កីឡាករម្ចាស់​ផ្ទះ​បា​រាំង​ ​Gallopin​ឈ្នះ​ដំ​ណាក់​ទី​ 11 Tour de France

ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​គ្រង​អាវ​កាក់​ពណ៌​លឿង​​ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​លើ​តារា​ង​ថិរវេលា​សរុប ​កីឡាករ​បារាំង​ Tony ​Gallopin​ បានយក​​ឈ្នះ​ដំ​ណាក់​​​ទី១១​នៃ​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​​ Tour de  France នៅ​ប្រទេស​បារាំង​ កាលពីថ្ងៃពុធ​ ។ ខណៈ​នៅ​សល់​១០​គី​ឡូ​ម៉ែត្រ​ចូល​ដល់​ទី​ព្រ័ត្រ កីឡាករ​វ័យ​២៦​ឆ្នាំ​​រូប​នេះ​ បាន​ប្រើ​សមត្ថ​ភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​រត់​គេច​​ចេញពី​ក្រុម​អ្នក​ប្រ​ណាំង​នៅ​ផ្លូវ​ចុះ​ចំណោត​ចុង​ក្រោយ​នៃ​ដំ​ណាក់​​ដែល​មាន​ចម្ងាយ​ ១៨៧​,៥​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង ​​Besa​-ncon​ ឆ្ពោះ​ទៅ​កាន់​​ទី​ក្រុង Oyonnax​ ។

ទោះបី​ជា​ត្រូវ​​បានដេញ​តាម​យ៉ាង​ប្រ​កៀក​ប្រ​កិត​ពី​កីឡាករ​២-៣​នាក់​ក៏​ដោយ ប៉ុន្តែ​អ្នក​ជិះ​កង់​ឱ្យ​ក្រុម Lotto-Belisol ​រូប​នេះ​បាន​វាយ​បក​វិញ​នៅ​ចម្ងាយ​ផ្លូវ​៣គី​ឡូ​ម៉ែត្រ​ចុង​ក្រោយ​ និង​ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​ស្រុង ។ គេ​បាន​ប្រើ​អស់​ថិរវេលា ៤ម៉ោង២៥​​នា​ទី​និង៤៥​វិ​នា​ទី​ នាំ​មុខ​កីឡាករ​អា​ល្លឺ​ម៉ង់ John Degenkolb ជិះ​ឱ្យ​ក្រុម Team​ Giant-Shimano និង​កីឡាករ​អុីតា​លី ​Matteo​ Trentin ​ជិះ​ឱ្យ​ក្រុម Omega Pharma-Quick Step ។

ចំណែក​កីឡាករ ​Vincenzo Nibali ​បញ្ចប់​ការ​ប្រ​​ណាំង​ដោយ​សុវត្ថិ​ភាព​ក្នុង​លំ​ដាប់​ទី​២០​ ប៉ុន្តែ​នៅ​បន្ត​គ្រប់​គ្រង​អាវ​កាក់​ពណ៌​លឿង​ដដែល ខណៈ​កីឡាករ​អូ​ស្ត្រា​លី​ Richie Porte ​ស្ថិត​នៅ​លំ​ដាប់​ទី​២​នាំ​មុខ​ Alejandro Valverde ​ដែល​ស្ថិត​នៅ​លំ​ដាប់​ទី​៣​ ។

​​​សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour de France​​ ឆ្នាំ​នេះ​មាន​២១​​ដំណាក់​លើ​ចម្ងាយ​ផ្លូវ​សរុប​៣៦៦៣​,៥គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំណាក់​ទី​១២​នៅ​ថ្ងៃ​ស្អែក​​មាន​ចម្ងាយ​ផ្លូវ​១៨៥,៥​​គីឡូ​ម៉ែត្រ​​នឹង​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Bourgen Bresse ​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Saint-Étienne ប្រ​​ទេស​បា​រាំង​ ៕