ហង្ស​ក្រហម​ Liverpool ទិញ​កីឡា​ករ​ Markovic តម្លៃ​34​លាន​ដុល្លារ​

តាម​ប្រភព​ព័ត៌​មាន​ពី​ក្លិប​​ហង្ស​ក្រហម​ Liverpool ឱ្យ​ដឹង​ថា ក្លិប​បាន​សម្រេច​ទិញ​​កីឡាករ​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ Markovic ពី​ក្លិប​​បាល់​ទាត់​ព័រ​ទុយ​ហ្គាល់​ Benfica ក្នុង​តម្លៃ​​ជាង​៣៤​លាន​ដុល្លារ​ ជាមួយ​នឹង​កុង​ត្រា​រយៈ​ពេល​វែង​ ។ កីឡា​ករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ជួយ​ឱ្យក្រុម​ Benfica ឈ្នះ​ជើង​ឯក​បាល់​ទាត់​ព័រ​ទុយ​ហ្គាល់​ស៊ុប​ពើរ​លីក​បន្ទាប់​ផ្លាស់​មក​ពី​ក្លិប Partizan កាល​ពី​ឆ្នាំ​២០១៣​ ។

បន្ទាប់​ពី​ពិនិត្យ​សុខ​ភាព​រួច​រាល់​កីឡា​ករ​ Markovic បាន​និយាយ​ថា ខ្ញុំ​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ គ្រូ​បង្វឹក​និង​មិត្ត​រួម​ក្រុម​មាន​ទំនុក​ចិត្ត​លើ​ខ្ញុំ​ ។Markovic បាន​ក្លាយ​ជា​កីឡា​ករ​ចំណូល​ថ្មី​ទី​៣​របស់​ក្លិប Liverpool ក្នុង​រដូវ​កាល​ដោះ​ដូរ​បន្ទាប់​ពី​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ Rickie Lamberf និង​កីឡា​ករ​ខ្សែ​បម្រើ​ Adam Lallana ។

គួរ​រំលឹក​ថា កីឡា​ករ​សញ្ជាតិ​សែប៊ី​រូប​នេះ​ បាន​ចូល​មក​លេង​ឱ្យ​ក្លិប​ Benfica កាល​ពី​ឆ្នាំ​២០១៣-២០១៤ ។ នៅ​ជាមួយ​ក្លិប​ Benfica ធ្លាប់​បង្ហាញ​វត្ត​មាន​​៤៩​លើក​ និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៧​គ្រាប់ ៕