នាង​ Michelle Wie វាយ​​បំ​បែក​កញ្ចប់​ថវិកា​​ជាង​1​លាន​ដុល្លារព្រឹត្តិ​ការ​ណ៍ LPGA LOTTE Championship

កីឡាការិនី​អា​មេរិក​ Michelle Wie ​ដណ្តើម​បាន​ពាន​​របស់​សមា​គមវាយ​កូ​ន​គោល​​ LPGA Tour ជា​លើក​ទី​១ ​​គិត​ពី​ឆ្នាំ២០១០​​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​​ជើង​ឯក​កម្ម​វិធី ​ LPGA LOTTE Championship កាល​ពី​​ថ្ងៃ​អាទិត្យ​ ទី​២០ មេសា ។ ការ​ប្រកួត​កម្ម​វិធី​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​១លាន​ និង​៧​សែន​​​ដុល្លារ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​​គោល​ Ko Olina Golf Club ស្ថិត​ក្នុង​ទី​ក្រុង Kapolei រដ្ឋ​ហា​វ៉ៃ​សហ​រដ្ឋ​អា​មេរិក ​​។

នាង​​Wie​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​បន្ទាប់​ពី​នាងធ្វើ​បាន​ពិន្ទុ​ ៥​អាន់​ឌ័រ ប៉ា ៦៧​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ ។ ​ឆ្លង​កាត់ការ​ប្រ​កួត​អស់​៤​ជុំ​នៅ​ក្រោម​អា​កាស​ធាតុ​ដែល​មាន​ខ្យល់​បក់​ខ្លាំង Wie​​ធ្វើ​បាន​លទ្ធផល​សរុប​១៤អាន់​ឌ័រ ២៧៤​​​ ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ពាន​ជើង​ឯក​ជា​មួយ​នឹ​ង​​​ប្រាក​់​រង្វាន់​ ២៥​ម៉ឺន​​៥​ពាន់​ដុល្លារ​អា​មេរិក​ ។ គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​​ពាន​ LPGA Tour ​លើក​ទី​៣ ​ក្នុង​អា​ជីព​នាង​ហើយ ។ ជា​មួយ​នឹង​ជ័យ​ជម្នះ​លើក​នេះ​ Wie​ សង្ឃឹម​ថា រូប​នាង​នឹង​បាន​ឡើង​ពី​ចំ​ណាត់​ថ្នាក់​ទី​២៣ ទៅ​ទី​១៣ វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ។

កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ​ថ្លែង​ថា ៖ «ពាន​លើក​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​​អា​រម្មណ៍​ល្អ​ខ្លាំង​ណាស់ ។ ពេល​នេះ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់»។ ចំណែក​នាង Angela Stanford បញ្ចប់​ក្នុង​​ចំ​ណាត់​ថ្នាក់​លេខ២​ និង​ទទួល​បាន​​ប្រាក់​រង្វាន់ជាង​១៥៥​​ពាន់​ដុល្លារ ។​ ឆ្លង​កាត់​៤​ជុំ​ប្រ​កួត កីឡាកា​រិ​នី​​អា​មេរិក​រូប​នេះ​ធ្វើ​បាន​​លទ្ធផល​ពិន្ទុ ១២​អាន់​ឌ័រ ២៧៦​ នាំ​មុខ​កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង Inbee Park ។

Park ដែលកំពុង​ព្យាយាម​ដណ្តើម​យក​ជើង​ឯក​ជា​លើក​ទី​១ ក្នុង​រដូវ​កាល​ថ្មី​ បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល ៥​អាន់​ឌ័រ​ប៉ា ៦៧។ សរុប​លទ្ធផល​ទាំង​៤​ជុំ នាង​ធ្វើ​បាន​ ១១ អាន់​ឌ័រ ២៧៧​ នាំ​មុខ​១សត់​លើ​កីឡាការិនី​មិត្តរួម​ជាតិ​គឺ​នាង Hyo-Joo Kim ។​ ជា​មួយ​លទ្ធល​នេះ​ នាំ​ឱ្យ​នាង​ទទួល​បាន​​​ប្រាក់​រង្វាន់​ជាង​១១៣​ពាន់​ដុល្លារ ៕