ជួប​គ្នា​ថ្ងៃ​26 កក្ក​ដា​ខាង​មុខ ស៊ី​សូ​រ៉ា​ និងថៃសាន់ ហ្វឺរី​ អះ​អាង​ពី​ជ័យ​ជម្នះ​​រៀង​ខ្លួន​

នៅ​ក្នុង​សន្និសីទ​កា​សែត​កាល​ពី​ដើម​សប្តាហ៍​នេះ​ កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​អង់​គ្លេស​ ឌី​រ៉េក ស៊ី​សូ​រ៉ា​ និង​ថៃ​សាន់ ហ្វឺរី​ សុទ្ធ​តែ​បាន​អះ​អាង​ថា ខ្លួន​ជា​អ្នក​ខ្លាំង​ដែល​នឹង​ឈ្នះ​ការ​ប្រ​កួត​នា​សប្តាហ៍​ក្រោយ​ ។

​ហ្វឺ​រី​ បាន​បញ្ជាក់​ថា ប្រ​សិន​ជា​រូប​គេ​មិន​អាច​ផ្តួល​ស៊ី​សូ​រ៉ា​បាន​ នោះ​រូប​គេ​នឹង​ទទួល​យក​ងារ​ជា​កម្ម​ករ​ស៊ី​ឈ្នួល​​​ ពោល​គឺ​ជា​ងារ​ដែល​ហ្វឺរី​រូប​គេ​ផ្ទាល់​ដាក់​ឱ្យ​ស៊ី​សូ​រ៉ា ។ គេ​បាន​បន្ត​ថា​ ៖ «សម្រាប់​ខ្ញុំ​ នេះ​អាច​ចាត់​ទុក​ជា​ជំ​ហាន​សំ​ខាន់​មួយ​ផង​ដែរ ដ្បិត​វាជា​ការ​ប្រ​កួត​លើក​ចុង​ក្រោយ​​របស់​ស៊ី​សូ​រ៉ា ។ ស៊ី​សូ​រ៉ា​ ជា​កម្ម​ករ​ស៊ី​ឈ្នួល​ ហើយ​អ្វី​ដែល​ជើង​ឯក​គ្រប់​គ្នា​ធ្វើ​ចំពោះ​បុគ្គល​បែបនេះ​ គឺ​កម្ទេច​ឱ្យ​ទៅ​ជា​បំណែក​តូចៗ»។ 

ឯស៊ី​សូ​រ៉ា​ វិញ​បាន​អះ​អាង​ថា រូប​គេ​ពេល​នេះ​គឺ​ខុស​ពី​ឆ្នាំ​២០១១ ។ កីឡាករ​ស្បែក​ខ្មៅ​រូប​នេះ​បាន​បន្ត​ថា បច្ចុប្បន្ន​ខ្លួន​ស្ថិត​ក្នុង​លក្ខខណ្ឌ​សុខ​ភាព​ល្អ​បំ​ផុត​ទាំង​កម្លាំង​កាយ​ ទាំង​កម្លាំង​ចិត្ត​ជា​ពិ​សេស​គឺ​ស្នៀត​ប្រយុទ្ធ ។

សូមបញ្ជាក់​ថា ការ​ប្រ​កួត​លើក​នេះ​ដែល​នឹង​ធ្វើ​នៅ​សង្វៀន Phones 4u Arena ស្ថិត​ក្នុង​ទី​ក្រុង​ Manchester ចក្រ​ភព​អង់​គ្លេស​ ​ឌី​រ៉េក ស៊ី​សូ​រ៉ា​ គឺ​ជា​អ្នក​ការ​ពារ​ខ្សែ​ក្រ​វាត់​ស្ថា​ប័ន EBU ខណៈ​មិត្តរួម​ជាតិ​របស់​គេ​ ថៃ​សាន់ ហ្វឺរី​ ជា​អ្នក​វាយ​ដណ្តើម ។ ​ ដោយ​ឡែក អ្នក​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​នឹង​ទទួល​បាន​ឱកាស​ទៅ​វាយ​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភព​លោក​ពី​កីឡាករ​អ៊ុយ​ក្រែន​ វ្ល៉ា​ឌី​មៀ ឃ្លីត​ស្កូ ។

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្ក​ដា ឆ្នាំ ២០១១​ ស៊ីសូ​រ៉ា និង​ហ្វឺរី​ ធ្លាប់​បាន​ជួប​គ្នា​នៅ​លើ​សង្វៀន​ម្តង​រួច​មក​ហើយ ។ ការ​ប្រ​កួត​ដែល​រៀប​ចំ​នៅ​សង្វៀន Wembley Arena ទី​ក្រុង​ឡុង​ដ៍​ ថៃសាន់​ ហ្វឺរី​ បាន​យក​ឈ្នះ​ស៊ី​សូ​រ៉ា​ដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ធ​ ។ ចាប់​ពី​ពេល​នោះ​មក​ សញ្ញា​នៃ​ការ​អួត​អាង​គ្នា​រវាង​កីឡាករ​ទាំង​២ ​ក៏​បាន​ថយ​ចុះ​ផង​ដែរ​ ។  ​លោក Frank Warren អ្នក​រៀប​ចំ​ការ​ប្រ​កួត​​​បាន​ថ្លែង​ថា ៖ «ស៊ី​សូ​រ៉ា និង​ហ្វឺរី​ គឺ​ជា​ជំ​នួប​ប្រ​កួត​រវាង​កីឡាករ​អង់​គ្លេស​ និង​អង់​គ្លេស​ដ៏​ធំ​មួយ​មួយ​មិន​ធ្លាប់​មាន​ក្នុង​ប្រ​ភេទទម្ងន់​ធ្ងន់» ។

​សូម​បញ្ជាក់​ថា ស៊ី​សូ​រ៉ា​ មាន​ឯតទគ្គកម្ម​ប្រ​កួត​២៤លើក ឈ្នះ​២០​លើក ចាញ់​៤​ ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​១៣លើក ខណៈ​ហ្វឺ​រី​ ២២ប្រ​កួត​ មិន​ដែល​ចាញ់​ និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​ចំ​នួន ១៦​លើក៕​