ហ្វេដឺរ័រ​ជួបកីឡាករមិត្តរួម​ជាតិ​ Wawrinka ដណ្តើម​តំណែង​ជើងឯក​ ATP Monte Carlo Masters

កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​នឹង​ត្រូវ​ធ្វើ​ការ​យ៉ាង​លំ​បាក​មួយ​ដើម្បី​ដណ្តើម​យក​តំណែង​​ម្ចាស់​ជើង​ឯក​ថ្មី​​​នៃ​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​ ATP Monte Carlo Masters ជា​លើក​ទី​១​ក្នុង​អា​ជីព​ ខណៈ​រូ​ប​គេ​នឹង​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​ដែល​ជា​មិត្តរួម​ជាតិ​ Stanislas Wawrinka ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ។

នៅ​លើ​ទី​លាន​ប្រ​កួត​ដី​ក្រ​ហម​ នា​ប្រ​ទេស​ម៉ូ​ណា​កូ​ កាល​ពី​ថ្ងៃ​សៅរ៍​១៩​​​​ មេសា​​ ហ្វេដឺរ័រ​ បាន​បំ​បាក់​កីឡាករ​ការ​ពារ​ជើង​ឯក​ជាតិ​ស៊ែ​ប៊ី​ ណូ​វ៉ាក់ យ៉ូ​កូ​វិច​​​ ក្នុង​លទ្ធផល​ពីរ​សិត​ផ្ទួន​ៗ​គឺ ៦-៣​ និង៧-៦​ឈាន​ចូល​ដល់​វគ្គ​​ផ្តាច់​ព្រ័ត្រ​​ដោយ​ក្តី​រីក​រាយ​ ។ សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ហ្វេដឺរ័រ​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ATP Monte Carlo Masters ។ គេ​បាន​ថ្លែង​ថា៖ «វា​ហាក់​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​ដែរ​ដែល​បាន​ឈានចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ថ្មី​ម្តង​ទៀត ។ ខ្ញុំ​សប្បាយ​ចិត្ត​និង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ជា​ពិ​សេស​លើ​បច្ចេក​ទេស​ប្រ​កួត ។ វា​ជា​ក្តី​សុបិន​មួយ​ដែល​ខ្ញុំ​និង​ Wawrinka ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ។ នេះ​ជា​ការ​ជួប​គ្នា​ដោយ​កម្រ» ។​

សម្រាប់​ប្រ​វត្តិ​កម្ម​វិធី ATP Monte Carlo Masters នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាករ​ស្វ៊ីស​២រូប​ជួប​គ្នានៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ ខណៈ​ហ្វេដឺរ័រ​វិញ​ វា​ក៏​ជា​លើក​ទី​១​ផងដែរ​ដែល​រូប​គេ​ជួប​គ្នា​ជា​មួយ​ Wawrinka ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ។

Wawrinka ​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ បន្ទាប់​ពី​​បាន​យក​ឈ្នះ​កីឡាករអេស្ប៉ាញ​ដេវីដហ្វេរ័រ​​ ក្នុង​លទ្ធ​ផល ៦-១​និង​៧-៦ ។ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​រំភើប​ ឬ​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ការ​ប្រ​កួត​លើក​នេះ ។ ថ្ងៃ​នេះ​ ការ​ប្រ​កួត​របស់​ខ្ញុំ​ហាក់​ដូចជា​យឺត​បន្តិច ។ វា​ពិត​ជា​សំ​ខាន់​ដែល​ត្រូវ​បន្លា​ស់​​​ទី​ឱ្យ​បាន​លឿន» ៕