កីឡាករអុីតា​លី​ Nibali ឈ្នះដំណាក់ទី​10 ប្រណាំងកង់ Tour de France នៅបារាំង

ទន្ទឹម​នឹង​ការ​​នាំ​មុខ​នៅ​លើ​តារាង​ថិរ​វេលា​សរុប​បន្ត​បន្ទាប់​គ្នា​​​អស់​ជាច្រើន​ដំ​ណាក់​មក​នេះ ​​កីឡាករអុីតា​លី​ Vincenzo Nibali បាន​ធ្វើ​ឱ្យ​អ្នក​គាំ​កាន់​តែ​ភ្ញាក់​ផ្អើល​បន្ថែម​ទៀត​ ដោយ​​​បាន​យក​ឈ្នះ​ដំ​​ណាក់​​ទី​១០​ ដែល​មាន​ចម្ងាយ​ផ្លូវ​១៦១,៥​គី​ឡូ​ម៉ែត្រ​នៅ​ទី​ក្រុង La Planche des Belles Filles ប្រ​ទេស​បា​រាំង​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៤​ ខែ​​កក្កដា ម្សិល​មិញ​ ។​

Nibali ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​ក្រុម Astana Pro Team​​​​​ បាន​បញ្ចប់​ដំ​ណាក់​ខាង​លើ​ដែល​ចេញ​ដំណើរ​ពី​ទី​ក្រុង Mulhouse​​​​​​ ដោយ​ប្រើ​អស់​ថិរវេលា​៤ម៉ោង២៧​នាទី​ និង២៦​​វិនាទី​ នាំ​មុខ​​កីឡាករម្ចាស់​ផ្ទះ Thibaut Pinot​ ជិះ​​ឱ្យ​​ក្រុម FDJ.fr ​ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​១៥​​​វិ​នា​ទី ។ ចំណែកកីឡាករ​អេស្ប៉ាញ​ Alejandro Valverde ស្ថិត​នៅ​លំ​ដាប់​ទី​៣​​ ក្រោយ​ពី​​ប្រើ​ថិរវេលា​ច្រើន​ជាង​​ Nibali ២០វិ​នា​ទី ។

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ ​​Nibali​បាន​បញ្ជាក់​ថា​ ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​ ។ ដើម​ឡើយ​ វា​មិន​មែន​ជា​គម្រោង​របស់​ខ្ញុំ​ដែល​ចង់​ឈ្នះ​ដំ​ណាក់​នេះ​ទេ ។ ​​ខ្ញុំ​សូម​ថ្លែ​ង​អំ​ណរ​គុណ​ដល់​មិត្ត​រួម​​ក្រុម​ទាំង​អស់​ដែល​បាន​ចូល​រួម​ចំណែក​​ក្នុង​ជ័យ​ជម្នះ​លើក​នេះ» ។​សម្រាប់​រូប​គេ​​ ​ជ័យ​ជម្នះ​​លើក​នេះពិត​ជា​មានន័យ​ខ្លាំង​ណាស់​ ដ្បិត​វា​បាន​​ជួយឱ្យ​​រូប​គេ​​​សន្សំ​​ពិន្ទុ​បាន​គ្រប់​គ្រាន់​ដើម្បី​នាំ​មុខលើ​​តារាង​ពេល​វេលា​សរុប​ បន្ត​គ្រង​អាវ​កាក់​ពណ៌​លឿង​ជា​ថ្មី ។ ​​

​ឆ្លង​កាត់​ការ​ប្រណាំង​អស់​១០​ដំ​ណាក់​មក​នេះ​ ​​​Nibali បាន​ប្រើ​អស់​ថិរវេលា​តិច​ជាង​គេ​បំផុត​ គឺ​៤២ម៉ោង៣៣នា​ទី​និង៣៨​​វិនាទី​ នាំ​មុខ​កីឡាករ​​អូ​ស្ត្រា​លី​​ Richie​ Porte​ ដែល​បាន​ប្រើ​ពេល​ច្រើន​ជាង២នា​ទី​និង​២៣​​វិ​នា​ទី​ ​។​ចំណែក​កីឡាករ​ Alejandro Valverde ស្ថិត​នៅ​លំ​ដាប់​ទី​៣​បន្ទាប់​ពី​​​​​​​ប្រើ​ថិរ​វេលា​ច្រើន​ជាង​ Nibali ២នា​ទី​និង​៤៧​​វិ​នា​ទី​ ។​​ សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour de France​​ ឆ្នាំ​នេះ​មាន​២១​​ដំណាក់​លើ​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំណាក​​់​ទី​១១ ដែល​ជា​ដំ​ណាក់​បន្ត​​មាន​ចម្ងាយ​ផ្លូវ១៨៧,៥​​គីឡូ​ម៉ែត្រ​​ ចេញ​ដំណើរ​ពី​ទី​ក្រុង​Besançon ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Oyonnax ប្រ​ទេស​បា​រាំង​ ៕