Hamilton ឈ្នះជើងឯក Chinese Grand Prix នៅប្រ​ទេស​ចិន​

​កីឡាករ​អង់​គ្លេស ​Lewis Hamilton បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ការ​ប្រណាំង​បណ្តោះ​អាសន្ន​កម្ម​វិធី​ Chinese Grand Prix នៅទីលាន​ប្រណាំង Shanghai International Circuit ស្ថិត​ក្នុង​ទី​ក្រុងសៀង​ហៃ​ ​ប្រទេសចិន​​​​​​​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី២០​ ខែមេសា ​។​

Hamilton​ វ័យ​២៩ឆ្នាំ​បើក​បរ​ឱ្យ​​ក្រុម​​​Mercedes​​ បាន​បញ្ចប់​ការ​ប្រណាំងដែល​មាន​៥៤​ជុំ​​​​​ដោយ​ប្រើ​អស់​ថិរវេលា​១ម៉ោង​៣៣​នាទី​និង២៨.៣៣៨​​វិនាទី​​​ ដណ្តើម​បាន​ពាន​ជើង​ឯកជា​លើក​ទី​៣​ក្នុង​រដូវ​កាល​​​​ ។ កីឡាករ​ដែល​បើក​លឿន​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​​២ បាន​ទៅ​លើកីឡាករ​អា​ល្លឺ​ម៉ង់ Nico Rosberg​ ។ Rosberg​​​ ដែល​បើក​បរ​ឱ្យ​​ក្រុម Mercedes ដែរ​នោះ​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរវេលាយឺត​ជាង​ Hamilton ១៨.០៦២​​​​​វិនាទី ។

ចំណែកកីឡាករ​ដែល​បើក​លឿន​លំ​ដាប់​ទី​៣បាន​ទៅលើ​ក​​ Fernando Alonso​​មក​ពី​ប្រទេស​អេស្ប៉ាញ​​ ។​ Alonso​​​ ដែល​បើក​បរ​ឱ្យ​​ក្រុម​ Ferrari ​បាន​បញ្ចប់​ការ​ប្រណាំងដោយ​ប្រើ​​ថិរវេលា​យឺត​ជាង Hamilton ២៣.៦០៤​​​វិនាទី​​​​។​ សម្រាប់ ​Hamilton ​នេះ​គឺជា​ជ័យ​ជម្នះ​ជើង​ឯក​​លើក៣​ នៅក្នុងការ​ប្រណាំង​៤​ លើក​នា​រដូវ​កាល​​នេះ​ ។ គេ​បាន​ថ្លែង​ថា ៖ «ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ ថា​រថយន្ត​របស់​ខ្ញុំ​​អស្ចារ្យ​ដល់​ម្លឹង ​​​ ។​ ខ្ញុំសប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ។ នៅ​ថ្ងៃ​នេះ ក្រុម​របស់​យើង​ដណ្តើម​បាន​លេខ​១ និងលេខ២» ។

នៅ​លើ​តារាង​ពិន្ទុ​ជើង​ឯក​ពិភពលោក​វិញ​ បន្ទាប់​ពី​បញ្ចប់​ការ​​ប្រណាំង​លើក​នេះ​ (ជុំ​ទី​៤)​​ កីឡាករ Nico Rosberg ​​​ស្ថិត​នៅ​លំ​​ដាប់​លើ​គេ​​​​មាន៧៩ពិន្ទុ​ នាំ​មុខ ​Lewis Hamilton ស្ថិត​នៅ​លំ​ដាប់​ទី​២ មាន៧៥​​​ពិន្ទុ​ ។ ឯកីឡាករ​អេស្ប៉ាញ Fernando Alonso ​​ស្ថិត​នៅ​លំ​ដាប់​ទី៣​ មាន​៤១​ពិន្ទុ​ ៕