នេះ​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី​ ធ្វើ​ឱ្យ​ក្រុម​ Chelsea យក​ឈ្នះ​ Paris SG ដោយ​លទ្ធ​ផល 2-0 ។ ចំណែក​ឯ​ការ​ប្រកួត​១​គូ​ទៀត​ ក្រុម​ Dortmund បាន​យក​ឈ្នះ​ Real M 2-0 ក៏​ប៉ុន្តែ​ជ័យ​ជម្នះ​នេះ​បាន​ត្រឹម​តែ​ស្រក់​ទឹក​ភ្នែក​ ពី​ព្រោះ​សរុប​គ្រាប់​បាល់​ទាំង​ពីរ​ជើង​គឺ​ចាញ់​ Real M  3-2 ៕