Contador ជៀស​វាង​ការ​វះ​កាត់​ឆ្អឹង​ស្មង​ជើង​ដែល​បាក់​​​​

នៅ​ក្នុងសេច​ក្តី​ថ្លែង​ការណ៍មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​សប្តា​ហ៍​នេះ​ អតីត​ជើង​ឯក​ប្រ​ណាំង​កង់​ ​Tour de​ France ​ពីរ​ជំ​នាន់ ​Albe​-r​t​o Contador​​ បាន​បញ្ជាក់​ថា ខ្លួននឹង​មិន​​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​ស្មង​ជើង​ដែល​បាន​បាក់​អំ​ឡុង​​​ការ​ប្រ​ណាំង​ Tour de France ឆ្នាំ​នេះ​ឡើយ ។ ​

សូមបញ្ជាក់​ថា Contador​ បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ដួល​កង់​អំ​ឡុង​ការ​ប្រ​ណាំង​ដំ​ណាក់​ឡើង​ភ្នំ​ពី​ទី​ក្រុង​ ​Mulhouse ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Planche Des Bell កាល​ពី​ថ្ងៃ​ចន្ទ​​សប្តាហ៍​នេះ​ហើយ​ត្រូវ​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​ទាំង​ទឹក​ភ្នែក​ពោល​គឺ​ភ្លាម​ៗ​ក្រោយ​ពី​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ឡើង ។ ​

មាន​ការ​បា​រម្ភ​ថា កីឡាករ​អេស្ប៉ាញ​រូប​នេះ​​នឹងត្រូវ​​វះកាត់​ឆ្អឹង​ស្មង​ជើង​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​គេ​បាន​បញ្ជាក់​ថា ការ​វះ​កាត់​គឺ​គ្មាន​អ្វី​ជួយ​បាន​ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​មាន​បញ្ហា​ស្មុគ​ស្មាញ​បន្ថែមនោះ​ទេ​​ ។ ​

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​៖  «​គ្រូ​ពេទ្យ​បាន​​ប្រាប់​ខ្ញុំ​ថា​ ការ​វះ​កាត់​ណា​​មួយគឺ​​អាច​នាំ​ឱ្យ​មាន​ដំ​បៅ​ក្លាយ ។ ទោះ​ជា​យ៉ាង​ណា ការ​ទុក​នៅ​បែបនេះ​គឺ​​​មាន​​ន័យ​​ថា​ ​រយៈ​ពេលនៃ​​ការជា​សះ​ស្បើយ​​​ឡើង​វិញ​​​នឹងត្រូវ​ប្រើ​ពេល​យូរ​។​ ដំណឹង​ល្អគឺ​ថា​ របួស​លើក​នេះ​​​មិន​បាន​ប៉ះ​​ពាល់​ដល់​​សរសៃពួ​សាច់ដុំ​សរ​សៃ​ផ្សេង​នោះ​ទេ ។ ឆ្អឹង​ស្ថិត​នៅ​កន្លែង​ដែលល្អ​បំ​ផុត ។ ខ្ញុំ​ចាំ​បាច់​ត្រូវ​សម្រាក​រយៈ​ពេល​២​សប្តាហ៍» ។

ទោះ​ជា​យ៉ាង​នេះ​ក្តី Contador បាន​និយា​យ​ថា​​ ឱ​កាស​ក្នុង​ការ​ជួប​ប្រ​ជែង​ជា​មួយ​កី​ឡាករ​អង់​គ្លេស​​ Chris​ Froome ​ដែល​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិ​ការ​ណ៍​នេះ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​​នៅ​ឯ​ព្រឹត្តិ​ការ​ណ៍​ Vuelta​ Espana ​​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី២៣​​ខែ​សី​ហា​ខាង​មុខ​គឺ​ស្តួច​​ស្ដើង​បំ​ផុត​។ គេ​​បាន​បន្ថែម​ថា៖​ «វេជ្ជបណ្ឌិតក៏​​បាន​ប្រាប់​ខ្ញុំ​ផងដែរ​ថា ​វា​នឹង​មិន​​អាច​​ទៅ​​រួច​​ទេក្នុង​ករណី​ខ្ញុំ​ចង់​ទៅ​ចូល​រួម​ការ​ប្រ​ណាំង​នៅ​ទី​នោះ​ ប៉ុន្តែ​ យើង​នឹង​ចាំ​មើល​ថា​តើ​របួស​នេះ​នឹង​វិវឌ្ឍ​ទៅ​ជា​យ៉ាង​​ណា»​ ៕​