ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់ ​​Monte Carlo Masters ទទួល​បាន​ការ​ចូល​រួម​ពី​ហ្វេដឺរ័រ​

កាល​ពី​ថ្ងៃ​ពុធ ទី​៩ មេសា​ កីឡាកររ៉ូ​ជើ ហ្វេដឺរ័រ​​​​​​ បាន​ទទួ​ល​យ​ក​ការ​អញ្ជើញ​​ឱ្យ​ទៅ​ចូល​រួម​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍ Monte Carlo Masters ​ហើយ​បន្ទាប់​ពី​បាន​ខក​ខាន​អស់​រយៈ​ពេល​២ឆ្នាំ​កន្លង​មក ​។ ម្ចាស់​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌ​ធំ​១៧ ​ជំ​នាន់​រូប​នេះ​ដែល​ធ្លាប់​បរា​ជ័យ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោម​ថ្វី​ដៃ​កីឡាករ​រ៉ា​ហ្វា​អែល ណ​ា​ដាល់​៣លើក​បន្ត​បន្ទាប់​គ្នា​ក្នុង​ឆ្នាំ​ ២០០៦, ២០០៧​ និងឆ្នាំ ២០០៨​ មិន​បាន​មក​ចូល​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍​នេះ​ទេ​ចាប់​តាំង​ពី​ឆ្នាំ២០១១​មក​ ពោល​គឺ​ក្រោយ​​ពេល​ដែល​រូប​គេ​បាន​ចាញ់​កីឡាករ​ Jurgen Melzer ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ។

​ហ្វេដឺ​រ័រ​ បាន​បើក​រដូវ​កាល​ប្រ​កួត​ឆ្នាំ​ថ្មីរបស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ពាន​ជើង​ឯក​នៅ​ក្រុង​ឌូ​បៃ។ នៅ​ទី​នោះ កីឡាករ​វ័យ​៣២ឆ្នាំ​រូប​នេះ​បាន​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​របស់​ស៊ែ​ប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ ក្នុង​លទ្ធផល​៣​សិត​ផ្ទួនៗ​​គ្នា​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ។ នៅ​ក្នុង​ក្រប​ខ័ណ្ឌធំ ​Australian Open​ វិញ គេ​បាន​បរា​ជ័យ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ។ សូម​បញ្ជាក់​ថា ហ្វេដឺរ័រ​ធ្លាប់​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រប​ខ័ណ្ឌធំ​មួយ​នេះ​ចំ​នួន​៣លើក ។

ការ​ប្រ​កួត​បន្ទាប់​ក្នុង​កម្ម​វិធី BNP Paribas Open កាល​ពី​ខែ​មុន គេ​បាន​ចាញ់​យ៉ាង​ប្រ​ផិត​ប្រ​ផើយ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្រោម​ថ្វី​ដៃ​ ណូ​វ៉ាក់ យ៉ូ​កូ​វិច ។ វា​ជា​ការ​បរា​ជ័យ​ដែល​មាន​សណ្ឋាន​ដូច​គ្នា​នឹង​ការ​បរា​ជ័យ​របស់​គេ​ក្រោម​ថ្វី​ដៃ​កីឡាករ​លី​តុន ហេវីត​ នៅ​ទី​ក្រុង​ប្រ៊ីស​បេន​ កាល​ពី​ដើម​ខែ​មក​រា ឆ្នាំ២០១៤ ៕