Wada ៖ ​បម្រាមមួយ​ជី​វិត​ជា​រឿង​មិន​ស្របច្បាប់​​​

លោក Craig Reedle ប្រ​ធាន​ភ្នាក់​ងារ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ពិភព​លោក (Wada) បាន​ថ្លែង​​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា បម្រាម​មួយ​ជី​វិត​​ដែល​ប្រើ​លើ​បណ្តា​អត្ត​ពលិក​ប្រ​ព្រឹត្តល្មើស​លួច​ប្រើ​សារ​ធាតុ​ហាម​ឃាត់​ គឺ​ជា​រឿង​មិន​ស្រប​ច្បាប់​នោះ​ទេ​ ។

​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ BBC Sports លោក Reedie​ បាន​បញ្ជាក់​ថា ៖ «ដំបូន្មាន​​របស់​យើង​គឺ​ថា បម្រាម​មួយ​ជី​វិត​គួរ​តែ​បញ្ចប់​ ហើយ​មិន​គួរ​មាន​នៅ​ក្នុង​ច្បាប់ទៀត​ទេ​» ។
​Wada ជា​ជំ​នួស​មក​វិញ​បាន​អនុម័ត​យល់​ព្រម​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​ច្បាប់​ថ្មី​ដែល​នឹង​បន្ថែម​ទ្វេ​ដង​នូវ​រយៈ​ពេល​ព្យួរ​ទៅ​លើ​អ្នក​ប្រ​ព្រឹត្តល្មើស​ពោល​ គឺ​ពី​រយៈ​ពេល​២ឆ្នាំ​ទៅ​៤​ឆ្នាំ​ ។ ច្បាប់​ថ្មី​នេះ​នឹង​ចាប់​អនុវត្តន៍​ពី​ខែ​មករា​ ឆ្នាំ​២០១៥​ តទៅ ។​

​លោក Reedie​បានបន្ត​ថា​ ៖ «ការ​ពិន័យ​ដោយ​​ព្យួរ​ការ​ប្រ​កួត​រយៈ​ពេល​៤​ឆ្នាំ​ នឹង​ត្រូវ​បង្ហាញ​ការ​ពិត​ក្នុង​តុ​លាការ​ ។ មិន​មាន​អត្ត​ពលិក​ច្រើន​ទេ​ដែល​បាន​ធ្វើ​រឿង​រ៉ាវ​ខុស​ឆ្គង​បែបនេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់​នោះ ។ ជា​ធម្មតា​ គឺ​តែង​មាន​មនុស្ស​ផ្សេង​ទៀត​ពាក់​ព័ន្ធ​ក្នុង​បញ្ហា​នេះ​ ។ មនុស្ស​ទាំង​នោះ​អាច​ជា​ គ្រូ​បង្ហាត់ មិត្ត​ភក្តិ អ្នក​ចាត់​ការ​​ ឬ​ភ្នាក់​ងារ​តំណាង​អត្ត​ពលិក​ជា​ដើម» ។

សូមបញ្ជាក់​ថា Wada​ គឺ​ជា​មូល​និធិ​ឯក​រាជ្យ​មួយ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១០​ ខែ​វិច្ឆិ​កា​ ឆ្នាំ​១៩៩៩ ​តាម​រយៈ​ការ​ផ្តួច​ផ្តើម​គំនិត​ដោយ​គណៈ​កម្មា​ធិការ​អូ​ឡាំ​ពិក​អន្តរជាតិ (IOC) ។ ភ្នាក់​ងារ​នេះ​មាន​តួ​នា​ទី​ត្រួត​ពិនិត្យ​ប្រ​ឆាំង​រាល់​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​ក្នុង​វិ​ស័យ​កីឡា ។ បច្ចុប្បន្ន​ទី​តាំង​ធំ​របស់​ភ្នាក់​ងារ​នេះ​គឺ​នៅ​ក្រុង​ម៉ុង​រ៉េ​អាល់ ខេត្ត​កេបិច ប្រ​ទេស​កា​ណា​ដា ៕