Hamilton នាំមុខ​បណ្តោះ​អាសន្នប្រណាំង​រថយន្ត F1 នៅប្រ​ទេស​ចិន​

​កីឡាករ​អង់​គ្លេស ​Lewis Hamilton បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ការ​ប្រណាំង​បណ្តោះ​អាសន្ន​កម្ម​វិធី​ Chinese Grand Prix នៅទីលាន​ប្រណាំង Shanghai International Circuit ស្ថិត​ក្នុង​ទី​ក្រុងសៀង​ហៃ​ ​ប្រទេសចិន​​​​​​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៩​​​​​ ខែមេសា​​​​ កន្លង​ម​ក​នេះ​ ។​

Hamilton ​វ័យ​២៩ឆ្នាំ​បើក​បរ​ឱ្យ​​ក្រុម​​​Mercedes​​ បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១នាទី​និង៥៣.៨៦០​​វិនាទី​ដណ្តើម​បាន​ការ​នាំ​មុខ​គេ​ជា​លើក​ទី​៣ ក្នុង​​រដូវ​កាល​ឆ្នាំ​២០១៤​ ។ កីឡាករ​ដែល​បើក​លឿន​លំដាប់​ទី​២ បាន​ទៅលើកីឡាករ Daniel Ricciardo ។ ​​Ricciardo​ ដែល​បើក​បរ​ឱ្យ​​ក្រុមរេដ​ប៊ុល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​១នាទី​និង​៥៤.៤៥៥​​​​វិនាទី​​ យឺត​ជាង​ Hamilton ០.៥៩៥វិនាទី ។

ចំណែកកីឡាករ​ដែល​បើក​លឿន​លំ​ដាប់​ទី​៣ បាន​ទៅ​សេបា​ស្ទៀន វេតទែល​​ ។ វេតទែល​សញ្ជាតិអា​ល្លឺ​ម៉ង់​​​​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលា​១នាទី​ និង​៥៤.៩៦០​​​​វិនាទី​ ពោលគឺ​​​ ១.១​០០​វិនាទី​យឺត​ជាង Hamilton​ ​​។​

សម្រាប់​Hamilton នេះ​គឺជា​ការ​នាំ​មុខ​បណ្តោះ​អាសន្ន​លើក​ទី​៣ ​​​​ហើយ​នៅក្នុងរដូវ​កាល​ប្រណាំ​ង​ឆ្នាំ​នេះ​ ហើយ​ក៏​ជា​លើក​ទី​៣៤​​ ផង​ដែរ​នៅ​ក្នុង​អា​ជីព​ ។ គេ​បាន​ថ្លែង​ថា ៖ «ផ្លូវ​ប្រ​ណាំង​នៅ​ទី​នេះពិត​ជា​រអិល​ខ្លាំង​ណាស់ ។ នេះ​ជា​ការ​ប្រណាំង​មួយ​ដែល​ពិ​បាក ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​បែប​នេះ ។ នេះ​ជា​ចំ​ណាត់​ថ្នាក់​ល្អ​ សង្ឃឹម​ថា នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​នៅ​តែ​រក្សា​បាន​ចំ​ណាត់​ល្អ​បែបនេះ​ជា​ដដែល»។

ចំ​ណែក​កីឡាករអេស្ប៉ាញ​ ហ្វឺ​ណាន់​ដូ អា​ឡុន​សូ​ ដែល​ជា​ម្ចាស់​ជើង​ឯក​ចាស់​កាល​ឆ្នាំ​ទៅ​មិញ​​​បញ្ចប់​ការ​​ប្រណំាំងក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៥ តាម​ពី​ក្រោយ​​​កីឡាករអា​ល្លឺ​ម៉ង់​ Nico Rosberg ​​ដែល​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៤ ​​​​។ បញ្ចប់​ការ​ប្រណាំង​លើក​នេះ​ ​Rosberg​​​ ប្រើ​ពេល​ច្រើន​ជាង Hamilton​ ​​១.២៨៣​​​​វិនាទី​​ ៕​