ថៃហ្គ័រ​ វូដ​ ៈ ​យក​ឈ្នះ​ជើង​ឯក Open Championship គឺ​ជា​គោល​បំណង​តែ​មួយ​គត់​របស់​ខ្ញុំ​

ថៃ​ហ្គ័រ វូដ​ បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា ការ​យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​គោល​ Open Championship នា​ចុង​សប្តាហ៍​នេះ​ គឺ​ជា​បំណង​តែ​មួយ​គត់​របស់​គេ​បន្ទាប់​ពី​ធូរ​ស្បើយ​​ពី​របួស ។

កី​ឡាករ​អា​មេរិក​រូប​នេះ​ដែល​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ Open Championship ចំនួន​៣​លើក​ពី​អតីត​កាល​មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​បាន​ទេ​ក្រោយ​ការ​​វះ​កាត់​របួស​ឆ្អឹង​ខ្នង​កាល​ពី​ខែ​មី​នា​ ​ប៉ុន្តែ​ពេល​នេះ​ របួស​នោះ​បាន​ធូរ​ស្បើយ​បន្តិច​ហើយ ។ ដោយ​ឡែក គម្រោង​ចូល​ប្រ​កួត​ក្នុង​កម្ម​វិធី​នានា​ ក៏​ត្រូវ​បាន​លុប​ចោល​ផងដែរ ។

ទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​ធូរ​ស្បើយ​ពី​របួស​អា​ចក្រោក​ដើរ​បាន​ ថៃ​ហ្គ័រ​ វូដ កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​បាន​អះ​អាង​ថា ខ្លួន​​នឹង​ទៅ​ចូល​រួម​​ការ​ប្រ​កួត​នៅ​ប្រ​ទេស​អង់​គ្លេស​ ។ កីឡាករ​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បន្ត​ថា ៖ «ជា​រឿង​ទី​១ ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​មាន​នៅ​ក្នុង​ចិត្ត​ជា​និច្ច ។ វា​ជា​ឱកាស​ដ៏​ធំ​ធេង​មួយ​ ។ វា​ជា​ការ​សម្រេចចិត្ត​ដែល​គ្មាន​ការ​ត្រ​ឡប់​ថយ​ក្រោយ»។

រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១៤​នេះ ថៃ​ហ្គ័រ វូដ​ ដែល​ជា​ម្ចាស់​ពាន​​ក្រប​ខ័ណ្ឌធំ​១៤​ជំ​នាន់​ មិន​ទទួល​បាន​លទ្ធផល​ជា​ដុំកំភួន​នៅ​លើ​ទី​លាន​វាយ​កូន​គោល​នោះ​ទេ ។ ការ​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការ​ណ៍ Farmers Insurance Open កាល​ពី​ខែ​មករា​ រូប​គេ​បញ្ចប់​បាន​តែ​៣ជុំ​​ ហើយ​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ៨០​ ខណៈ​ក្នុង​ព្រឹត្តិ​ការ​ណ៍ Omega Dubai Desert Classic គេ​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ៤១​ ។ នៅ​ដើម​ខែ​មី​នា​ គេ​បាន​ដក​ខ្លួន​ពី​ព្រឹត្តិ​ការ​ណ៍ The Honda Classic ខណៈ​ទើប​បញ្ចប់​បាន​៣ជុំ​ប្រ​កួត ។ បន្ទាប់​មក​ទៀត ក្នុង​ខែ​ដដែល​​ គេ​បាន​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការ​ណ៍ World Golf Championships ប៉ុន្តែ​លទ្ធផល​នៅ​តែ​មិន​ដូច​ការ​ចង់​បាន ។ ឆ្លង​កាត់​៤​ជុំ​ប្រ​កួត វូដ​ដណ្តើម​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ​២៥​ស្ទួន​ប៉ុណ្ណោះ ។

សូមបញ្ជាក់​ថា ថៃ​ហ្គ័រ វូដ​ គឺ​ជា​អតីត​កីឡាករ​វាយ​កូន​គោល​លំ​ដាប់​ទី​១ ​លើ​លោក​ ។ គេ​បាន​​គ្រង​តំណែង​កំពូល​មួយ​នេះ​អស់​រយៈ​ពេល​៦៨៣​សប្តាហ៍​ គិត​ពី​ឆ្នាំ​២០០០​ ដល់​២០០៩​ ។ បន្ថែម​ពី​នេះ​ គេ​ជា​កីឡាករ​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​បំ​ផុត​ក្នុង​លោក​ដោយ​ក្នុង​មួយ​ៗ​​ឆ្នាំ​មិន​តិច​ជាង​១០០​លាន​ដុល្លារ​អា​មេរិក​ឡើយ ។ ប៉ុន្តែ​ការ​ខក​ខាន​មិន​បាន​ចេញ​មុខ​ប្រ​កួត​មួយ​រយៈ​ពេល​ចុង​ក្រោយ​​នេះ​នាំ​ឱ្យ​ប្រាក់​ចំណូល​របស់​គេ​​ហាក់​ធ្លាក់​ចុះ​បន្តិច​ដែរ ៕