កីឡា​ករ​ ស៊ូ អារ៉េស ក្លាយ​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​ក្លិប​ Barcelona ក្នុង​តម្លៃ​ជាង​128​លាន​ដុល្លារ​

បន្ទាប់​ពី​មាន​​ភាព​ចម្រូង​ចម្រាស់​រឿង​ដោះ​ដូរ​កីឡា​ករ​ ស៊ូ​ អារ៉េស​ ដោយ​សារ​តែ​ជាប់​បម្រាម​របស់​ FIFA រយៈ​ពេល​៤​ខែ​ ឥឡូវ​នេះ​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ថា កីឡា​ករ​ ស៊ូ​ អារ៉េស គឺ​ជា​សមា​ជិក​ថ្មី​របស់​ខ្លួន​ចាប់​ពី​ពេល​នេះ​តទៅ​ ។
នាយក​ក្លិប Barcelona បាន​និយាយ​ថា កីឡា​ករ​ ស៊ូ​ អារ៉េស​ ស្ថិត​ក្នុង​​ដៃ​របស់​យើង​១០០​ភាគ​រយ​ហើយ​ ។ ក្លិប​បាន​ចំណាយ​លុយ​ជាង​១២៨​លាន​ដុល្លារ​អាមេ​រិក​ ដើម្បី​ទិញ​យក​កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គាយ​ពី​ក្លិប Liverpool ជាមួយ​នឹង​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ ។

ក្លិប Liverpool បាន​ទិញ​កីឡា​ករ​ ស៊ូ​ អារ៉េស​ ពី​ក្លិប បាល់​ទាត់​ហូ​ឡង់​ Ajax កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​ត្រឹម​តែ​៣៩​លាន​​ដុល្លារ​ប៉ុណ្ណោះ ។ លោក Andoni Zubizarreta នាយក​ក្លិប​ Barcelona បាន​និយាយ​ថា កីឡា​ករ​ ស៊ូ អារ៉េស នឹង​មិន​មាន​សិទ្ធ​ិ​ចូល​ហ្វឹក​ហាត់​ឬ​លេង​ឱ្យ​ក្លិប​នេះ​ទេ រហូត​ដល់​ចុង​ខែ​តុលា​ទើប​រួច​ផុត​បម្រាម​ ។ គួរ​រំលឹក​ថា កីឡា​ករ​ ស៊ូ​ អារ៉េស បាន​ខាំ​កីឡា​ករ​ខ្សែ​ការ​ពារ​អីុតាលី​ ក្នុង​អំឡុង​ពេល​ប្រកួត​បាល់​ទាត់​ពិភព​លោក​២០១៤ ហើយ​ត្រូវ​បាន​សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​ FIFA ពិន័យ​១៨​ប្រកួត​ និង​ជាប់​បម្រាម​៤​ខែ​ និង​បង់​ប្រាក់​ជាង​១១​ម៉ឺន​ដុល្លារ​ ៕